The Cambodia Daily Khmer

ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរ ប្រឈមនឹងការរិតបណ្តឹង ព្រោះមានគ្រោះថ្នាក់ចរាចរណ៍ច្រើនពេក

គ្រោះ​ថ្នាក់​រថយន្ត​ក្រុង​ ជា​បន្ត​បន្ទាប់នៅ​តាម​ដង​ផ្លូវ​នៃ​ប្រទេស​កម្ពុជា​ បាន​ក្លាយ​ជា​បញ្ហា​ចោទ​ជា​សំណួរ​អំពី​សុវត្ថិភាព​ ហើយ​ធ្វើឲ្យ​មាន​ការ​ពិភាក្សា​រក​អ្នក ​ដែល​ត្រូវ​បន្ទោសចំពោះ​គ្រោះ​ថ្នាក់​ទាំង​នេះ។ ​ក្រុម​អ្នក​ធ្វើ​យុទ្ធនាការ​សុវត្ថិភាព​តាម​ដង​ផ្លូវ​បាន​អះអាងថាអ្នក​បើកបរ​ទទួលទម្ងន់ការងារលើសម៉ោងចំណែក​ឯបណ្តា​ក្រុមហ៊ុនដឹក​អ្នកដំណើរ​វិញ​ បានបន្ទោស​លើ​ការ​បើកបរ​មិន​ប្រយ័ត្នប្រយែងនិងសំណាង​អាក្រក់​ថាជា​ហេតុផល ​ដែលបណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់ទាំងនេះ។​

លោក​ស្រីសាន់សុជាតាអ្នក​គ្រប់គ្រង​កម្មវិធី​សុវត្ថិភាព​តាម​ដង​ផ្លូវ​នៅ​អង្គការ​ពិការ​អន្តរជាតិបែ៊លហ្សុិកបាន​និយាយ​ថាគេ​ដឹង​យ៉ាង​ច្បាស់​ថាក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ​នានា​បង្ខំ​ឲ្យ​អ្នក​បើកបរ​ធ្វើ​ការ​លើស​ម៉ោង។​

“ប្រសិនបើ​អ្នក​បើកបរ​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​ការ​លើសពី​ប្រាំបី​ម៉ោងក្នុង​មួយ​ថ្ងៃតើ​នោះ​ជា​កំហុស​របស់​អ្នក​បើកបរ​ ឬជា​កំហុស​របស់​ក្រុមហ៊ុន ​[ប្រសិន​បើ​មាន​គ្រោះ​ថ្នាក់​កើត​ឡើង​]?”។

លោក​ស្រីសាន់សុជាតាបាន​ថ្លែង​បន្ថែម​ថាលោក​ស្រី​កំពុង​ធ្វើ​ការ​ជាមួយ​ក្រសួងមហាផ្ទៃ​ និងក្រសួង​សាធារណការនិងដឹកជញ្ជូនដើម្បី​បង្កើត​គោលការណ៍​ណែនាំ​តឹង​រុឹង​សម្រាប់​បណ្តា​ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ​ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ អ្នក​បើកបរ​មិន​ធ្វើការ​លើស​ម៉ោង​ ក៏ដូចជា​បង្កើត​វិន័យ​សម្រាប់ការបណ្តុះបណ្តាល​អ្នក​បើកបរ​ និង​បទដ្ឋាន​សុវត្ថិភាព​សម្រាប់​យានយន្ត។​

កាលពី​ថ្ងៃ​ទី២៨ខែ​កុម្ភៈរថយន្ត​ក្រុង​មួយ​គ្រឿងរបស់​ក្រុមហ៊ុនផារ៉ាម៉ោនអង្គរអុិចប្រេស្ស​ បាន​ក្រឡាប់​ក្រោយ​ពី​ផ្ទុះ​កង់​នៅពេល​ឡើង​ទួល​ បណ្តាលឲ្យ​អ្នក​ធ្វើដំណើរពីរ​នាក់​ស្លាប់និង​៤៥នាក់​ទៀត​រង​របួស​នៅ​ក្នុង​ខេត្ត​កោះកុង​។ក្រុមហ៊ុន​នេះ​បានបន្ទោស​លើ​ផ្លូវ​ចោត​ថាជា​មូល​ហេតុ​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​នេះ។​រថយន្ត​ក្រុង​របស់​ក្រុមហ៊ុន​ វីរៈប៊ុនថាំអុិចប្រេស្សបាន​បុក​គ្នា​ជាមួយ​រថយន្ត​ដឹក​សុីម៉ង់ត៍​កាលពី​ព្រឹកព្រហាម​ថ្ងៃ​អាទិត្យ​ ដោយ​ធ្វើ​ឲ្យ​អ្នក​បើកបរ​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​នោះស្លាប់និងអ្នក​ធ្វើ​ដំណើរ​ប្រាំពីរនាក់​ទៀត​រងរបួស។​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​នេះមិន​បាន​និយាយ​អ្វីទេ​ចំពោះ​គ្រោះថ្នាក់​នេះប៉ុន្តែ​នគរបាល​វិញ​បាន​បន្ទោស​ទៅ​លើ​អ្នកបើកបរ។

បន្ទាប់មក​នៅ​ថ្ងៃ​អង្គាររថយន្ត​ក្រុង​របស់​ក្រុមហ៊ុនរិទ្ធិមុនីដែលជា​ដៃគូរបស់​ក្រុមហ៊ុនផារ៉ាម៉ោនបាន​រអិល​ធ្លាក់ផ្លូវ​ ដោយ​ធ្វើ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ប្រាំបី​នាក់​រង​របួស​ ក្នុង​នោះមាន​ជន​បរទេស​បី​នាក់​ផង​ដែរ។ក្រុមហ៊ុន​នេះ​មាន​តែ​​ពាក្យ​ “សំណាង​អាក្រក់”មកពន្យល់​តែ​ប៉ុណ្ណោះ។

លោកស៊ំុសារ៉ូនអាយុ​៤៤ឆ្នាំ ​ដែល​បើកបរ​រថយន្ត​ក្រុង​អស់​រយៈ​ពេល​២០​ឆ្នាំ​មកហើយបានមា​​​ន​​​ប្រសាសន៍​កាល​ពី​ម្សិល​មិញនេះ​ថា”មាន​អ្នក​បើកបរ​មួយ​ចំនួន​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ ដោយសារ​តែពួក​គេ​ធ្វើការ​ពេល​យប់​ផងនិង​ពេល​ថ្ងៃ​ផង​។ពួកគេ​បើកបរ​ទាំង​បិទ​ភ្នែកពួកគេ​ត្រូវ​តែ​ខំ​បើក​ភ្នែក”។​

លោកស៊ំុសារ៉ូនដែល​បច្ចុប្បន្ន​បើកបរ​ឲ្យ​ក្រុមហ៊ុន​ សុខា​កុមារទេព​អុិចប្រេស្ស​លីមូហ្ស៊ីនបាននិយាយ​ថាលោក​ធ្លាប់បើកបរ​ឲ្យ​ក្រុមហ៊ុនផារ៉ាម៉ោនអង្គរអុិចប្រេស្សប៉ុន្តែ​បាន​ឈប់ធ្វើការ​វិញ​ក្រោយ​ពី​ការ​តវ៉ា​របស់​គាត់ចំពោះ​ការ​ងារ​លើស​ម៉ោង​មិន​មាន​អ្នក​ណា​អើពើ។

លោក​បាន​និយាយ​ថាវា​ជា​រឿង​ធម្មតាទេ​ សម្រាប់​អ្នក​បើកបរ​នៅ​ក្រុម​ហ៊ុន​មួយ​ចំនួន​ ដែលនឹង​បើកបរ​ពី​ភ្នំពេញទៅ​ខេត្ត​សៀម​រាប​តែ​ប្រាំ​ម៉ោងហើយ​ត្រលប់​មក​វិញ​ បន្ទាប់មក​ត្រូវ​ក្រុមហ៊ុន​ឲ្យ​បើកបរ​ត្រឡប់​ទៅ​ខេត្ត​សៀមរាប​វិញ​ទាំងយប់ក្នុង​ថ្ងៃ​ដដែល​នោះសរុប​ទៅ​គឺ​វិល​ទៅ​វិល​មក​បី​ជើង។​

គាត់បាន​និយាយ​ថា”ថ្ងៃ​ខ្លះមាន​អ្នក​ធ្វើ​ដំណើរ​ច្រើនដូច្នេះ​ហើយ​ថៅកែ​បាន​បំពាន​ច្បាប់​ ពួកគេ​មិន​គោរព​តាម​វិន័យ​ទេ”។​គាត់បាន​និយាយ​បន្ថែម​ថាថៅកែ​បច្ចុប្បន្ន​របស់គាត់មិន​បង្ខំ​ឲ្យ​អ្នក​បើកបរ​ធ្វើការ​លើស​ម៉ោង​នោះទេ។

លោកសមវិចិត្រអ្នក​ចាត់ការ​ទូទៅ​នៅ​ក្រុមហ៊ុនផារ៉ាម៉ោននិងក្រុមហ៊ុនរិទ្ធិមុនីបាន​បដិសេធថាអ្នក​បើកបរ​នៅ​ក្រុមហ៊ុន​របស់​លោក​មិន​មានការងារ​លើស​ម៉ោង​ទេ។ គាត់បាន​និយាយ​ថា”ក្រុមហ៊ុន​របស់​យើង​មាន​អ្នក​បើកបរ​ពីរវេន។​ ក្រុមវេន​យប់ធ្វើការ​​ពេល​យប់ហើយ​ក្រុម​វេន​ថ្ងៃធ្វើការ​ពេល​ថ្ងៃ។ប្រសិន​បើ​មាន​អ្នក​ធ្វើ​ដំណើរច្រើន​ពេកយើង​មិន​ដែល​បង្ខំ​ឲ្យ​ពួកគេ​ធ្វើការ​ខុស​ពេល​ម៉ោងទេ”។

លោកផាតភាដាអាយុ​២៣​ឆ្នាំជា​អ្នកបើកបរ​ឲ្យក្រុមហ៊ុនដឹក​អ្នក​ដំណើរ​ ភ្នំពេញសូរិយាដែល​បើកបរ​ពី​ភ្នំពេញ​ ទៅ​ខេត្ត​ក្រចេះបាន​និយាយ​ថាគាត់​ក៏​ធ្វើការលើស​ម៉ោង​ដែរ។​ គាត់បាន​និយាយ​ថា”មាន​ពេល​ខ្លះខ្ញុំបើកបរ​ពី​ថ្ងៃ​រះ​ដល់​ថ្ងៃ​លិច”។ ​ប៉ុន្តែ​គាត់​បាន​និយាយថាក្រុមហ៊ុន​របស់​គាត់​មិនបង្ខំ​ឲ្យ​គាត់​បើកបរ​ពេល​យប់​ទេ៕

ប្រែ​សម្រួល​ដោយ​ ឌឿងសាវតា​​​​​​​​​​

Exit mobile version