ដើម្បីធ្វើឲ្យរសាយការព្រួយបារម្ភដែលថា ការចាក់បំពេញបឹងកក់ក្នុងរាជធានីភ្នំពេញ នឹងបណ្ដាលឲ្យមានការជន់លិចនោះ ក្រុមមន្ត្រីបានអះអាងថា ដីទំហំ១០ហិកតាក្នុងចំណោមដីទំហំ៩០ហិកតានៃតំបន់បឹងកក់ នឹងត្រូវរក្សាទុកសម្រាប់ឲ្យស្រូបទឹក ពេលមានភ្លៀងធ្លាក់ខ្លាំង។
ពេលនេះ គឺរយៈពេលបួនឆ្នាំបន្ទាប់ពីបានចាប់ផ្តើមបូមខ្សាច់បំពេញបឹងកក់មកបឹងនេះបានរីងស្ងួតទាំងស្រុង ដោយធ្វើឲ្យក្រុមអ្នកភូមិ និងអង្គការសិទិ្ធលំនៅដ្នានមួយ មានចម្ងល់ថា តើមានអ្វីកើតឡើងចំពោះដីទំហំ១០ហិកតាទុកសម្រាប់ស្រូបទឹកតាមការសន្យានោះ។
លោក ណើប លី មន្ដ្រីពង្រឹងសិទិ្ធអំណាចសហគមន៍មកពីអង្គការក្រុមការងារពិសេសសិទិ្ធលំនៅដ្ឋាន ថ្លែងកាលពីម្សិលមិញថា “ ពួកគេនិយាយថា ខ្លួននឹងរក្សាទុកដីទំហំ១០ហិកតានៃបឹងនេះសម្រាប់ធ្វើអាងស្ដុកទឹក”។
លោកស្រី អុឹម សាផន ចៅសង្កាត់រងសង្កាត់ស្រះចក ខណ្ឌដូនពេញ បានមានប្រសាសន៍ថា ផែនការមេរបស់សាលារាជធានីសម្រាប់តំបន់បឹងកក់ បានបង្ហាញយ៉ាងច្បាស់ថា ដីទំហំ១០ហិកតានៃតំបន់បឹងនេះ នឹងត្រូវរក្សាទុកមិនឲ្យអ្នកណាប៉ះពាល់ឡើយដើម្បីបញ្ចៀសទឹកជំនន់។
ទោះបីជាបឹងនេះត្រូវបានបូមខ្សាច់ចាក់បំពេញរួចហើយក៏ដោយ ក៏លោកស្រី សាផន បានថ្លែងថា វាអាចទៅរួច ដែលថា ក្រុមហ៊ុននេះនឹងជីកកកាយដីទំហំ១០ហិកតាចេញវិញ។ លោកស្រីនិយាយថា “ប្រសិនបើយើងក្រឡេកមើលទៅលើរូបភាពនៅក្នុងសាលារាជធានី យើងអាចមើលឃើញដី១០ហិកតានៃបឹងនេះ នឹងត្រូវរក្សាទុកធ្វើជាអាងស្ដុកទឹក ប៉ុន្តែយើងមិនដឹងថា ពេលណាក្រុមហ៊ុនស៊ូកាគូ នឹងកាយដីចេញវិញនោះទេ”។
អ្នកស្រី ទេព វន្នី តំណាងក្រុមអ្នកភូមិបឹងកក់និយាយថា អ្នកភូមិបានដឹងថា ដីទំហំ ១០ហិកតានឹងត្រូវរក្សាទុក។ ប៉ុន្ដែទាំងមន្ត្រីរដ្ឋាភិបាល ទាំងអ្នកតំណាងក្រុមហ៊ុនស៊ូកាគូ មិនបានផ្តល់ព័ត៌មានណាមួយដល់អ្នកភូមិជុំវិញ អនាគតនៃបឹង ដែលត្រូវបានចាក់បំពេញនេះទេ។អ្នកស្រីនិយាយថា “ ពួកគេមិន ដែល មកពិភាក្សាជាមួយប្រជាជន ឬមកជជែកគ្នាអំពីគម្រោងរបស់ខ្លួន ដើម្បីអភិវឌ្ឍតំបន់នេះឡើយ។ គេមិនឲ្យតម្លៃពួកយើងទេ”។
កាលពីខែធ្នូ ឆ្នាំ២០០៧ លោក ម៉ៅ ហាក់ ប្រធាននាយកដ្ឋានឧតុនិយមនៃក្រសួងធនធានទឹកបានថ្លែងថា ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញសេចក្ដីប្រកាសមួយ បញ្ជាឲ្យក្រុមហ៊ុនស៊ូកាគូអីុន រក្សាទុកដីទំហំ១០ហិកតានៃបឹងកក់ គឺកុំប៉ះពាល់វាឲ្យសោះ ដើម្បីទប់ស្កាត់ ការជន់លិច។ មួយខែក្រោយមក លោក ប៉ា សុជាតិវង្ស អភិបាលរងរាជធានីភ្នំពេញបានថ្លែងថា ដីទំហំ១០ហិកតានៃតំបន់បឹងកក់ដែលត្រូវរក្សាទុកមិនឲ្យប៉ះពាល់ គឺហួសពីគ្រប់គ្រាន់សម្រាប់ការពារការជន់លិចដែលអាចកើតមានទៅទៀត។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានថ្លែងថា លោកមិនដឹងព័ត៌មានទាក់ទិននឹងបញ្ហានេះទេ ហើយបានបង្វែរសំណួរទាំងប៉ុន្មានទៅសាលារាជធានីភ្នំពេញ ដែលនៅទីនោះក្រុមមន្ត្រីមិនអាចទាក់
ទងដើម្បីសំុការអត្ថាធិប្បាយបានឡើយ៕
ប្រែសម្រួលដោយ សុខ ស៊ីដន