អ្នកយកព័ត៌មាននយោបាយម្នាក់ តែងតែមានការងារមួយទៀត នៅក្នុងស្ថាប័នរដ្ឋាភិបាល ប៉ុន្ដែ គេមិនគិតថា មានទំនាស់ផលប្រយោជន៍ឡើយ។ អ្នកយកព័ត៌មានម្នាក់ទៀត បានទទួលប្រាក់ពីរដ្ឋមន្ត្រីមួយរូបនៅក្នុងជួររដ្ឋាភិបាល ដើម្បីយកទៅជួសជុលរថយន្ដរបស់ខ្លួន ក៏ប៉ុន្ដែ បែរជានិយាយថា វាមិនមែនជាបញ្ហាធំដំុនោះទេ។
មានអ្នកយកព័ត៌មានមួយក្រុមតែងតែទទួលលុយ ក្នុងពិធីផ្សព្វផ្សាយអំពីការបង្កើតក្រុមហ៊ុនថ្មី តែវាជារឿងធម្មតាទៅហើយ។ សូមក្រឡេកមើលពិភពសារព័ត៌មាន ដែលប្រកបដោយមហិច្ចតា និងក្រមសីលធម៌នៅក្នុងប្រទេសកម្ពុជា។
ខណៈដែលភ្នាក់ងារព័ត៌មានអន្ដរជាតិជារឿយៗ តែងតែរឹតបន្តឹងបុគ្គលិករបស់ខ្លួនឲ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌ តែពួកគេមិនប្រាកដថា អនុវត្តតាមដែរ ដូចក្រុមអ្នកយកព័ត៌មាន និងអ្នកសង្កេតការណ៍ ដែលមានអាជីពនៅក្នុងប្រទេសកម្ពុជាលើកឡើងថានេះដោយសារតែខ្វះការយល់ដឹងអំពីភាពមិនលម្អៀងនៅក្នុងការបំពេញការងាររបស់ខ្លួន។ បើទោះជាអ្នកខ្លះបានការពារចំពោះការទទួលលុយ និងអំណោយពីប្រភព ដោយ និយាយថា វាក្លាយទៅជាវប្បធម៌ទៅហើយដោយសារមានប្រាក់ខែតិចពេក តែអ្នកខ្លះលើកឡើងថា ទង្វើបែបនេះ នាំឲ្យមានទំនាស់ផលប្រយោជន៍តែម្តង ដែលនាំឲ្យមានការចុះផ្សាយព័ត៌មានលម្អៀងក្នុងទំព័រកាសែត។
យោងតាមលោក ប៉ែន សមិទ្ធិ ជានិពន្ធនាយកកាសែតរស្មីកម្ពុជា និងជាប្រធានក្លឹបអ្នកកាសែតកម្ពុជាបានឲ្យដឹងថាអ្នកយកព័ត៌មានក្នុងស្រុកមានប្រាក់ខែត្រឹម២០០ដុល្លារ ក្នុងមួយខែប៉ុណ្ណោះរីឯអ្នកយកព័ត៌មានជើងចាស់អាចទទួលបានប្រហែល៧០០ដុល្លារក្នុងមួយខែ។
កាលពីខែមុន លោកវង្សសុខេងអ្នកយកព័ត៌មានប្រចាំកាសែតក្នុងស្រុកមួយ បានប្រកាសនៅតាមគេហទំព័របណ្តាញសង្គមហ្វេសប៊ុកថាលោកត្រូវការប្រាក់ ដើម្បីយកមកជួសជុលម៉ាស៊ីនរថយន្ដរបស់ខ្លួន។ បន្ដិចក្រោយមក លោកខៀវកាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានបានសន្យាផ្ដល់ប្រាក់ចំនួន២០០ដុល្លារដែលលោក សុខេងទទួលយកដោយសប្បាយរីករាយ ហើយបានសរសេរលើគេហទំព័រហ្វេសប៊ុកថាខ្លួននឹងយកលុយពីលោកកាញារីទ្ធដល់ការិយាល័យតែម្តង។
នៅពេលសួរថាតើលោកគិតយ៉ាងម៉េចអំពីការទទួលអំណោយជាលុយពីអ្នកនាំពាក្យរបស់រដ្ឋាភិបាល លោក សុខេង មានប្រសាសន៍ថា “ ខ្ញុំគិតថា មិនមានទំនាស់ផលប្រយោជន៍ណាមួយនោះទេ។នៅពេលអ្នកបានស្គាល់គ្នាយូរមកហើយ ព្រោះវាមិនមែនដូចជាមិត្តភក្ដិធម្មតាឬដោយសារទាក់ទងនឹងការងារនោះទេ។ គាត់ដូចជាបងប្អូនអ៊ីចឹង។គាត់ជាបងប្រុសល្អម្នាក់”។
លោកបានបន្ថែមថា “ ខ្ញុំនឹងនៅតែអាចបំពេញការងាររបស់ខ្ញុំបាន។វាមិនពាក់ព័ន្ធឬនាំឲ្យប៉ះពាល់ដល់ការងាររបស់ខ្ញុំទេ”។លោកបានបន្ថែមថា លោកបានស្គាល់លោកកាញារីទ្ធ ចាប់តាំងពីឆ្នាំ១៩៩៤មកម្លេ៉ះ។ចំណែកលោក កាញារីទ្ធ បានពណ៌នាអំពីទំនាក់ទំនងជាមួយលោក សុខេងដូចជាទំនាក់ទំនងនៅក្នុងក្រុមគ្រួសារមួយអ៊ីចឹង។
