យុថ្កាដ៏ធំ ដែលមានទម្ងន់ប្រាំពីរតោន ត្រូវបានអ្នកនេសាទរកឃើញនៅចំណុចប្រសព្វនៃទន្លេសាប និងទន្លេបាសាក់ កាលពីល្ងាចថ្ងៃសុក្រហើយត្រូវបានដឹកយកទៅរក្សាទុកនៅវត្តមួយក្នុងរាជធានីភ្នំពេញដែលនៅទីនោះវាបានក្លាយជាទីគោរពសក្ការបូជា និងធ្វើឲ្យផ្អើលដល់ប្រជាពលរដ្ឋកម្ពុជា ដែលជឿថាវាជាវត្ថុស័ក្កសិទ្ធិ។
យុថ្កាតូចជាងនេះមួយទៀត មានទម្ងន់ពីរតោន ត្រូវបានស្ទូចចេញពីទឹកនៅចំណុចប្រសព្វដដែលនេះ កាលពីខែមុន ហើយក៏បានទាក់ទាញអ្នកគោរពបូជាយ៉ាងច្រើនកុះករផងដែរ ចាប់តាំងពីបានដាក់តាំងនៅវត្តប្រជុំសាគរ ក្នុងសង្កាត់ជ្រោយចង្វាខណ្ឌឫស្សីកែវ មក។
លោកយឿន ចន្ថាចៅសង្កាត់រងជ្រោយចង្វា បានមានប្រសាសន៍ថា លោក កែប ជុតិមាអភិបាលរាជធានីភ្នំពេញ បានសម្រេចចិត្តស្ទូចយុថ្កាទម្ងន់ប្រាំពីរតោននេះដាក់រថយន្តដឹកទំនិញ រួចក៏ដឹកវាយកទៅរក្សាទុកនៅវត្តដដែលនេះ។
ទោះបីជាអាជ្ញាធរមិនដឹងថា យុថ្កានេះមានចំណាស់ប៉ុណ្ណាក្តី ក៏លោកបានមានប្រសាសន៍ថា វាអាចមានអាយុកាលតាំងពីសម័យអាណានិគមនិយមបារាំងមកម៉្លេះ។ លោកបានមានប្រសាសន៍ថា “ ប្រជាពលរដ្ឋមានអារម្មណ៍ល្អស្រស់ស្រាយ បន្ទាប់ពីបានបន់ស្រន់ចំពោះយុថ្កានេះមក ពីព្រោះពួកគាត់ជឿថា វាស័ក្កសិទ្ធិអាចព្យាបាលជំងឺបាន”។
លោកយឿន ចន្ថាបានមានប្រសាសន៍ថា សាលារាជធានីបានសម្រេចចិត្តហើយថានៅទីបំផុតនឹងយកយុថ្កាទាំងពីរនេះទៅដាក់តាំងបង្ហាញសម្រាប់សាធារណជន នៅសួនជ្រោយចង្វាថ្មី តាមបណ្តោយមាត់ទន្លេ ដែលបច្ចុប្បន្ននេះកំពុងស្ថិតក្នុងដំណើរការស្ថាបនា។ យុថ្កាទីមួយត្រូវបានអ្នកស្រី ច័ន្ទ វណ្ណា បុគ្គលិកអង្គការក្រៅរដ្ឋាភិបាលម្នាក់ ដែលជឿលើអបិយជំនឿជាវពីអ្នកនេសាទ ដែល
បានរកវាឃើញ ពីព្រោះអ្នកស្រីជឿជាក់យ៉ាងមុតមាំថា វាស័ក្កសិទ្ធិអាចព្យាបាលជំងឺបាន។ ទោះបីជាអ្នកស្រីមិនពាក់ព័ន្ធនឹងយុថ្កាទីពីរនេះក្តី ក៏អ្នកស្រីនិយាយថា អ្នកស្រីបានយល់សប្តិ កាលពីខែមុនថា នឹងរកឃើញយុថ្កា ទីពីរនេះទៀត។
អ្នកស្រីបាននិយាយថា “ខ្ញុំបានយល់សប្តិឃើញអណ្តាតភ្លើងពណ៌ខៀវមួយចេញពីយុថ្កាទីមួយ ហោះឆ្ពោះទៅរកចំណុចប្រសព្វនៃទន្លេចតុមុខ ហើយព្រះបានមកប្រាប់ខ្ញុំឲ្យស្វែងរកអ្វីមួយផ្សេងៗទៀតនៅក្នុងទន្លេនេះ។
ចាប់តាំងពីការយល់សប្តិនោះមក ខ្ញុំចេះតែមានអារម្មណ៍វិលមុខធីងធោង និងមិនស្រួលខ្លួនរហូតទាល់តែរកឃើញយុថ្កាទីពីរនេះ។ ពេលនោះ ខ្ញុំក៏មានអារម្មណ៍ស្រួលភ្លាមមួយរំពេច”។
អ្នកស្រីធ្លាប់បានអះអាងរួចមកហើយថា អ្នកស្រីនឹងបរិច្ចាគយុថ្កា ដែលអ្នកស្រីបានជាវ នេះជូនទៅព្រះបរមរាជវាំង ប៉ុន្តែសាលារាជធានីភ្នំពេញ បានស្នើសុំឲ្យរក្សាវាទុកនៅវត្តនេះជាបណ្តោះអាសន្នសិន។
អ្នកស្រី ពៅណាគ្រីអាយុ៦៣ឆ្នាំ ជាប្រជាពលរដ្ឋម្នាក់រស់នៅក្នុងសង្កាត់ជ្រោយចង្វា បានទៅវត្តប្រជុំសាគរ ដើម្បីអុជធូបបួងសួងនៅចំពោះមុខយុថ្កាថ្មីនេះ កាលពីម្សិលមិញ។ អ្នកស្រីបាននិយាយថា កម្លាំងស័ក្កសិទ្ធិខ្លាំងរបស់យុថ្កានេះ បានធ្វើឲ្យគាត់វិលមុខធីងធោង រហូតទាល់តែគាត់លុបលាងមុខនឹងទឹកមន្ត ទើបបាត់។
អ្នកស្រីបាននិយាយថា “ខ្ញុំជឿថា វាជាវត្ថុបុរាណដ៏ស័ក្កសិទ្ធិ ដែលអាចព្យាបាលជំងឺយើងបាន”។អ្នកស្រីបានបន្តទៀតថា “ ក្នុងមួយជីវិតរបស់ខ្ញុំ ខ្ញុំមិនធ្លាប់បានឃើញយុថ្កាធំអីបែបនេះពីមុនមកទេ”។
ប៉ុន្តែយុវជន គង់ វុទ្ធា អាយុ២១ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យ ដែលបានឈប់នៅវត្តនេះ ដើម្បីមើលមនុស្សម្នាផ្អើលឈូឆរទៅសំពះយុថ្កាទាំងនេះ បាននិយាយថា ខ្លួនមិនជឿឡើយ។
យុវជនរូបនេះបាននិយាយថា “ អ្នកខ្លះជឿថា យុថ្កានេះស័ក្កសិទ្ធិ និងអាចព្យាបាលជំងឺមនុស្សបាន នៅពេលដែលពួកគាត់ទៅបួងសួងបន់ស្រន់។ នោះជាជំនឿរបស់ពួកគាត់ប៉ុន្តែសម្រាប់ខ្ញុំវិញ ខ្ញុំគិតថា វាគ្រាន់តែជាយុថ្កាធម្មតាប៉ុណ្ណោះ”៕
ប្រែសម្រួលដោយ តែមសុខុម