ស្ថាបនិកអង្គការមាតាធម្មជាតិស្នើឱ្យរដ្ឋាភិបាលលុបឈ្មោះចេញពីបញ្ជីខ្មៅ

ស្ថាបនិកអង្គការចលនាមាតាធម្មជាតិ លោក អាឡិច ហ្គន់សាឡេស ដាវិដសុន (Alejandro Gonzalez Davidson)  ស្នើអោយរដ្ឋាភិបាល តាមរយៈរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ឱ្យលុបឈ្មោះលោកចេញពីបញ្ជី ហើយអនុញ្ញាតអោយលោកត្រលប់ទៅកាន់កម្ពុជាវិញដើម្បីចូលរួមចំណែកការពារធនធានធម្មជាតិកម្ពុជាបន្តទៀត។

ការស្នើនេះ ក្រោយពេលតុលាការខេត្តកោះកុងកាលពីថ្ងៃម្សិលមិញ បានសម្រេចអោយលោករួចផុតពីបទចោទប្រកាន់ទាំងឡាយ ក្នុងសំណុំរឿងការពារធនធានធម្មជាតិកន្លងមក ដោយតុលាការមិនបានបញ្ជាក់ពីមូលហេតុនោះឡើយ។

សកម្មជនបរិស្ថានតំបន់អារ៉ែងជនជាតិអេស្ប៉ាញ លោក អាឡិច ត្រូវបានតុលាការខេត្តកោះកុងបានចោទប្រកាន់ ពីបទ «សមគំនិតក្នុងបទគំរាមកំហែងធ្វើឱ្យខូចខាតដោយភ្ជាប់នូវបញ្ជាអ្វីមួយ» ដែលប្រព្រឹត្ត នៅចំណុចភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុងកាលពីអំឡុងខែកក្កដា និងសីហា ឆ្នាំ២០១៥។

សំណុំរឿងចោទប្រកាន់លើសកម្មជនបរិស្ថានរូបនេះ ត្រូវបានតុលាការខេត្តកោះកុង លើកយកមកជំនុំជម្រះកាលពីថ្ងៃទី៣០ ខែកក្កដាកន្លងមកនេះ ប៉ុន្តែសាលក្រមត្រូវបានលើកពេល ហើយយកមកប្រកាសកាលថ្ងៃម្សិលមិញ។

ស្ថាបនិកអង្គការចលនាមាតាធម្មជាតិរូបនេះ បានលើកឡើងនៅលើគណនេយ្យហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះថា វារឿងអស្ចារ្យនិងស្ទើរតែមិនដែលជួបប្រទះ នៅពេលដែលចៅក្រមជំនុំជម្រះនៃតុលាការខេត្តកោះកុង បានសម្រេចអោយលោករួចផុតពីបទចោទប្រកាន់។ លោកបន្តថា អ្វីដែលអាជ្ញាបានចោទប្រកាន់មកលើលោកក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ គ្មានមូលដ្ឋានច្បាស់លាស់នោះឡើយ។

សកម្មជនបរិស្ថានតំបន់អារ៉ែងដដែល ត្រេកអរដំណឹងដ៏ល្អមួយនេះ ប៉ុន្តែលោកបង្ហាញការសោកស្តាយជាខ្លាំងដែលលោកនូវតែមិនទាន់អាចវិលត្រលប់មកកាន់កម្ពុជាវិញដរាបណា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង មិនលុបឈ្មោះលោកចេញពីបញ្ជីខ្មៅនោះ។

ស្ថាបនិកអង្គការចលនាមាតាធម្មជាតិ លោក អាឡិច ត្រូវបានអាជ្ញាធរកម្ពុជាចាប់បញ្ជូនចេញពីប្រទេសកម្ពុជាកាលពីខែកុម្ភៈ ឆ្នាំ២០១៥កន្លងមក ហើយរដ្ឋាភិបាលសម្រេចដាក់ក្នុងបញ្ជីខ្មៅជាជនបរទេសដែលមិនអាចត្រឡប់មកកម្ពុជាបាន។

ជាមួយគ្នានេះ កន្លងមកលោក អាឡិច ធ្លាប់ស្នើឱ្យតុលាការទម្លាក់បទចោទប្រកាន់លើអតីតសកម្មជនចលនាមាតាធម្មជាតិ ៣នាក់ផ្សេងទៀត ដែលត្រូវបានតុលាការខេត្តកោះកុងចោទប្រកាន់បទល្មើសដូចគ្នានឹងលោកដែរ ដែលលោកថា ដើម្បីរួចផុតពីការពិន័យប្រាក់របស់តុលាការ។

អតីតសកម្មជនចលនាមាតាធម្មជាតិ ៣នាក់ មានលោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និងលោក ស៊ីម សំណាង ត្រូវបានចាប់ឃុំខ្លួន កាលពីខែសីហា ឆ្នាំ២០១៥ ដោយចោទប្រកាន់ពីបទគំរាមកំហែងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ។ ប៉ុន្តែអ្នកទាំង ៣ ត្រូវតុលាការសម្រេចដោះលែងឲ្យនៅក្រៅឃុំវិញនៅឆ្នាំ២០១៨នេះ ដោយដាក់ឱ្យពួកគេស្ថិតក្រោមការចោទប្រកាន់ពីតុលាការនៅឡើយ៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.