ក្នុងការដង្ហែក្បួនតវ៉ា នាពេលថ្ងៃកំពុងរះលោក ចន្ទី សុភី បានចូលរួមជាមួយនឹងសមាជិករាប់រយនាក់ ផ្សេងទៀត របស់គណបក្សជាតិខ្មែរ ដើម្បីតវ៉ាប្រឆាំងទៅនឹងប្រព័ន្ធយុត្តធម៌ ដែលគេគិតថា គ្មានប្រសិទ្ធភាព។ ក្រុមបាតុករ ដង្ហែក្បួនយ៉ាងវែងតាមបណ្តោយមហារវិធីព្រះសុធារស ព្រមទាំងមានកាន់បដាថា”បរាជ័យប្រពន្ធយុត្តិធម៌កម្មុយនីស្ត!” និង ”យើងមិនទទួលស្គាល់តុលាការបច្ចុប្បន្ននេះទេ!”។ ក្រុមបាតុករ ដែលភាគច្រើនជាស្រ្តី មានចំនួនកាន់តែច្រើនឡើង នៅពេលទៅដល់មុចរដ្ឋសភា។
ប៉ុន្មាននាទី បន្ទាប់ពីម៉ោងប្រាំបីព្រឹក លោក សមរង្ស៊ីនៅពេលនោះជាប្រធានគណបក្សជាតិខ្មែរ បានចាប់ផ្តើមនិយាយ អំពីអំពើពុករលួយនៅក្នុងប្រព័ន្ធតុលាការរបស់កម្ពុជា។បន្ទាប់មកបានប្រគល់ក្បាលមេក្រូទៅឲ្យក្រុមបាតុករនិយាយម្នាក់ម្តងៗ ដោយរៀបរាប់អំពីការឈឺចាប់របស់គេ។
នៅក្នុងខ្សែវីដេអូ បង្ហាញរូបភាពក្រុមបាតុករចូលរួមធ្វើបាតុកម្ម កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ មានស្ត្រីវ័យកណ្តាលម្នាក់ចាប់ផ្តើមបង្ហូរទឹកភ្នែក នៅពេលគាត់កំពុងមានប្រសាសន៍។ គាត់បានស្រែកថា”គេបង្ខំឲ្យខ្ញុំចេញ”។ នៅពេលនោះ ស្រាប់តែមានឮសំឡេងផ្ទុះយ៉ាងខ្លាំង ហើយខ្សែវីដេអូនោះត្រូវបានផ្អាក។
មកទល់ថ្ងៃនេះ គឺមានរយៈពេល១៥ឆ្នាំ ប៉ុន្តែស្នូរគ្រាប់បែកដំបូង និងបីគ្រាប់ក្រោយទៀត ដែលបានគប់ចូលទៅក្នុងក្រុមបាតុករ ដោយជនមិន ស្គាល់មុខ នៅតែតាមលងលោក សុភី និង ជនរងគ្រោះផ្សេងទៀត។
លោកសុភី បានមានប្រសាសន៍ថា “ការចងចំាអំពីហេតុការណ៍ដែលបានកើតឡើងគឺវានៅដិតជាប់នឹងភ្នែក និងក្នុងខួរក្បាលរបស់ខ្ញុំ។ពេលខ្ញុំបាន ឮសំឡេងផ្ទុះយ៉ាងខ្លាំងខ្ញុំតក់ស្លុតភ្លាមនិងភ័យខ្លាចខ្លាំងណាស់”។
បុរសចំនួន១៦នាក់ ស្រ្តី និងក្មេងៗ ជាច្រើននាក់ទៀតបានស្លាប់ និងជាង១០០នាក់ទៀតបានរងរបួសនៅនឹងកន្លែង។ មនុស្សជាច្រើន បានរងរបួស មានខ្លះដាច់ដៃ ខ្លះដាច់ជើង ក្នុងការវាយប្រហារដោយគ្រាប់បែកនេះ អ្នកខ្លះនៅ មានរបួសរហូតមកដល់សព្វថ្ងៃនេះ។
លោក សុភី ដែលកាលនោះ ទើបមានអាយុ២០ឆ្នាំ បានរងរបួសដោយអំបែងគ្រាប់បែក នៅត្រង់ពោះ ដៃ ភ្លៅ និងក ។ឥឡូវគាត់នៅតែមានរបួសធំៗ បីកន្លែងនៅលើខ្លួនរបស់គាត់។ ប៉ុន្តែវានៅមានរឿងអាក្រក់ជាងអ្វី ដែលគាត់បានរងរបួសទៅទៀត។
លោកបានបន្តថា ”ប្អូនស្រីរបស់ខ្ញុំ អាយុ១៣ឆ្នាំម្នាក់ និងបងប្អូនជីដូនមួយរបស់ខ្ញុំអាយុ២០ឆ្នាំម្នាក់ទៀត បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត្រ។ ខ្ញុំបានអំពាវឲ្យក្រសួងមហាផ្ទៃ ចាប់ខ្លួនជនសង្ស័យក្នុងការវាយប្រហារ និងដាក់ទោសពួកគេឲ្យសមតាមអ្វីដែលពួកគេបានប្រព្រឹត្ត។ តើនរណាសម្លាប់ប្អូនស្រីនិងបងប្អូនជីដូនមួយរបស់ខ្ញុំ”។ មកទល់នឹងថ្ងៃនេះ នៅមិនទាន់មាននរណាម្នាក់ទទួលខុលត្រូវក្នុងការសម្លាប់រង្គាលនេះទេ។
តើមានអ្វីបានកើតឡើង ក្នុងពេលប៉ុន្មានខែ ប៉ុន្មានឆ្នាំកន្លងមកនេះ បន្ទាប់ពីការវាយប្រហារ? គឺគ្មានទេ។
រដ្ឋាភិបាលពិតជាបានបើកការស៊ើបអង្កេតជាផ្លូវការ តែរហូតមកទល់នឹងពេលនេះមិនមានការចាប់ខ្លួនជនសង្ស័យណាម្នាក់ទេ។
ការិយាល័យស៊ើបអង្កេតរបស់នគរបាលសហព័ន្ធអាមេរិក ក៏បានបើកការស៊ើបអង្កេតផ្ទាល់ខ្លួនផងដែរ ប៉ុន្តែនៅតែទទួលបានលទ្ធផល”មិនប្រាកដប្រជា”។ ក្នុងប្រទេសបារាំង បណ្តឹងឧក្រិដ្ឋកម្មមួយត្រូវបានធ្វើឡើង ប៉ុន្តែបានលុបចោលវិញ។
ប៉ុន្តែ បើសម្លឹងមើលមធ្យោបាយផ្សេងទៀត តាមរយៈសំណុំឯកសាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលកាសែត ខេមបូឌាដេលី ទទួលបាន គឺវាជារឿងផ្សេងទៅវិញ។
សំណុំឯកសារ ដែលបានកត់ត្រាក្នុងឆ្នាំ២០០៩ បានបង្ហាញថា ភ្នាក់ងារ នគរបាលសហព័ន្ធរបស់សហរដ្ឋអាមេរិក ក្រោយមកបានលើកឡើងថា ការស៊ើបអង្កេត របស់ FBI គឺទទួលរងនូវការគាបសង្កត់ពី កងកម្លាំងសន្តិសុខរបស់ គណបក្សប្រជាជន ហើយការស៊ើបអង្កេតនេះត្រូវបានផ្អាក ដោយសារតែមានការគំរាមកំហែងផ្នែកសន្តិសុខ។ ក្រុមមន្ត្រីបានរិះរកគ្រប់មធ្យោបាយ ដើម្បីរារាំងការស៊ើបអង្កេតនេះ។
សាក្សីបានឃើញអំពើដ៏ឃោរឃៅនេះបានផ្តល់នូវភស្តុតាងដល់ភ្នាក់ងារFBIថាអ្នកគប់គ្រាប់បែក បានរត់គេចយ៉ាងលឿនតម្រង់ទៅកាន់មូលដ្ឋានយោធារបស់គណបក្សប្រជាជន ដែលមានទីតាំងនៅក្បែរវត្តបទុម ដោយមានការជួយការពារពីកងយោធារបស់រដ្ឋាភិបាល ដើម្បីជួយបើកទ្វារឲ្យអ្នកគប់គ្រាប់បែករត់ចូលទៅខាងក្នុង។
អ្នកស្រីពៅហេងអាយុ៦៥ឆ្នាំកាលពីម្សិលមិញ បានមានប្រសាសន៍ថា “ទោះបីជាវាកន្លងហួស១៥ឆ្នាំហើយក៏ដោយខ្ញុំនៅតែចងចំាអ្វីៗទាំងអស់ ដែលបានកើតឡើងនៅក្នុងថ្ងៃនោះ” ។
វាបានដក់ជាប់ក្នុងអារម្មណ៍របស់អ្នកស្រីពៅហេង។វាច្បាស់ណាស់គឺគ្រាប់បែកផ្ទុះនៅម៉ោង៩ព្រឹក។គេទូរស័ព្ទមកប្រាប់គាត់ថាក្មួយស្រីរបស់គាត់បានស្លាប់ និងកូនរបស់គាត់បានរងបួសក្នុងការវាយប្រហារដោយគ្រាប់បែកនេះ។
អ្នកស្រីពៅហេងបានមានប្រសាសន៍ថា “នាងកំពុងធ្វើបាតុកម្មដើម្បីទាមទារឲ្យតម្លើងប្រាក់ខែពីព្រោះពួកគេគឺជាកម្មកររោងចក្រកាត់ដេរ ហើយប្រាក់ខែរបស់ពួកគេ ទាបណាស់ ហេតុដូចនេះ នាងបានសម្រេចចិត្តចូលរួមធ្វើបាតុកម្មនៅក្នុងថ្ងៃនោះ។កូនស្រី និងក្មួយរបស់ខ្ញុំបានស្លាប់ដោយសារតែចូលរួមធ្វើបាតុកម្មនៅថ្ងៃនោះដើម្បីទាមទារសិទ្ធិសេរីភាពនិងលទ្ធិប្រជាធិបតេយ្យ”។ អ្នកស្រីបានមានប្រសាសន៍បន្តថា “យើងចង់ឲ្យរដ្ឋាភិបាលបន្តការស៊ើបអង្កេត។យើងចង់ដឹងថាអ្នកបោកគ្រាប់បែកនោះ មានមុខមាត់យ៉ាងដូចម្តេច”។
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង