គិតមកទល់ថ្ងៃទី១៨ខែឧសភា មានក្រុមហ៊ុនតែមួយគត់ និងដំបូងគេ ដែលបានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា គឺក្រុមហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលត្រូវបានគេមើលឃើញថា តម្លៃហ៊ុនរបស់ខ្លួនបានកើនឡើងប្រហែល៥០ភាគរយ នៅក្នុងថ្ងៃជួញដូរដំបូង បន្ទាប់មក បានធ្លាក់ចុះជាលំដាប់ក្នុងរយៈពេលពីរសប្តាហ៍។
តាំងពីពេលនោះមក តម្លៃហ៊ុនរបស់ក្រុមហ៊ុនរដ្ឋមួយនេះបានកើនឡើងវិញ និងតម្លៃត្រូវបានបិទនៅត្រឹម ៧.៣៥០រៀល (១,៨៤ដុល្លារ) កាលពីថ្ងៃសុក្រ ខ្ពស់ជាងតម្លៃប្រកាសលក់ហ៊ុនជាសាធារណៈលើកដំបូងកាលពីខែមេសា ពោលគឺ ក្នុងពេលនោះហ៊ុនមានតម្លៃ៦.៣០០រៀល (១,៥៨ដុល្លារ)។
ប៉ុន្តែ ក្រុមវិនិយោគិនបាននិយាយថា ការធ្លាក់ថ្លៃជាបន្តបន្ទាប់បែបនេះ មើលទៅបានធ្វើឲ្យក្រុមហ៊ុនឯកជនមួយចំនួនគិតគូរដោយយកចិត្តទុកដាក់ខ្ពស់ អំពីដំណើរការរៀបចំប្រកាសលក់ហ៊ុនជា សាធារណៈលើកដំបូង (អាយភីអូ) របស់ខ្លួន។ ទោះបីជាដំណាក់កាលចាប់ផ្តើមហាក់ដូចជាផ្តល់ភាពអំណោយផលក៏ដោយ ក៏វិស័យឯកជនប្រហែលជាត្រូវការពេលវេលាមួយឆ្នាំ ឬយូរជាងនេះ ដើម្បីធ្វើការសម្រេចចិត្តចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា ដើម្បីប្រមូលទុនបន្ថែម។
លោក តាន់ មុន្នីវណ្ណ អនុប្រធានក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដែលជាក្រុមហ៊ុនមានមុខជំនួញចម្រុះ ដោយបានប្រើឈ្មោះលោក ម៉ុង ឫទ្ធី ប្រធានក្រុមហ៊ុន និងជាសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា “យើងកំពុងរៀបចំឯកសារសម្រាប់ដំណើរការចុះបញ្ជីក្នុងផ្សារមូលបត្រហើយ”។ លោកបានបន្ថែមថា ក្រុមហ៊ុននេះកំពុងពិចារណាចុះបញ្ជីបុត្រសម្ពន្ធអាជីវកម្មកៅស៊ូ និងកសិដ្ឋានចញ្ចឹមជ្រូករបស់ខ្លួនមុនគេ។
លោក តាន់ មុន្នីវណ្ណ បានមានប្រសាសន៍ថា “ប៉ុន្តែ យើងនៅស្ទាក់ស្ទើរនៅឡើយ ដោយសារតែនៅលើទីផ្សារមូលបត្រមានការប្រែប្រួលថ្លៃខ្លាំងពេក”។
តាមពិតទៅ ដរាបណាមូលនិធិវិនិយោគ និងក្រុមវិនិយោគិនមកពីស្ថាប័ននានា ចាប់ផ្តើមធ្វើឲ្យវិនិយោគិនទូទៅដែល ចាប់អារម្មណ៍លើ
ដំណើរការជួញដូរ ដែលផ្តល់ប្រាក់ចំណេញយ៉ាងឆាប់រហ័សនោះ អស្ថិរភាពនៅលើទីផ្សារអាចនឹងនៅតែមាន។ មានន័យថា ក្រុមហ៊ុនឯកជនអាចនឹងត្រូវរង់ចាំឱកាសល្អ ដើម្បីចុះបញ្ជី នៅពេលខ្លួនមានសមត្ថភាពផ្តល់ទំនុកចិត្តគ្រប់គ្រាន់ដល់សាធារណជនក្នុងដំណើរការ ជួញដូរភាគហ៊ុនរបស់ខ្លួន។ ស្ថានភាពប្រហាក់ប្រហែលគ្នាមួយបានកើនឡើងនៅ ប្រទេសវៀតណាម នៅពេលប្រទេសនេះបើកដំណើរការផ្សារមូលបត្ររបស់ខ្លួន កាលពីឆ្នាំ២០០០កន្លងទៅជាងមួយទសវត្សរ៍។
ដោយសំដៅទៅលើការប្រែប្រួលតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោក គិត ធាង ពាណិជ្ជករមួយរូបដែលលេចធ្លោក្នុងវិស័យកាស៊ីណូ បានមានប្រសាសន៍ថា “នៅពេលនេះ ខ្ញុំហាក់ដូចជាស្ទាក់ស្ទើរបន្តិចក្នុងការចុះបញ្ជី ពីព្រោះផ្សារមូលបត្រមិនទាន់ដំណើរការល្អនៅឡើយ”។
លោកបានបើកដំណើរការកាស៊ីណូទីតាន់ ឃីង កាស៊ីណូ (Titan King Casino) នៅក្រុងបាវិត នៅបណ្តោយព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ដោយបានចំណាយប្រាក់អស់១០០លានដុល្លារ។ លោកបានមានប្រសាសន៍ថា “ខ្ញុំកំពុងរង់ចាំមើលដំណើរការរលូនសិន”។ លោកបានមានប្រសាសន៍បន្ថែមទៀតថា លោកគិតថា ក្រុមហ៊ុនឯកជនភាគច្រើនក៏ កំពុងតែរង់ចាំពេលវេលាដ៏សមស្របដូចគ្នាដែរ។
លោក គុយ វ៉ាត ប្រធានក្រុមហ៊ុនមូលបត្រ ភ្នំពេញ ស៊ីឃ្យួរីធី ភីអិលស៊ី (Phnom Penh Securities Plc.) ដែលជាក្រុមហ៊ុនធានាទិញមូលបត្រមួយក្នុងចំណោមក្រុមហ៊ុនធានាទិញមូលបត្រទាំងប្រាំពីរដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ បានមានប្រសាសន៍នៅឯទីស្នាក់ការក្រុមហ៊ុនរបស់លោកថា ក្រុមហ៊ុនរបស់លោកកំពុងតែរៀបចំផែនការចុះបញ្ជីក្នុងផ្សារមូលបត្រដើម្បីប្រកាសលក់ហ៊ុនក្នុងរោងចក្រ កាត់ដេរចំនួនពីរ ប៉ុន្តែលោកបានបដិសេធ មិនប្រាប់ឈ្មោះរោងចក្រទាំងពីរនោះ ឬ ពេលវេលាដែលរោងចក្រទាំងនេះអាចនឹងចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជាទេ។
ដោយសម្លឹងទៅអនាគតរយៈពេលវែងរបស់ក្រុមហ៊ុនផ្សារមូលបត្រ លោក បានមានប្រសាសន៍ថា “ការធ្លាក់ថ្លៃភាគហ៊ុនរបស់ក្រុមហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញប៉ះពាល់ដល់ទំនុកចិត្តរបស់វិនិយោគិន”។ លោក ដានីញ៉ែល រ៉េតល័រ (Daniel Reitler)
សហនាយកជាន់ខ្ពស់នៅក្រុមហ៊ុនមូលបត្រ អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរីធី (SBI Royal Securities) ដែលជាក្រុមហ៊ុនធនាគារទិញមូលបត្រមួយផ្សេងទៀត បានមានប្រសាសន៍ ថា ក្រុមហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អាចនឹងមានផលប៉ះពាល់បន្តិចបន្តួចលើដំណើរការ
សម្រេចចិត្តរបស់ក្រុមហ៊ុនឯកជន ក្នុងការ ចុះបញ្ជីក្នុងផ្សារមូលបត្ររយៈពេលវែង។
ប៉ុន្តែលោកបានមានប្រសាសន៍ថា បញ្ហាសំខាន់សម្រាប់ក្រុមហ៊ុនឯកជន ក្នុងប្រទេសកម្ពុជា គឺការរៀបចំសំណុំឯកសារឲ្យបានត្រឹមត្រូវ និងឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវចាំបាច់ សម្រាប់ការចុះបញ្ជីក្នុងផ្សារមូលបត្រព្រះរាជាណាចក្រកម្ពុជា។ កំពង់ផែស្វយ័តខេត្តព្រះសីហនុ និង ទូរគមនាគមន៍កម្ពុជា បានពន្យារពេលអាយភីអូ របស់ខ្លួនម្តងហើយម្តងទៀត ដោយសារតែមានការពន្យារពេលរៀបចំឯកសារសំខាន់ៗ ដូចជា របាយការណ៍ហិរញ្ញវត្ថុ រយៈពេលបីឆ្នាំចុងក្រោយជាដើម។ ប៉ុន្តែ មិនមែនមានមូលហេតុតែមួយនេះទេ។ ក្នុងពេលជាមួយគ្នានេះដែរ ក៏មានក្រុមហ៊ុនទ្រង់ទ្រាយគ្រួសារធំៗជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលចាប់ផ្តើមមានចំណាប់អារម្មណ៍ទៅលើការលក់ភាគហ៊ុន ឲ្យសាធារណៈជនផងដែរ។
ដោយសំដៅទៅលើការប្រែប្រួលតម្លៃហ៊ុនរបស់រដ្ឋាករទឹកស្វយតក្រុងភ្នំពេញ លោក រេតល័រ បានមានប្រសាសន៍ថា “ជាការពិតមាន
ការព្រួយបារម្ភមួយចំនួនមែន។ ហើយនេះគឺជាអ្វីដែលត្រូវផ្តោតសំខាន់។ ប៉ុន្តែ ពិតជាមានវិធីដោះស្រាយបញ្ហានេះ។ ខ្ញុំគិតថាបញ្ហា
នេះមិនអាចកាត់បន្ថយដំណើរឆ្ពោះទៅករការចុះបញ្ជីរបស់ក្រុមហ៊ុននានាទេ”។
លោក រេតល័រ បានមានប្រសាសន៍ថា ក្រុមហ៊ុនឯកជនពិតជាចាប់អារម្មណ៍ខ្លាំង នៅពេលក្រុមហ៊ុនរដ្ឋាករទឹកស្វយតក្រុងភ្នំពេញចាប់ផ្តើមបើកលក់ហ៊ុនជាសាធារណៈរបស់ខ្លួន ហើយថា ភាពរីកចម្រើនក្នុងវិស័យមីក្រូហិរញ្ញវត្ថុធ្វើឲ្យ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា។
លោកបានមានប្រសាសន៍ថា “វាពិតជាវិស័យដែលមានបរិយាកាសប្រកួតប្រជែងដ៏តឹងតែង ដូច្នេះនេះគឺជាច្រកមួយដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងនេះអាចប្រើប្រាស់ក្នុងការបង្កើនទុនរបស់ខ្លួនឲ្យមានកាន់តែច្រើនឡើងថែមទៀត”។