38 C
Phnom Penh

អង្គការ​តម្លាភាព​កម្ពុជា​រកឃើញ​អំពើ​ពុក​រលួយ​នៅ​កម្ពុជា​ធ្លាក់​ចុះជាង​ឆ្នាំ​២០១៧​កន្លង​ទៅ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​ឃ្លាំមើល​អំពើ​ពុករលួយ​អន្តរជាតិ​ចាត់​ទុក​អំពើ​ពុក​រលួយ​របស់​ កម្ពុជា​ស្ថិត​ក្នុង​កម្រិត​អាក្រក់​ទាំង​នៅ​ក្នុង​ចំណោម​បណ្តា​ប្រទេស​ក្នុង​ តំបន់​និង​នៅ​ទូទាំង​សកល​លោក។​

លេខាធិការដ្ឋាន​នៃ​អង្គការ​តម្លាភាព​អន្តរជាតិ​ដែល​មាន​ការិយាល័យ​នៅទី​ក្រុង​ប៊ែរឡាំង ​ប្រទេស​អាល្លឺម៉ង់​ បាន​ចេញ​ផ្សាយ​របាយ​ការណ៍​ស្តីពី​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុក​រលួយ​សម្រាប់​ឆ្នាំ​២០១៨​នៅថ្ងៃ​អង្គារ​នេះឱ្យ​ដឹង​ថា ​កម្ពុជា​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​រៀងទី​១៦១​ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨០​ ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ការ​វាយ​តម្លៃ។​ ហើយ​ពិន្ទុ​របស់​កម្ពុជា​ក៏​បាន​ធ្លាក់​ចុះពី​លេខ​២១​កាលពី​ឆ្នាំ​២០១៧​មក​លេខ​២០​វិញ​ ​នៅ​​ឆ្នាំ​២០១៨។​

របាយ​ការណ៍​ដដែល​បង្ហាញ​ថា ​កម្ពុជា​នៅតែ​ជា​ប្រទេស​ទទួល​បាន​ពិន្ទុ​ទាប​បំផុត​ទី​៣​ក្នុង​ចំណោម​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិច​ និង​នៅ​ក្នុង​តំបន់​អាស៊ាន។​

គេហទំព័រ​របស់​អង្គការ​តម្លាភាព​កម្ពុជា​បាន​ដក​ស្រង់​សម្តី​លោក​​ព្រាប កុល​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ចុះ​ផ្សាយ​ថា​«កម្ពុជា​ត្រូវ​ពន្លឿន​កិច្ច​ខិតខំ​ប្រឹង​ប្រែង​កែ​ទម្រង់​ជាមូលដ្ឋាន ​និង​ជា​រចនា​សម្ព័ន្ធ។​

លោក​បន្ត​ថា ​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុក​រលួយ​ឆ្នាំ​២០១៨​ បញ្ជាក់​ច្បាស់​អំពី​ទំនាក់​ទំនង​រវាង​ការ​មាន​ប្រជា​ធិបតេយ្យ​ល្អ​ពិត​ប្រាកដ​ដែល​ទ្រទ្រង់​ប្រព័ន្ធ​គណនេយ្យ​ភាព​រឹងមាំ​ និង​ប្រសិទ្ធ​ភាព​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ក្នុង​វិស័យ​សាធារណៈ។​  លោក​បន្ត​ថា ​អំពើ​ពុក​រលួយ​កាន់​តែ​រីកលូត​លាស់​ កាល​ណា​មូលដ្ឋាន​គ្រឹះ​​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ ​និង​ប្រព័ន្ធ​សុចរិត​ភាព​មាន​ភាព​ទន់​ខ្សោយ។​

អង្គការ​តម្លាភាព​កម្ពុជា​ក៏បាន​អំពាវ​នាវ​ជាថ្មី​ទៀត​ឱ្យ​អាជ្ញាធរ​កម្ពុជា​គ្រប់​ជាន់ថ្នាក់​ពន្លឿន​ការ​អនុវត្ត​សកម្ម​ភាព​កែ​ទម្រង់​ជា​ប្រព័ន្ធ​ដែល​ជា​ចំណុច​អាទិភាព​​ ធ្វើ​វិសោធន​កម្ម​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ជាពិសេស​ទាក់ទង​នឹង​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ និង​ការ​អនុម័ត​ឱ្យ​បាន​ទាន់​ពេល​វេលា​នូវ​បទ​ប្បញ្ញត្តិ​ដែល​លើក​កម្ពស់​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​សាធារណៈ​ និង​ការ​ពារ​បុគ្គល​ដែល​ជាអ្នក​រាយ​ការណ៍ ​ដែល​ជា​ជំហាន​ចាំបាច់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ។​ ក្រុម​នេះក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​ស្ថាប័ន​ដែល​ទទួល​ខុសត្រូវ​ក្នុង​ការ​លើក​កម្ពស់​នីតិរដ្ឋ ​និង​ដោះស្រាយ​គម្លាត​រវាង​បទ​ប្បញ្ញត្តិ ​និង​ការ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រឆាំង​អំពើ​ពុករលួយ​ ដែល​ជា​វិធាន​ការ​ដ៏​ចាំបាច់។​

អង្គការ​តម្លាភាព​កម្ពុជា​ក៏​បាន​លើក​ឡើង​ដែរ​ថា​ កម្ពុជា​ត្រូវ​ការ​ជា​បន្ទាន់​នូវ​យន្តការ​ធានា​គណ​នេយ្យភាព​ដ៏​គួរ​ឱ្យ​ទុក​ចិត្ត​ ការ​បង្កើត​ប្រព័ន្ធ​ត្រួត​ពិនិត្យ ​និង​ការ​ធានា​តុល្យភាព​អំណាច​ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ជាដើម៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស