សមាជិកសហជីពប្រមាណ៧.០០០នាក់បានដើរដង្ហែក្បួនតាមតីរវិថីស៊ីសុវត្ថិទៅកាន់រដ្ឋសភា កាលពីម្សិលមិញ ដោយស្រែកពាក្យស្លោក និងលើកបដាដើម្បីចូលរួមប្រារព្ធទិវាពលកម្មអន្តរជាតិ។
ដោយមាន លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ជាអ្នកដឹកនាំការដើរក្បួននេះនោះ សមាជិកមកពីសហជីពផ្សេងបានដើរទៅកាន់រដ្ឋសភា ដើម្បីដាក់ញតិ្តទាមទារសំុឲ្យដំឡើងប្រាក់បៀវត្សរ៍ដល់កម្មករធម្មតានិងដល់មន្ត្រីរាជការ ព្រមទាំងមានសំណើសំុផ្សេងៗទៀត។ អ្នករត់មូ៉តូឌុប និងអ្នករត់រុឺម៉កម៉ូតូ បានដោតទង់ជាតិនិងបដានៅពីក្រោយរុឺម៉កម៉ូតូ និងបានចុចស៊ីផ្លេកងរំពងព្រមៗគ្នា។លោក អាត់ ធន់ បានមានប្រសាសន៍ថា “យើងកំពុងស្នើសុំឲ្យរដ្ឋាភិបាល ដំឡើង
ប្រាក់ខែ ដែលអាចផ្គត់ផ្គង់ដល់ជីវភាពបានសម្រាប់កម្មករ គឺប្រហែល១៣១ដុល្លារ ក្នុងមួយខែ និង២០០ដុល្លារសម្រាប់មន្ត្រីរាជការ ព្រមទាំងបញ្ចុះតម្លៃសាំងមកត្រឹម៤.០០០រៀលក្នុងមួយលីត្រ”។
តាមបញ្ជីរាយឈ្មោះបញ្ហា ដែលលោក អាត់ ធន់ បានលើកឡើងថា រដ្ឋាភិបាលត្រូវតែដោះស្រាយនោះ មានការប្រើអំពើហិង្សាលើកម្មករតវ៉ាច្រើនណាស់។ ដោយពោលសំដៅដល់អតីតអភិបាលក្រុងបាវិត ដែលត្រូវបានចោទប្រកាន់ពីបទបាញ់ប្រហារកម្មការិនីបីនាក់ អំឡុងការតវ៉ានៅរោងចក្រមួយនោះ លោកបានឲ្យដឹងថា “យើងទាំងអស់គ្នាសូមអំពាវនាវដល់រដ្ឋាភិបាល និងសាលាដំបូងខេត្តស្វាយរៀង ឲ្យផ្តន្ទាទោស និងចោទប្រកាន់លើលោក ឈូក បណ្ឌិត ពីបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរថែមទៀត”។ បន្ទាប់ពីហេតុការណ៍បាញ់ប្រហារនោះលោកបណ្ឌិត ត្រូវបានចោទប្រកាន់ពីបទបង្ករបួសស្នាមដោយអចេតនា។កញ្ញា ចាន់នី អាយុ២៨ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរបាននិយាយថា អំពើហិង្សានៅក្រុងបាវិត បានធ្វើឲ្យកម្មករមានការព្រួយបារម្ភខ្លាំងណាស់។
កម្មករឈ្មោះ មឿន ចាន់ណា អាយុ៣៦ឆ្នាំបាននិយាយថា “ យើងសូមស្នើឲ្យរដ្ឋាភិបាលបើកភ្នែកមើលកម្មករផង។យើងរស់នៅយ៉ាងពិបាក ហើយយើងគ្មានប្រាក់ទេ ពីព្រោះប្រាក់ខែយើងតិចពេក”។
លោក ហេង សាមួន អគ្គលេខាធិការនៃសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ដែលជាអ្នករៀបចំការដើរក្បួននេះ បានមានប្រសាសន៍ថា នៅខេត្ត
ព្រះសីហនុ អ្នករត់ម៉ូតូឌុប និងអ្នករត់រឺុម៉កម៉ូតូប្រហែល២០០នាក់ បានព្យាយាមដើរក្បួនពីរង្វង់មូលតោមាស ទៅកាន់ការិយាល័យអភិបាលខេត្ត ក៏ប៉ុន្តែត្រូវបាននគរបាលរារាំង។ អ្នកដើរក្បួនចង់ដាក់ញត្តិមួយស្នើសុំឲ្យអភិបាលខេត្ត បញ្ឈប់អាជីវកម្មជួលម៉ូតូឲ្យជនបរទេស ព្រោះប៉ះពាល់ដល់មុខរបរពួកគេ។
លោក តាក់ វណ្ណថា ស្នងការនគរបាលខេត្ត បានថ្លែងថា សាលាក្រុង បានអនុញ្ញាតឲ្យពួកគេដើរក្បួនចាប់ពីរង្វង់មូលនេះ ទៅដល់សួនសេរីភាពក្រុងព្រះសីហនុ ក្នុងសង្កាត់លេខ២។លោកបន្ថែមថា “ យើងមិនបានអនុញ្ញាតឲ្យពួកគេដើរទៅការិយាល័យអភិបាលខេត្តទេ
ពីព្រោះវាជាកន្លែងសម្រាប់ទទួលគណៈប្រតិភូរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ យើងមិនអាចបិទអាជីវកម្មជួលម៉ូតូឲ្យជនបរទេសបានទេ ព្រោះវាជាទីផ្សារសេរី ប៉ុន្តែយើងមានបទបញ្ជាចែងថា អាជីវកម្មអាចជួលឲ្យតែជនបរទេសណា ដែលមានប័ណ្ណបើកបរ និងលិខិតឆ្លងដែនប៉ុណ្ណោះ”៕
ប្រែសម្រួលដោយ ចេវ ប៊ុននី