41.3 C
Phnom Penh

លោកហ៊ុន សែន អះអាងថាអឺរ៉ុប បានផ្តល់ប្រាក់ជាង១រយលានដុល្លារសម្រាប់វិស័យជលផលនៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកហ៊ុន សែន អះអាងថា សហភាពអឺរ៉ុបនឹងផ្តល់ថវិកាជាង១០០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ជួយវិស័យជលផលនៅកម្ពុជា។

គេហទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន នៅថ្ងៃនេះ បានលើកឡើងថាក្នុងជំនួបរវាងថ្នាក់ដឹកនាំកម្ពុជា ជាមួយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាដែលផុតអាណត្តិ លោកGeorge Edgar នៅព្រឹកនេះ គឺភាគីទាំងពីរបានពិភាក្សាគ្នាច្រើនអំពីបញ្ហាផ្សេងៗ និងការអភិវឌ្ឍផងដែរ។

លោកហ៊ុន សែន បានអះអាងថា នៅថ្ងៃពុធខាងមុខនេះ សហភាពអឺរ៉ុប នឹងផ្តល់ទឹកប្រាក់ជាង ១រយលានដុល្លារសម្រាប់វិស័យជលផល ដែលជាវិស័យដ៏សំខាន់មួយនៅកម្ពុជា។

លោកហ៊ុន សែន ស្វាគមន៍និងអរគុណចំពោះសហភាពអឺរ៉ុប សម្រាប់ការជួយកម្ពុជាលើវិស័យនេះ ត្បិតជាវិស័យមួយដែលរដ្ឋាភិបាលបានគិតគូរកន្លងមក ហើយលោកហ៊ុន សែនថា ការជួយទៅដល់វិស័យមួយនេះ មានន័យថាជួយដល់ប្រជាពលរដ្ឋកម្ពុជាតែម្តង។

រដ្ឋាភិបាលកម្ពុជាបានសម្រេចលុបចោលនូវឡូត៍នេសាទ ហើយផ្ដល់ឲ្យសហគមន៍ពលរដ្ឋវិញ ដើម្បីជាប្រយោជន៍របស់ប្រជាជនកាលពីឆ្នាំ២០១២។ 

យ៉ាងនេះក្តី វិស័យជលផលនៅកម្ពុជាត្រូវបានគេមើលឃើញថាតាំងពី រដ្ឋាភិបាលសម្រេចលុបចោលឡូត៍នេសាទ ដោយប្រគល់ឱ្យពលរដ្ឋគ្រប់គ្រង និងប្រើប្រាស់វិញមក  គេសង្កេតឃើញវិស័យធនធាន មច្ឆាជាតិកាន់តែហិនហោចទៅៗជាលំដាប់។

ជាក់ស្តែងប្រជានេសាទមួយចំនួននៅខេត្តបាត់ដំបង កំពង់ធំ កំពង់ចាមជាដើម សុទ្ធតែធ្លាប់បានលើកឡើងពីក្តីបារម្ភអំពីវាសនាមច្ឆាជាតិនៅកម្ពុជា ត្បិតធនធានត្រីទឹកសាបកាន់តែថយចុះជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។

ពួកគេបានលើកឡើងអំពីមូលហេតុមួយចំនួនដែលធ្វើឱ្យត្រីហិនហោច ដូចជាការនេសាទដោយប្រើឧបករណ៍ខុសច្បាប់ និងឧបករណ៍កែច្នៃផ្សេងៗ ហើយក៏មានជនជាតិវៀតណាមរករបរទាំងនោះផងដែរ ដោយមានការឃុបឃិតគ្នាជាមួយអាជ្ញាធរពាក់ព័ន្ធ។ ការបាត់បង់ជម្រកព្រៃលិចទឹកយ៉ាងច្រើននាពេលបច្ចុប្បន្ន។

លើសពីនេះកត្តាធម្មជាតិនិងកត្តាមនុស្សផ្សេងទៀត ដូចជាទឹកបឹង ស្ទឹងជាច្រើនត្រូវបានរីងស្ងួត ឬលុបទាំងស្រុង ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតឬ និងថ្នាំសម្លាប់ស្មៅដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅ និងការបន្តពូជរបស់ត្រី រួមទាំងបញ្ហាចរន្តន៍ទឹកឡើងចុះនៅរដូវវស្សាមិនទៀងទាត់ជាដើម។

ក្រៅពីគម្រោងជួយដល់កម្ពុជាលើវិស័យជលផល លោកហ៊ុន សែន អះអាងថា តំណាងមន្ត្រីជាន់ខ្ពស់របស់ EU លោក George Edgar ក៏បានបញ្ជាក់អំពីការជួយទៅដល់បញ្ហាប្រែប្រួលអាកាសធាតុ ស្របពេលដែលកម្ពុជាជាប្រទេសមួយនៅតំបន់អាស៊ីអាគ្នេយ៍ដែលងាយរងគ្រោះដោយការបម្រែបម្រួលអាកាសធាតុនេះ។

មិនតែប៉ុណ្ណោះ EU នឹងបន្តជួយលើវិស័យព្រៃឈើ ដែលបច្ចុប្បន្នជាការងារអាទិភាពរបស់ រដ្ឋាភិបាលកម្ពុជា ក្នុងការប្រឆាំងការកាប់បំផ្លាញព្រៃឈើខុសច្បាប់ផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស