ក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានថៃ អុីនហ្វូបាន ខូ អិលធីឌី (Infobahn Co. Ltd.) បានដាក់ពាក្យបណ្តឹងប្តឹងក្រុមហ៊ុន ថៃខម ផាប់ប្លីកខមភែនី អិលធីឌី (Thaicom Public Company Ltd) ពីបទរំលោភកិច្ចព្រមព្រៀង ដែលបានសម្រេចកាលពីឆ្នាំមុនស្តីពីការលក់ភាគហ៊ុនរបស់ខ្លួនចំនួន៤១,១៤ភាគរយដែលកិច្ចព្រមព្រៀងនេះក៏រាប់បញ្ចូលទាំងភាគហ៊ុនចំនួន៥១ភាគរយនៅក្នុងក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័តនៅកម្ពុជា គឺក្រុមហ៊ុនអឹមហ្វូន (Mfone) ផងដែរនោះ។
យោងតាមសេចក្តីជូនដំណឹងដែលផ្សារមូលបត្រថៃបានចេញផ្សាយកាលពីសប្តាហ៍មុនបានឲ្យដឹងថា លោក ដាំរ៉ុង កាសិមសេតស្ថាបនិកក្រុមហ៊ុន អុីនហ្វូបាននិងជាអតីតប្រធាននាយកប្រតិបត្តិក្រុមហ៊ុនថៃខម កំពុងប្តឹងទាំងក្រុមហ៊ុនថៃខម និងសមាជិកភាគហ៊ុនមួយក្នុងចំណោមសមាជិកភាគហ៊ុនរបស់ក្រុមហ៊ុននេះ គឺក្រុមហ៊ុន អុីនថច់ (InTouch) ដែលមានឈ្មោះដើមថាសុីន ខប (Shin Corp.) បន្ទាប់ពីក្រុមហ៊ុននេះ ខកខានក្នុងការលក់ភាគហ៊ុនរបស់ខ្លួនឲ្យក្រុមហ៊ុនរបស់លោក។ ទាំងក្រុមហ៊ុន ថៃ ខម និងក្រុមហ៊ុន អុីន ថច់បានបដិសេធការចោទប្រកាន់ទាំងនេះ។
លោកស្រី ស៊ុផាជី ស៊ុធុមពុន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន ថៃ ខម បានលើកឡើងតាមរយៈអុីម៉េលមួយកាលពីសប្តាហ៍មុនថា“ថៃខម និងអុីនថច់បានជូនដំណឹងទៅផ្សារមូលបត្រថៃរួចហើយថា អុីនថច់ មិនដែលបានសម្រេចកិច្ចព្រមព្រៀងណាមួយស្តីពីការលក់ក្រុមហ៊ុនថៃ ខម ដូចការអះអាងរបស់លោក ថាំរ៉ុង ឡើយ។ យើងនៅគ្រប់គ្រងប្រតិបត្តិការរបស់យើងដដែលទេ អ្វីៗដំណើរការជាធម្មតាទេ”។
គួរបញ្ជាក់ថា នៅក្នុងពេលកន្លងមក លោកស្រី ស៊ុធុមពុន ធ្លាប់បានបញ្ជាក់ថា ក្រុមហ៊ុន អឹមហ្វូន បានចរចាជាមួយក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទដៃផ្សេងៗទៀត អំពីការលក់ក្រុមហ៊ុនមួយនេះ ប៉ុន្តែពុំធ្លាប់បានបញ្ចេញឈ្មោះរបស់ក្រុមហ៊ុនណាមួយឡើយ។
លោក អាទីប រឹតតាផន ប្រធាននាយកប្រតិបត្តិបណ្តោះអាសន្នរបស់ក្រុមហ៊ុនអឹម ហ្វូន និងជានាយកគ្រប់គ្រងក្រុមហ៊ុន សេនីងតុន អុីនវេសមិន (Shenington Investments) ដែលមានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរី បានលើកឡើងថា ក្រុមហ៊ុននេះនៅបន្តប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាក៏ពិតមែន ប៉ុន្តែ ដំណើរការរបស់វាជៀសមិនផុតពីការប៉ះពាល់ដោយសារពាក្យបណ្តឹងនិងពាក្យចចាមអារា៉មអំពីការលក់ក្រុមហ៊ុននេះទេ។
លោកបានមានប្រសាសន៍ថា “អ្នកមិនអាចគ្រាន់តែចេញមុខបដិសេធរាល់ពាក្យចចាមអារា៉មគ្រប់ពេល ហើយព្យាយាមប្រាប់អតិថិជនរបស់អ្នកថា អ្វីៗនៅដំណើរការជាធម្មតា ដរាបណា អឹមហ្វូន មានវត្តមាននៅទីនេះ [ក្នុងប្រទេសកម្ពុជា] ឡើយ។ ខ្ញុំខ្លួនឯងក៏ស្រឡាំងកាំង ហើយមិនដឹងថាកំពុងមានរឿងអ្វីដែរ ហើយប្រការនេះបានធ្វើឲ្យប៉ះពាល់ដល់មុខជំនួញរួចទៅហើយ”៕
ប្រែសម្រួលដោយ ភួន ច័ន្ទសេរីវុធ