ក្រុមហ៊ុនផលិតសម្លៀកបំពាក់យីហោល្បីៗមួយចំនួនក្នុងចំណោមក្រុមហ៊ុនផលិតសម្លៀកបំពាក់អន្តរជាតិធំៗក្នុងពិភពលោក រួមជាមួយនឹងអង្គការការពារពលករបរទេស បានស្នើឲ្យរដ្ឋាភិបាលកម្ពុជាបង្កើនការប្រឹងប្រែងស៊ើបអង្កេតបន្ថែមទៀតលើការបាញ់អ្នកតវ៉ាបីនាក់កាលពីខែមុន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀង។
នៅក្នុងលិខិតមួយច្បាប់ផ្ញើជូនលោកចមប្រសិទ្ធរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាលពីថ្ងៃសុក្រ ក្រុមហ៊ុនផលិតសម្លៀកបំពាក់យីហោល្បីៗទាំងនោះបានជំរុញឲ្យរដ្ឋាភិបាល “ធ្វើការស៊ើបអង្កេតឲ្យបានពេញលេញ និងប្រកបដោយតម្លាភាព…ព្រមទាំងឲ្យជនល្មើសទទួលខុសត្រូវចំពោះការបាញ់កម្មករទាំងនេះឲ្យរងរបួសនោះ”។
ដោយត្រូវបានចុះហត្ថលេខាដោយអតិថិជនមួយចំនួនក្នុងចំណោមអតិថិជនធំៗនៃឧស្សាហកម្មផលិតសម្លៀកបំពាក់ក្នុងស្រុករួមានក្រុមហ៊ុន H&M, ក្រុមហ៊ុនAmerican Eagle Outfitters និងក្រុមហ៊ុន Columbia នោះលិខិតនេះគឺជាការថ្កោលទោសយ៉ាងខ្លាំងបំផុតដែលមិនធ្លាប់មានពីអ្នកបញ្ជាទិញបរទេសទាំងចំពោះការបាញ់ប្រហារដែលរដ្ឋាភិបាលនៅមិនទាន់បានដោះស្រាយនេះនិងចំពោះការស៊ើបអង្កេតលើជនសង្ស័យដ៏សំខាន់នៅក្នុងរឿងនេះ គឺលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត។
ក្រុមហ៊ុនធំជាងគេ ដែលបានចុះហត្ថលេខានៅក្នុងលិខិតនេះ គឺក្រុមហ៊ុន Puma ដែលមានកម្មកររបស់ខ្លួនបានរងរបួសអំឡុងការបាញ់កាលពីថ្ងៃទី២០ខែកុម្ភៈដែរ។
លិខិតនេះមានខ្លឹមសារថា “យើងសូមសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញអំពើហិង្សាដែលបានផ្ទុះឡើងនៅក្នុងឧស្សាហកម្មនេះ…។ យើងមានការបារម្ភដោយសារថាស្ថានភាពចលាចលបែបនេះមានហិង្សាកាន់តែខ្លាំងឡើងៗ”។
លិខិតនេះបានបន្តទៀតថា“យើងសង្ឃឹមថា រដ្ឋាភិបាលនឹងបង្កើនកិច្ចប្រឹងប្រែងទ្វេដងថែមទៀត ដើម្បីបង្កបរិយាកាសប្រកបដោយសុវត្ថិភាពនិងស្ថិរភាពសម្រាប់កម្មករ និងក្រុមហ៊ុននានានៅក្នុងប្រទេសកម្ពុជា”។
លោកចមប្រសិទ្ធរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងលោកឧត្តមសេនីយ៍ឯកខៀវ សុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា “មានតែក្រសួងពាណិជ្ជកម្មប៉ុណ្ណោះអាចពិភាក្សាអំពីបញ្ហានេះ ប៉ុន្តែជាគោលការណ៍ រដ្ឋាភិបាលតែងតែឃ្លាំមើលយ៉ាងដិតដល់ និងខ្វល់ខ្វាយអំពីបញ្ហានេះ”។ លោកបានមានប្រសាសន៍ថា“ដោយសារមានការខ្វល់ខ្វាយនេះហើយបានជាមានការដកអភិបាលក្រុងបាវិតចេញពីតំណែង។