លោកកាញារីទ្ធបានលើកឡើងក្នុងសារមួយថា “ ខ្ញុំឲ្យលុយគាត់ក្នុងនាមជាសហសេវិកម្នាក់និងបងប្អូន។ជួនកាលអ្នកមិនត្រូវចង្អៀតចង្អល់ពេកទេ”។ អ្នកយកព័ត៌មានម្នាក់ទៀត ដែលសុំមិនបញ្ចេញឈ្មោះបានលើកឡើងថាជានិច្ចកាល ខ្លួនតែងតែទទួលលុយក្នុងរង្វង់ពី១០ដុល្លារ ទៅ២០ដុល្លារ ដាក់នៅក្នុងស្រោមសំបុត្រ នៅ ពេលទៅយកព័ត៌មានអំពីពិធីរៀបចំដោយស្ថាប័នរដ្ឋាភិបាល ពិធីរបស់ក្រុមហ៊ុនឯកជន និងរបស់អង្គការក្រៅរដ្ឋាភិបាល។
អ្នកយកព័ត៌មានរូបនេះបានលើកឡើងថា “ គេដាក់ប្រាក់ក្នុងស្រោមសំបុត្រ ហើយឲ្យមកខ្ញុំ។ប្រាក់ខែរបស់យើងមិនគ្រប់គ្រាន់ទេអ៊ីចឹងហើយទើបខ្ញុំយកលុយនេះ។ខ្ញុំចំណាយលុយនេះទៅលើសាំងម៉ូតូ ម្ហូបអាហារ និងកាហ្វេ”។ លោកឆាយសុផលនិពន្ធនាយកខេមបូឌា
ញូវ និងជាគ្រូបណ្តុះបណ្តាលផ្នែកសារព័ត៌មាន បានលើកឡើងថា ការទទួលអំណោយមួយរបស់អ្នកយកព័ត៌មាន ពីប្រភពព័ត៌មានអាចត្រូវបានបកស្រាយយ៉ាងងាយស្រួលថា ជាការបង្ហាញឲ្យឃើញនូវការរាប់អានគ្នាយ៉ាងជិតស្និទ្ធរវាងមិត្តភក្ដិចាស់ពីរនាក់។
លោក សុផល មានប្រសាសន៍ថា“ ប្រសិន បើគេអាចជួយបាន ពួកគេនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីជួយមិត្តភក្ដិ ឬសាច់ញាតិរបស់ពួកគេ…។ គេអាចផ្ដល់ការគាំទ្រជាផ្លូវចិត្តជួយផ្នែកបច្ចេកទេសឬអាចជួយជាលុយក៏បាន”។
ទោះជាយ៉ាងនេះក្ដី លោកបានមានប្រសាសន៍ថា អ្នកយកព័ត៌មានមិនគួរសរសេរអត្ថបទលម្អៀង ដើម្បីជាថ្នូរនឹងលុយឬអំណោយនោះទេ។លោកមានប្រសាសន៍បន្ថែមថា “ ប្រសិនបើជាអ្នកយកព័ត៌មានយកលុយដោយគ្មានថ្នូរនឹងព័ត៌មាននោះទេ នោះវាមិនមានបញ្ហាឡើយ។ប៉ុន្ដែប្រសិនបើពួកគេទទួលប្រាក់ ដើម្បីសរសេរព័ត៌មាន នោះទើប
មានបញ្ហា”។
បើសំណួរថា តើអ្នកយកព័ត៌មាន ដែលអាចទទួលលុយពីគេហើយ ហ៊ានសរសេរអត្ថបទរិះគន់អ្នកឲ្យលុយនោះដែរឬទេ? សំណួរនេះត្រូវលោកប៉ាងួនទៀងនាយកមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បកស្រាយថាគឺ “ សាមញ្ញណាស់”។
លោកងួនទៀងបានមានប្រសាសន៍ថា “ ប្រសិនបើអ្នកយកលុយពីនរណាម្នាក់ អ្នកមិនអាចរាយការណ៍រឿងពិតអំពីបញ្ហាទាក់ទងនឹងពួកគេឡើយ។ពួកគេក្លាយជាមនុស្ស ដែលយើងហៅជាភាសាខ្មែរថា ’អ្នកមានគុណ’។ ពួកគេ គឺជាអ្នកដែលធ្វើល្អសម្រាប់អ្នក និងក្រោយៗទៀតអ្នកត្រូវតែធ្វើតបពួកគេ មិនថាប្រាក់ ឬវិធីអ្វីខ្លះទៀតនោះឡើយ។លោកបានមានប្រសាសន៍ថាប្រសិន បើជាបុគ្គលមិនដឹងគុណ បុគ្គលរូបនោះនឹងត្រូវគេចាត់ទុកថា “ អាក្រពើ”។
លោកងួនទៀង មានប្រសាសន៍ថា “ អ្នកយកព័ត៌មានទាំងនេះមានទំនាក់ទំនងជាមួយមន្ត្រីរដ្ឋាភិបាល ហើយនេះជាហេតុនាំឲ្យពួកគេមិនអាចរាយការណ៍អំពីការពិត ដែលទាក់ទងជាមួយមិត្តភក្ដិ ឬអង្គភាពរបស់គេ”។
តាមពិត អ្នកយកព័ត៌មានជាច្រើននៅក្នុងប្រទេសកម្ពុជាមានការងារពីរ ធ្វើការឲ្យរដ្ឋាភិបាលផងនិងធ្វើការឲ្យសាព័ត៌មានក្នុងស្រុកផង។ជាឧទាហរណ៍ អ្នកយកព័ត៌មាន ដែលបានផ្តល់សម្ភាសនៅក្នុងអត្ថបទនេះ ធ្វើការឲ្យកាសែតក្នុងស្រុកមួយ និងជាជំនួយការរបស់មន្ត្រីជាន់ខ្ពស់ម្នាក់នៅក្នុងរដ្ឋសភា។