ដោយស្នែងស្រោបសូតក្រហម និងមានអានពណ៌មាសលើខ្នងសម្បុរត្នោតនោះ គោឧសភរាជមួយនឹម ត្រូវបាននាំសំដៅទៅរកជើងពានប្រាក់ចំនួនប្រាំពីរពេញទៅដោយអាហារ ព្រមទាំងស្រានិងទឹក ដោយគោឧសភរាជទី១បានបរិភោគពោត ហើយគោឧសភរាជទី២បានបរិភោគសណ្តែក។ គោឧសភរាជទី១បានបរិភោគពោតច្រើន ប៉ុន្តែគោឧសភរាជទី២ក្រោយពីបរិភោគសណ្តែករួច ក៏បានងាកទៅបរិភោគស្មៅទើបច្រូតថ្មីៗពីរបីម៉ាត់។
ខ្សែភ្នែករបស់មនុស្សគ្រប់គ្នាបានសម្លឹងមើលយ៉ាងយកចិត្តទុកដាក់ថា តើគោឧសភរាជចូលចិត្តបរិភោគអ្វីជាងគេក្នុងពិធីច្រត់ព្រះនង្គ័លកាលពីម្សិលមិញ ដែលមានអ្នកចូលរួមយ៉ាងច្រើនកកកុញចាប់ពីប្រជាកសិករជនបទរហូតដល់ថ្នាក់ដឹកនាំប្រទេស និងការយាងធ្វើជាព្រះអធិបតីពីសំណាក់ព្រះមហាក្សត្រ នរោត្តមសីហមុនី នៅវាលមេរុ ជាប់ព្រះបរមរាជវាំង។
ពិធីបុណ្យប្រចាំឆ្នាំនេះបង្ហាញពីការចាប់ផ្តើមរដូវបង្កបង្កើនផល ដែលនៅពេលនោះ គោឧសភរាជទាំងបីនឹមត្រូវបានទឹមឲ្យភ្ជួរជុំវិញព្រះស្រែ ដឹកនាំដោយតំណាងព្រះមហាក្សត្រនៅឆ្នាំនេះ គឺព្រះអង្គម្ចាស់ នរោត្តម ចក្រាវុទ្ធនិងអ្នកអង្គម្ចាស់ នរោត្តមចាន់ស៊ីថា និងមានស្ត្រីមួយចំនួនផ្សេងទៀតដើរតាមពីក្រោយបាចស្រូវលើដីដែលទើបភ្ជួររួចថ្មីៗ។
បន្ទាប់ពីភ្ជួរជុំវិញព្រះស្រែ គោឧសភរាជត្រូវនាំទៅកាន់ជើងពានប្រាក់ដាក់អាហារហើយអ្វីដែលគោឧសភរាជបានបរិភោគគឺ ស្រូវល្ង ស្មៅ ពោត សណ្តែកទឹកនិងស្រាហើយអ្វីដែលគោបរិភោគ ត្រូវបានប្រើប្រាស់ដើម្បីព្យាករពីឆ្នាំបង្កបង្កើនផលកសិកម្មនាពេលខាងមុខ។
លោក គង់កេង ព្រះគ្រូហោរាប្រចាំព្រះបរមរាជវាំង បានប្រកាសថា ផ្អែកតាមការជ្រើសរើសអាហាររបស់គោឧសភរាជបង្ហាញថា ក្នុងឆ្នាំ២០១២នេះ សណ្តែកនិងពោតនឹងទទួលបានទិន្នផលខ្ពស់ ជាពិសេសពោត ពីព្រោះគោឧសភរាជ មួយបានបរិភោគពោតជិតអស់។លោកបានបន្ថែមទៀតថា ទោះជាយ៉ាងណាស្មៅគឺជានិមិត្តអាក្រក់។ “វាមានន័យថា ឆ្នាំនេះនឹងផ្ទុះជំងឺគោក្របីមួយចំនួន”។
យោងតាមមគ្គុទេ្ទសក៏ផ្លូវការសម្រាប់ព្រះរាជពិធីនេះ បានឲ្យដឹងថាប្រសិនបើគោឧសភរាជផឹកស្រា មានការព្យាករថា នឹងមានរឿងអាក្រក់ៗកើតឡើង ពីព្រោះស្រាមានន័យថា“ នឹងមានជនអន្ធពាលចោរលួច និងចោរប្លន់បង្កចលាចលតាមផ្លូវ”។ មគ្គុទេ្ទសក៏រូបនេះបានបន្តថា ប្រសិនបើគោឧសភរាជផឹកទឹក “ ប្រទេសទាំងមូលនឹងទទួលបានទឹកភ្លៀងប្រចាំឆ្នាំច្រើន”។
ក្នុងពិធីច្រត់ព្រះនង្គ័លកាលពីឆ្នាំមុន គោឧសភរាជបានបរិភោគអាហារបីមុខដូចគ្នាកាលពីម្សិលមិញដែរ ហើយខណ:ពេលដែលគោឧសភរាជមិនផឹកទឹកសោះកាលពីឆ្នាំមុននោះ កម្ពុជាបានជួបគ្រោះទឹកជំនន់កំណាចបំផុតរយ:ពេលជាងមួយទសវត្សរ៍មកនេះ។
កាលពីម្សិលមិញ ពេលសួរថាតើហេតុអ្វីបានជាគោឧសភរាជព្យាករខុស ចំពោះគ្រោះទឹកជំនន់កាលពីឆ្នាំមុននោះ លោកគង់ កេង បានឆ្លើយថា ទឹកភាគច្រើនបានហូរធ្លាក់ពីបណ្តាប្រទេសជិតខាងចូលមកកម្ពុជា។
លោកបានមានប្រសាសន៍ថា “ ឆ្នាំនេះ ខ្ញុំបានបន់ស្រន់ឲ្យមានភ្លៀងធ្លាក់ និងអាកាសធាតុទៀងទាត់…។ ឆ្នាំនេះ ខ្ញុំមិនជឿថា នឹងមានទឹកជំនន់នោះទេ”។ ទោះជាយ៉ាងណាលោក យ៉ងសាំង កុមារប្រធានមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជាហៅកាត់ថាសេដាកបានមានប្រសាសន៍ថាការសិក្សាផ្នែកឧតុនិយមបានបង្ហាញថានឹងមានភ្លៀងធ្លាក់ច្រើន ហើយទំនងជាមានគ្រោះទឹកជំនន់ទៀតនៅឆ្នាំនេះ។
បើយោងតាមលោកយ៉ងសាំងកុមារឆ្នាំមុនជារដូវអំណោយផលសម្រាប់ប្រជាកសិករដាំសណ្តែក ប៉ុន្តែមិនសូវល្អប៉ុន្មានទេសម្រាប់អ្នកដាំពោត។លោកបានមានប្រសាសន៍ទៀតថាឆ្នាំនេះពោតនិងសណ្តែកអាចទទួលបានទិន្នផលខ្ពស់នៅរដូវប្រមូលផល។
លោកថ្លែងថា “តម្លៃដំឡូងមីកំពុងធ្លាក់ចុះដូច្នេះប្រជាពលរដ្ឋនឹងងាកទៅដាំសណ្តែកកាន់តែច្រើន និងដំណាំផ្សេងៗទៀត ដូចជាសណ្តែកដីជាដើម។វាអាស្រ័យលើទីផ្សារ”៕
ប្រែសម្រួលដោយតែមសុខុម