លោកបានបន្ថែមថា “វាអាស្រ័យលើតុលាការ។យើងត្រូវតែអនុវត្តតាមច្បាប់។យើងយកចិត្តទុកដាក់ចំពោះការព្រួយបារម្ភរបស់អ្នកបញ្ជាទិញ ហើយយើងមានផលប្រយោជន៍រួម”។ លោកស្រី ជីល ថាក់ឃើ ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់នៅកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជានៃអង្គការពលកម្មអន្តរជាតិបានមានប្រសាសន៍ថាលិខិតរួមគ្នារបស់អ្នកបញ្ជាទិញនេះឆ្លុះបញ្ចាំងពី គំនិតរួបរួមគ្នារបស់អ្នកបញ្ជាទិញអន្តរជាតិដទៃទៀត។
លោកស្រី ថាក់ឃើបានមានប្រសាសន៍ថា“ខ្ញុំគិតថាក្រុមហ៊ុនយីហោល្បីៗទាំងនេះព្រួយបារម្ភដោយសារថា ជាងបីសប្តាហ៍កន្លងទៅហើយ នៅតែមិនទាន់មានការចាប់ខ្លួនជនល្មើសនៅឡើយ”។ លោកស្រីបានបន្ថែមថា គេបានប្រាប់លោកស្រីច្រើនណាស់អំឡុងការសន្ទនាជាមួយអ្នកតំណាងក្រុមហ៊ុនសម្លៀកបំពាក់ដែលមានប្រភពមកពីរោងចក្រនៅកម្ពុជា។
នៅពេលត្រូវបានសួរថា តើការស៊ើបអង្កេតយឺតយ៉ាវរបស់រដ្ឋាភិបាលអាចប៉ះពាល់ដល់ឧស្សាហកម្មសម្លៀកបំពាក់ទាំងមូលឬយ៉ាងណានោះ លោកស្រី ថាក់ឃើ បានមានប្រសាសន៍ថា “ក្រុមហ៊ុនយីហោ
ល្បីៗទាំងនេះធ្វើការសម្រេចចិត្តថា តើត្រូវបញ្ជាទិញពីទីណានោះផ្អែកតាមកត្តាជាច្រើន។តម្លៃគឺជាការសំខាន់…ប៉ុន្តែសុវត្ថិភាពនិងសន្តិសុខក៏សំខាន់ដែរ។វាជាកត្តាមួយក្នុងចំណោមកត្តាជាច្រើន។ប៉ុន្តែដោយមានការដួលសន្លប់កម្មការិនីជាច្រើននោះនេះគឺជាកត្តាមួយទៀតហើយយើងពិតជាមិនត្រូវការកត្តាមួយទៀតទេ ៕
ប្រែសម្រួលដោយ សោមសារុនលោកស្រីបានផ្តល់យោបល់ថា”សូមចាត់វិធានការឲ្យបានឆាប់សម្រាប់ការសាកសួរ”និងការស៊ើបអង្កេត។ក្រុមមន្ត្រីបាននិយាយថាកាលពីថ្ងៃព្រហស្បតិ៍លោកឈូកបណ្ឌិតត្រូវបានដកចេញពីតំណែងជាអភិបាលក្រុងបាវិត ដើម្បីឲ្យសាលាដំបូងខេត្តស្វាយរៀងអាចសាកសួរគាត់ជុំវិញការជាប់ពាក់ព័ន្ធរបស់គាត់ក្នុងការបាញ់កម្មការិនីទាំងបីនាក់នេះឲ្យរងរបួសកាលពីថ្ងៃទី២០ខែកុម្ភៈអំឡុងការធ្វើកូដកម្មនៅតំបន់សេដ្ឋកិច្ចពិសេសម៉ាន់ហាតតាន់៕
ប្រែសម្រួលដោយសោមសារុន