អភិបាលខេត្តព្រះសីហនុ បញ្ជាឱ្យរុះរើអគារជនចិនចំនួន២ កន្លែងជាបន្ទាន់ក្រោយឃើញភាពស្រុត និងប្រេះស្រាំ

អាជ្ញាធរខេត្តព្រះសីហនុ បានបញ្ជាជាបន្ទាន់ឱ្យក្រុមហ៊ុនសាងសង់ និងម្ចាស់អគារចំនួន២កន្លែង ឱ្យបញ្ឈប់ការសាងសង់ និងត្រូវរុះរើចេញជាបន្ទាន់។

ការបញ្ជានេះ ក្រោយពេលអាជ្ញាធរខេត្តអះអាងថាអគារនោះ សាងសង់ឡើងដោយខុសច្បាប់ ខុសបច្ចេកទេស និង មានភាពបាក់ស្រុត ព្រមទាំងប្រេះស្រាំនូវផ្នែកខ្លះផងដែរ។

ទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃនេះ បានឱ្យដឹងថា កាលពីថ្ងៃម្សិលមិញអាជ្ញាធរខេត្តព្រះសីហនុបានបើកកិច្ចប្រជុំ ស្តីពីសំណង់អគារស្រុត និងប្រេះស្រាំ ទ្រេត ក្នុងក្រុងព្រះសីហនុជាបន្ទាន់មួយ ជាមួយម្ចាស់សំណង់ចំនួន០២ ក្នុងនោះសំណង់របស់ជនជាតិចិន លោក ស៊ូ ហ្វូពីង ZHU FUBING មានទីតាំងស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ គឺមានភាពស្រុត និងប្រេះស្រាំ។

ដោយឡែកអគារសំណង់របស់លោក MA SHUNDI ស្ថិតនៅភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ មានភាពទ្រេតខ្លាំង។

អភិបាលខេត្តព្រះសីហនុលោក គួច ចំរើន អះអាងថា ដោយមើលឃើញពីផលប៉ះពាល់ធ្ងន់ធ្ងរនៃគុណភាពសំណង់ទាំងពីរនេះ អាជ្ញាធរ ខេត្ត មិនអនុញ្ញាតអោយដំណើរការសាងសង់ និងដាក់ឲ្យប្រើប្រាស់នោះឡើយ ព្រោះវាអាចបង្កហានិភ័យដល់ពលរដ្ឋ ក៏ដូចជាបុគ្គលិកបំរើការងារនៅក្នុងអគារផងដែរ។

លើសពីនេះទៅទៀត អភិបាលខេត្តរូបនេះ ក៏បានណែនាំឱ្យម្ចាស់អគារទាំងពីរ ត្រូវចូលរួមរុះរើសំណង់របស់ខ្លួនជាបន្ទាន់ ដើម្បីបញ្ចៀសបញ្ហាណាមួយកើតឡើងបន្តទៀត។

ជាមួយគ្នានេះ ម្ចាស់សំណង់អគារជនជាតិចិនទាំងពីរនោះ យល់ព្រមរុះរើសំណង់របស់ខ្លួនភ្លាមៗ ប៉ុន្តែស្នើរសុំរដ្ឋបាលខេត្តជួយ សិក្សាបច្ចេកទេស និងលិខិតអនុញ្ញាតសាងសង់វិញ និងសុំពន្យាពេលកិច្ចសន្យា តម្លៃនៃការជួលដីដល់ពួកគាត់ផង ។

ក្រៅពីបញ្ជាឱ្យរុះរើ អាជ្ញាធរខេត្តក៏បានចេញសេចក្តីជូនដំណឹងឱ្យពលរដ្ឋរស់នៅក្បែរតំបន់អគារដែលមានសភាពទ្រេត ត្រូវនាំគ្នាជម្លៀសចេញជាបន្ទាន់ ព្រោះសំណង់អគារនោះ ត្រូវបានមន្ត្រីបច្ចេកទេស នៃក្រសួងដែនដី ពិនិត្យឃើញថា សំណង់មានហានិភ័យខ្លាំង ។

កាលពីថ្ងៃទី ២២ មិថុនា អគារវិនិយោគរបស់ជនជាតិចិនមួយកន្លែងនៅក្រុងព្រះសីហនុកម្ពស់៧ជាន់ ត្រូវបានបាក់រលំ បណ្តាលឱ្យពលរដ្ឋខ្មែរចំនួន២៨នាក់ស្លាប់ និង២៦នាក់ទៀតរងរបួសធ្ងន់ស្រាល។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសក្នុងគ្រាប្រតិបត្តិការជួយសង្រ្គោះ និងរុករកជនរងគ្រោះពេលនោះថា ការបាក់រលំអគារពេលនោះ គឺជាសោកនាដកម្មរបស់ជាតិ ហើយលោកក៏បានបញ្ជាឱ្យលោក ជា សុផារ៉ា ត្រូវធ្វើការងារនេះជាបន្ទាន់ ដោយត្រូវណែនាំទៅសំណង់ដែលសាងសង់ទាំងអស់នៅខេត្តនេះ ត្រូវផ្អាកជាបន្ទាន់ ដោយរង់ចាំការត្រួតពិនិត្យភាពស្របច្បាប់ និងបច្ចេកទេសជាមុនសិន។

លោកហ៊ុន សែន បានសច្ចាពេលនោះថា នឹងមិនបណ្តោយឱ្យមានសោកនាដកម្មបែបនេះ កើតឡើងនៅកម្ពុជាទៀតឡើយ៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.