អាមេរិកបញ្ជានាវាចម្បាំងទៅកាន់សមុទ្រខណៈចិនគំរាមតៃវ៉ាន់

ក្រសួងការពារជាតិអាមេរិក បានបញ្ជាអោយនាវាចម្បាំងមួយគ្រឿងរបស់ខ្លួនបើកឆ្លងកាត់ ច្រកសមុទ្រកោះតៃវ៉ាន់ ដែលជាការព្រមានក្រុងប៉េកាំង កុំអោយមានការលុកលុយ កាន់កាប់កោះតៃវ៉ា បន្ទាប់ពីអាជា្ញធរក្រុងតៃប៉ិះ បានសម្រេចទិញយន្តហោះ ចម្បាំងអាមេរិក ចំនួន៦៦គ្រឿង គឺយន្តហោះ F-16 សេរីថ្មីក្នុងតម្លៃសរុប ៨ពាន់លានដុល្លារ។

បណ្ដាញផ្សាយព័ត៌មាន Channel News  Asia  បានចុះផ្សាយនៅថ្ងៃសុក្រទី២៣ ខែសីហានេះថា នាវាចម្បាំងអាមេរិកមួយគ្រឿងនេះមានឈ្មោះថា USS Green Bay  កំពុងបើកឆ្លងឆ្ពោះទៅច្រកសមុទ្រតៃវ៉ាន់នៅថ្ងៃនេះ។

អ្នកសង្កេតការណ៍មើលឃើញថា កងទ័ពអាមេរិក នៅរយៈពេលចុងក្រោយនេះ បានបង្កើន វត្តមាន នាវាចម្បាំងរបស់ខ្លួន ជាច្រើនគ្រឿង បើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ គឺនៅពេល ចិនគំរាម តៃវ៉ាន់ កុំអោយទិញអាវុធ ពីអាមេរិក ដែលក្រុងប៉េកាំងថា តៃវ៉ាន់ គឺជាខេត្តមួយរបស់ចិន ហើយចិនអាចយកមកកាន់កាប់វិញដោយអនុវត្តគោលនយោបាយ ប្រទេសមួយប្រព័ន្ធពីរ។

កាលពីចុងខែកក្កដា ក្រុងប៉េកាំងបាន ព្រមាន ថាខ្លួនបានត្រៀមរួចហើយ ដើម្បីធ្វើសង្រ្គាម បើកោះតៃវ៉ាន់ប្រកាសខ្លួនជារដ្ឋឯករាជ្យ។

ទោះជាបែបនេះក្ដី ក្រុងតៃប៉ិះ និងក្រុងវ៉ាស៊ីនតោន បានឈានដល់ការព្រមព្រៀងគ្នាជាផ្លូវការក្នុងការទិញអាវុធ របស់អាមេរិក ជាថ្មីទៀតសម្រាប់ឆ្នាំ ២០១៩ ដែលជាសេចក្ដីត្រូវការរបស់ក្រសួងការពារជាតិតៃវ៉ាន់។

ស្ត្រីអ្នកនាំពាក្យ សម្រាប់កងនាវាទី៧ នៃក្រសួងការពារជាតិអាមេរិក Reann Mommsen និយាយថា នាវានោះកំពុងបោះពួយឆ្ពោះទៅកាន់សមុទ្រតៃវ៉ាន់ ដែលលោកស្រីថា ទីនោះ ជាដែនទឹកអន្តរជាតិ។

ក្រុងវ៉ាស៊ីតុន ពុំមានទំនាក់ការទូតជាផ្លួវការជាមួយក្រុងតៃប៉ិះនោះទេ ប៉ុន្តែតៃវ៉ាន់គឺជាសម្ព័ន្ធរបស់អាមេរិក តាំងពីតៃវ៉ាន់ បានបំបែកខ្លួន ពីចិន ដោយសារសង្រ្គាមស៊ីវិលនៅ ឆ្នាំ១៩៤៩។ ចាប់តាំងពីនោះ មក  អាមេរិក ជាប្រទេសតែមួយគត់ ដែលតៃវ៉ាន់ជ្រើសរើសដើម្បីទីញអាវុធមកការពារដែនកោះរបស់ខ្លួនទប់ទល់នឹងមហាយក្សចិន។

កាលពីសប្ដាហ៍មកនេះ អាមេរិកបានបញ្ជាអោយនាវាចម្បាំងរបស់ខ្លួនចំនួនពីរគ្រឿង បើកទៅ សមុទ្រហុងកុង ហើយត្រូវចតនៅទីនោះប៉ុន្តែចិន បដិសេធ ដោយសំអាងថា ក្រុងហុងកុងកំពុងកើតចលាចល បះបោរប្រឆាំងរដ្ឋអំណាចក្រុងហុងកុង។

អាមេរិកបានប្រកាសថាខ្លួនមិនអស់ចិត្តនឹងការបដិសេធនេះទេ ហើយ ក៏សម្រេច បញ្ជានាវាមួយគ្រឿងនេះ ឆ្ពោះទៅច្រកសមុទ្រតៃវ៉ាន់ ស្របពេលដែល ចិនគំរាមប្រឆាំងតៃវ៉ាន់រឿងទិញយន្តហោះ F-16 ចំនួន ៦៦គ្រឿង ពីអាមេរិក៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.