ស្ថានភាពទៅរកសង្គ្រាមអាមេរិក-អ៊ីរ៉ង់កាន់តែផុយស្រួចខណៈមន្ទីរប៉ុងតាហ្គោន ប្រាប់លោកត្រាំអំពីផែនការសង្រ្គាម

ដំណើររុលទៅកាន់សមរភូមិរវាង អាមេរិកនិងអ៊ីរ៉ង់ ដែលគេហៅថា សមភូមិឈូងសមុទ្រពែក្យ មើលទៅជៀសមិនអាចជៀសរួចទេបើភាគីទាំងពីរមិនអាចរកដំណោះស្រាយជាមួយគ្នាបានក្នុងពេលឆាប់ៗនេះ។ 

ទស្សនាវដី TIME របស់អាមេរិក បានចុះផ្សាយនូវរបាយការណ៍របស់ខ្លួនថា មន្ទីរប៉ុងតាហ្គោន កំពុងរៀបចំដាក់បង្ហាញផែនទីចង្អុលផ្លូវទៅរកសង្គ្រាម វាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ ដល់លោកប្រធានាធិបតីដូណាល់ត្រាំ នៅថ្ងៃសុក្រទី២០កញ្ញានេះ។ ប្រភពដដែល បញ្ជាក់ថា អ្នកជំនាញយោធានឹងពន្យល់លោកត្រាំ អំពីយុទ្ធវិធីនៃសង្រ្គាម ដែលរំពឹងថា លោកត្រាំអាចនឹងធ្វើការពិចារណា ដើម្បីត្រៀមធ្វើសង្រ្គាម។

នៅក្នុងកិច្ចប្រជុំនៅមន្ទីរប៉ូងតាហ្គោន លោកត្រាំនឹងបានឃើញនឹងភ្នែកអំពីទីតាំងលើប្រទេសអ៊ីរ៉ង់ ដែលកងទ័ពអាមេរិក អាចវាយសន្ធប់តែម្ដង ហើយការវាយមួយដែលមានប្រៀបគឺវាយប្រហារតាមអាកាស។ ប៉ុន្តែអ្នកជំនាញក៏បានព្រមានថា បើផ្ទុះសង្រ្គាមជាមួយអ៊ីរ៉ង់គឺសង្រ្គាមនឹងមានវិសាលភាពធំធេង។

កាលពីថ្ងៃទី១៤កញ្ញា មានការវាយប្រហារមួយកើតឡើង ទៅលើ រោងចក្រចម្រាញ់ប្រេងចំនួន២កន្លែង លើទឹកដីនៃប្រទេសអារ៉ាប៊ីសាវអូឌិត។ ព្រឹត្តការណ៍នេះ អាមេរិក ផ្ដើមចោទមុខគេ ទៅលើ ប្រទេសអ៊ីរ៉ង ទោះជា ពួកឧទ្ទាមហួតទីនៃប្រទេសយេម៉ែន ចេញមុខទទួលស្គាល់ថាជាស្នាដៃរបស់ខ្លួនក៏ដោយ។

រដ្ឋមន្ត្រីការបរទេសអាមេរិក MIKE POMPEO ភ្លាមៗបានមកជាន់ទឹកដីអារ៉ាប៊ីសាអូឌីត ហើយក្រោយពីទៅពិនិត្យកន្លែងកើតហេតុជាមួយអ្នកជំនាញរបស់លោក  លោក បានទម្លាក់ការទទួលខុសត្រូវទៅ លើប្រទេសអ៊ីរ៉ង់ ដោយចាត់ទុកការវាយប្រហារនេះថា ជាអំពើនៃសង្គ្រាមតែម្ដង។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក POMPEO បន្តចោទអ៊ីរ៉ង់ថាជាអ្នកវាយប្រហារ ដែលសកម្មភាពនេះ មិនគួរអត់ឱនឡើយ។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតលោកតួគីអាល់ម៉ាលីគី បានដាក់បង្ហាញ នូវបំណែករបស់ដ្រូននិងគ្រាប់មីស៊ីលដែលបានវាយប្រហារលើប្រទេសរបស់លោក។

