31 C
Phnom Penh

មន្ត្រីកាំកុងត្រូលខេត្តស្វាយរៀងរកឃើញម្ហូបអាហារហួសកាលបរិច្ឆេទប្រើប្រាស់ជាច្រើន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្រ្តីកាំកុងត្រូលខេត្តស្វាយរៀង កាលពីថ្ងៃអង្គារ បានរកឃើញទឹកដោះគោជាច្រើនកំប៉ុងហួសកាលបរិច្ឆេទប្រើប្រាស់និងមីស្រាតគ្មានសំបក វេចខ្ចប់ត្រឹមត្រូវដែលផលិតនៅប្រទេសវៀតណាមជាច្រើនថែមទៀត។

សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីលោកម៉ាន់ សុខន អនុប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង ចុះផ្សាយថា ការទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារគឺជាការទទួលខុសត្រូវរួមគ្នាទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ។

ជាងនេះទៅទៀត លោកបានអំពាវនាវដល់ពលរដ្ឋទាំងអស់ត្រូវមាន ការប្រុងប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញា កាលបរិច្ឆេទប្រើប្រាស់ឱ្យបានច្បាស់លាស់មុនទិញយកទៅបរិភោគ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូលនឹងបន្តចុះពិនិត្យទំនិញនៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឱ្យបានញឹកញាប់បន្ថែមទៀត។

ពាក់ព័ន្ធនឹងបញ្ហាទំនិញ ឬម្ហូបអាហារហួសកាលបរិច្ឆេទប្រើប្រាស់នេះ ក្រុមអ្នកឃ្លាំមើលនិយាយថា ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់មិនត្រឹមតែកំពុងដាក់លក់នៅតាមទីផ្សារក្នុងទីជនបទប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែនៅតាមផ្សារទំនើបក្នុងទីក្រុងភ្នំពេញ ដូចជាផ្សារអ៊ីអនEon Mall ក៏មានដាក់លក់ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់រាប់មិនអស់ដែរ ហើយបញ្ហានេះកំពុងធ្វើប៉ះទង្គិចដល់សុខភាពរបស់មនុស្ស ខណៈពលរដ្ឋខ្មែរជាច្រើននៅខ្វះការយល់ដឹងអំពីកាលបរិច្ឆេទប្រើប្រាស់លើផលិតផលនៅតាមទីផ្សារនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស