អ្នកវិភាគមើលឃើញថា លោកហ៊ុន សែន មិនអាចពឹងចិនជួយរឿងEBA បាន ទើបងាកទៅពឹងជប៉ុនឱ្យជួយបន្ថែម

អ្នកវិភាគលោក គឹម សុខា អះអាងថា ក្នុងរយៈពេលចុងក្រោយនេះ លោក ហ៊ុន សែន ហាក់មិនសូវមានសង្ឃឹមលើចិន ជួយកម្ពុជារឿងបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុបឡើយ។

ការលើកឡើងនេះ ក្រោយពេលរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានស្នើសុំឱ្យឯកអគ្គរាជទូតចប់អាណត្តិរបស់ជប៉ុន លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា (HORINOUCHI Hidehisa) ជួយនិយាយជាមួយបណ្តាប្រទេសមួយចំនួនក្នុងសហគមន៍អឺរ៉ុប ដើម្បីបានយល់ពី «ស្ថានភាពពិត» នៅកម្ពុជា ដើម្បីឈានទៅបញ្ចៀសការដកហូតប្រព័ន្ធអនុគ្រោះពន្ធEBA មកលើកម្ពុជា។

ការលើកឡើងរបស់លោក ទៀ បាញ់  ក្នុងឱកាសមន្ត្រីការទូតជាន់ខ្ពស់របស់ជប៉ុនប្រចាំកម្ពុជារូបនេះ ចូលជួបលោក ទៀ បាញ់ ដើម្បីជម្រាបលាក្នុងអាណត្តិជាឯកអគ្គរាជទូតរបស់ខ្លួននៅកម្ពុជាកាលពីសប្តាហ៍                មុន។

លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា បានបំពេញបេសកកម្មជាឯកអគ្គរាជទូតរបស់ជប៉ុនប្រចាំកម្ពុជា រយៈពេល៣ឆ្នាំ ហើយលោកនឹងបន្តទៅធ្វើជាឯកអគ្គរាជទូតរបស់ជប៉ុនប្រចាំប្រទេសហូឡង់ ដែលជាប្រទេសសមាជិកសហភាពអឺរ៉ុប។

ការស្នើនេះ ត្រូវបានអ្នកវិភាគនយោបាយដែលកំពុងរស់នៅក្រៅប្រទេស លោក កឹម សុខ បានលើកឡើងលើគណនេយ្យហ្វេសប៊ុករបស់លោកថា លោក ហ៊ុន សែន លែងសូវមានរំពឹងលើចិនជួយរឿងEBA ទើបងាកទៅអង្វរជប៉ុនឲ្យជួយបន្ថែមជុំវិញបញ្ហានេះ។

លោកមើលឃើញថា រដ្ឋាភិបាលលោកហ៊ុន សែន ដូចជាទ័លច្រកផ្នែកការទូត ដោយឃើញបញ្ជូនក្រុមមន្ត្រីជាន់ខ្ពស់ចេញមុខជាចំហខ្លះ និងមិនចំហខ្លះ ទៅទាក់ទងឲ្យសហភាពអឺរ៉ុប កុំឱ្យព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA មកលើកម្ពុជា។ លោកថា បញ្ហា EBA ដែលនឹងឈានទៅរកភាពបាត់បង់នេះ គឺលោក ហ៊ុន សែន ជាអ្នកបង្កើតជាបញ្ហាឲ្យបាត់ ដើម្បីការពារអំណាចរបស់ខ្លួន ដោយសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា ហើយនៅពេលដំណាក់កាលធ្ងន់ធ្ងរបែបនេះ ក្រុមលោក ហ៊ុន សែន គឺចេញមុខអង្វរប្រទេសនេះឬប្រទេសនោះត្រង់ៗ ឲ្យជួយនិយាយជាមួយអឺរ៉ុបតែម្តង។

យ៉ាងណាក៏ដោយ លោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់របស់លោក ធ្លាប់អះអាងក្តែងៗហើយថា រដ្ឋាភិបាលរបស់លោកនឹងមិនអោន    ក្បាលចំពោះការគាបសង្កត់ ឬ គំរាមកំហែងពីបរទេស ដើម្បីជាថ្នូរនឹងការអនុគ្រោះណាមួយឡើយ។ បន្ថែមពីនេះ រដ្ឋាភិបាលលោកហ៊ុន សែន ក៏បានប្រកាសអំពីកំណែទម្រង់ប្រព័ន្ធ គ្រប់គ្រង ដើម្បីពង្រឹងឯករាជ្យភាព ពិសេសពង្រឹងផ្នែកសេដ្ឋកិច្ចដើម្បីឆ្លើយតបទៅនឹងការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុបផងដែរ។

ទោះបីជាយ៉ាងនេះក្តី កាលពីថ្ងៃទី ១២ ខែសីហា សមាគមរោងចក្រកាត់ដេរនៅកម្ពុជាឬ ហៅថា GMAC បានបង្ហាញក្តីកង្វល់របស់ខ្លួនជាខ្លាំងដោយថា ការបាត់បង់ EBA ប៉ះពាល់ជាបឋមដល់ផលប្រយោជន៍ កម្មករ-កម្មការិនីខ្មែរជិត១លាននាក់ (៧៥០ ០០០នាក់) ប៉ះពាល់ដល់ជីវភាពពលរដ្ឋខ្មែរដោយប្រយោលប្រមាណ ៣លាននាក់ ដែលពឹងផ្អែកលើការងារកូនៗនៅរោងចក្រ។

លោក គឹម សុខ មើលឃើញថា ការបង្កើតបញ្ហាឲ្យកម្ពុជាឈានទៅបាត់បង់EBAតាមរយៈនយោបាយអំណាចរបស់លោក ហ៊ុន សែននោះ សហភាពអឺរ៉ុបនឹងយកផលប្រយោជន៍កិច្ចព្រមព្រៀងប្រហែលនេះ ទៅឲ្យវៀតណាមផងដែរ។

អ្នកវិភាគនយោបាយរូបនេះ ធ្លាប់លើកឡើងថាបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA គឺស្ថិតនៅលើដៃលោក ហ៊ុន សែន តែម្នាក់គត់ ព្រោះវិធានការសហភាពអឺរ៉ុប ដើម្បីជំរុញឲ្យកម្ពុជាវិលចូលគន្លងប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឱ្យបានត្រឹមត្រូវឡើងវិញ តាមលក្ខខណ្ឌរបស់ពួកគេ។

សហរដ្ឋអាមេរិក ក៏ធ្លាប់បានដាស់តឿនកម្ពុជាអំពីបញ្ហានេះ ដោយថាការធ្វើតាមការចង់បានរបស់អឺរ៉ុប វាជាមាគ៌ាដើម្បីបញ្ចៀសនូវការដកហូតឬ ព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBAឱ្យផុត។

អាមេរិកបានណែនាំអ្នកនយោបាយខ្មែរ ថាគប្បីតម្កល់ផលប្រយោជន៍ជាតិ ឱ្យធំជាងផលប្រយោជន៍នយោបាយឬ ផលប្រយោជន៍ផ្ទាល់ខ្លួន៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.