លោកថា ដ្រូនដល់១៨គ្រឿង និងមីស៊ីលខ្នាតតូចចំនួន៧គ្រាប់ បានប្រើវាយប្រហារកាលពីថ្ងៃទី១៤កញ្ញាលើទីតាំងប្រេងទាំង២កន្លែង។ ដ្រូននិងមីស៊ីលទាំងនេះគឺបានហោះនិងបាញ់ចេញមក គឺពុំមែនមកពីយេម៉ែនឡើយ។

តែបែបនេះក្ដី ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតអះអាងនៅថ្ងៃនេះ ថា ការវាយប្រហារនេះ  គឺចេញមកពីភាគខាងជើងនៃប្រទេសអ៊ីរ៉ង់ ។

អារ៉ាប៊ីសាវអូឌិតថា«រាល់ជំរើសស្ថិតនៅលើតុ» ។ព្រះអង្គម្ចាស់ហ្វាយសាល់ ប៊ីន ហ្វាហាន អាល់-សោត នៃប្រទេសអារ៉ាប៊ីសាវអូឌិតមិនបានទាត់ចោលជម្រើសនៃការវាយប្រហារសងសឹកលើអ៊ីរ៉ង់ នោះទេ ។

ក្នុងពេលជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយថាអារ៉ាប៊ីសាវអូឌីតមានសិទ្ធិការពារខ្លួនទល់នឹងការវាយប្រហារដូចនេះ។តែលោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានព្រមានភ្លាមៗថា ការវាយប្រហារណាមួយ គឺមិនថាឡើយពីសំណាក់អារ៉ាប៊ីសាវអូឌីត អាចនឹងនាំអោយផ្ទុះសង្គ្រាមពេញទំហឹងនៅមជ្ឈិមបូព៌ា។

លោករដ្ឋមន្ត្រី ចាវ៉ាត ហ្សារីហ្វ បានបង្ហាញអំនួត ថា «ប្រជាជនអ៊ីរ៉ង់នឹងមិនរួញរាក្នងការការពារទឹកដីរបស់ខ្លួន ដោយត្រូវប្រយុទ្ធអោយនៅសល់ទាហានអាមេរិកតែម្នាក់ចុងក្រោយ ។ លោកថា នេះ ជាសង្រ្គាម ឈ្លានពាន។

យ៉ាងណា លោកហ្សារីហ្វ បានបន្ទន់ជំហរវិញថា អ៊ីរ៉ង់មិនចង់ធ្វើ សង្គ្រាមណាមួយទេ គឺអ៊ីរ៉ង់មានបំណងទៅរកតុចរចា អោយតែអាមេរិក យល់ព្រមទទួលយក កិច្ចព្រមព្រៀងនុយគ្លេអ៊ែរឆ្នាំ២០១៥មកអនុវត្តឡើងវិញ ដែលលោកថាលោកប្រធានាធិបតីត្រាំទេជាអ្នកហែកវាក្រវែងចោលកាលពីឆ្នាំ២០១៧។

យ៉ាងណា ចំពោះសកម្មភាពទៅរកសង្រ្គាមនេះ ពួកមន្ត្រីអាមេរិកកំពុងខ្វែងគំនិតគ្នាគឺខាងបក្សប្រជាធិបតេយ្យ ដែលមានសំឡេងច្រើននៅក្នុងរដ្ឋសភា បានទាមទារអោយលោកត្រាំអត់ធ្មត់ ដោយមិនត្រូវ ប្រកាសសង្រ្គាមដោយឯកតោភាគីនោះទេ។ ចំណែកបក្សសាធារណៈរដ្ឋដែលគ្រប់គ្រងអាសនៈព្រឹទ្ធសភា ដ៏មានអំណាច បានប្រាប់លោកត្រាំអោយសិក្សាអំពីអំណាចរបស់ប្រធានាធិបតី ដែល ប្រធានាធិបតីGorge W. Bush ប្រើប្រាស់សិទ្ធិវាយប្រហារលើប្រទេសអ៊ីរ៉ាក់កាលពីឆ្នាំ២០០៣ ដើម្បីបញ្ចប់របបផ្ដាច់ការរបស់លោកប្រធានាធិបតីសាមដាហូសេន៕  

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.