ខណៈដែលវិទ្យុសម្បុកឃ្មុំមានការពុះពារដ៏លំបាក បន្ទាប់ពីការចាប់ខ្លួនលោក ម៉មសូណងដូ ដែលជាម្ចាស់វិទ្យុនេះលោកនាយករដ្ឋមន្ត្រី ហ៊ុនសែនបានធានាចំពោះស្ថានីយវិទ្យុនេះថា វិទ្យុនេះនឹងមិនបិទដោយសារតែប្រធានវិទ្យុនេះប្រព្រឹត្តបទល្មើសនោះទេ។
លោកបានមានប្រសាសន៍ថា“ ខ្ញុំសូមឆ្លើយតបថាវិទ្យុនេះមិនខុសទេ។មិនមែនខឹងគោវាយរទេះនោះទេ។ ពួកគេបានឃោសនាថាវិទ្យុនេះនឹងត្រូវបិទដោយសារតែការបំបាត់សេរីភាពនៃការបញ្ចេញមតិ។វិទ្យុនេះគ្មានកំហុសទេ។នរណាអាចបិទវិទ្យុនេះ?”។
លោក ម៉មសូណង់ដូត្រូវបានចាប់ខ្លួនកាលពីខែមុន តាមការចោទប្រកាន់ពីបទបង្កើតចលនាអបគមន៍ក្នុងខេត្តក្រចេះ។ លោកម៉មសូណង់ដូគឺជាអ្នករិះគន់រដ្ឋាភិបាលឥតសំចៃមាត់ ដែលស្ថានីយរបស់លោកមានឈ្មោះល្បីចំពោះកម្មវិធីរិះគន់ហើយការចាប់ខ្លួនលោកម៉មសូណង់ដូ ធ្វើឲ្យមានកំហឹងពីអង្គការសិទ្ធិមនុស្ស ដែលបាននិយាយថាវាគ្រាន់តែជាលេសមួយ ដើម្បីបំបិទសេរីភាពនៃការបញ្ចេញមតិ ហើយបន្ទាប់មកបិទវិទ្យុសម្បុកឃ្មុំ។
ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការបកស្រាយបែបនេះមិនត្រឹមត្រូវទេ។លោកនាយករដ្ឋមន្ត្រី ហ៊ុនសែនបានមានប្រសាសន៍នៅឯពិធីប្រគល់សញ្ញាបត្រនៅវិទ្យាស្ថានជាតិអប់រំថា ស្ថានីយវិទ្យុនេះគ្មានកំហុសទេ។ លោកបានមានប្រសាសន៍ថា “ វិទ្យុនេះមិនខុសទេ ដូច្នេះគ្មាននរណាម្នាក់ហ៊ានប៉ះពាល់វិទ្យុនេះបានឡើយ។ប៉ុន្ដែម្ចាស់វិទ្យុនេះខុស ដូច្នេះពួកគេចាត់វិធានការប្រឆាំងនឹងម្ចាស់”។
សកម្មភាពនេះត្រូវបានទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកគាំទ្រ និងអង្គការសិទ្ធិមនុស្ស ដែលបាននិងកំពុងតែអំពាវនាវឲ្យមានការដោះលែងលោក ម៉មសូណង់ដូ។សមាជិកអង្គការក្រៅរដ្ឋាភិបាលរបស់លោក គឺសមាគមអ្នកប្រជាធិបតេយ្យ បានស្នើឲ្យស្ថានទូតបរទេសគាំទ្រ និងធ្វើញតិ្តទ្រង់ទ្រាយធំមួយអំពាវនាវឲ្យមានការដោះលែងរូបគាត់។
លោក ជា បម្រុង អនុប្រធានសមាគមនេះបានមានប្រសាសន៍ថា “ យើងបានទទួលស្នាមមេដៃជាង៧០.០០០ពីអ្នកភូមិ”។ ទោះជាយ៉ាងនេះក្ដីទង្វើបែបនោះត្រូវបានរិះគន់ដោយលោកហ៊ុនសែនដែលបានប្រាប់ក្រុមអ្នកគាំទ្រថា វាមានសារៈសំខាន់ថែមទៀតសម្រាប់លោកម៉មសូណង់ដូក្នុងការធ្វើឲ្យប្រាកដថា លោកបានត្រៀមរៀបចំការពារដ៏រឹងមាំ។ លោកបានមានប្រសាសន៍ថា“ រកមេធាវីពូកែមកការពារទៅ។ស្នាមមេដៃមិនយកជាការទេ…អ្នកអាចធ្វើញត្តិផ្តិតមេដៃ ក៏ប៉ុន្ដែ វាមិនមានឥទ្ធិពលដល់សេចក្ដីសម្រេចរបស់តុលាការឡើយ”។
នៅឯវិទ្យុសម្បុកឃ្មុំថ្ងៃនេះ ក្រុមអ្នកគាំទ្រលោកម៉មសូណង់ដូនឹងធ្វើពិធីបួងសួងជួសមុខឲ្យនាយកដែលជាប់ពន្ធនាគាររបស់ខ្លួន។លោកហួនផានណារីអគ្គលេខាធិការសមាគមអ្នកប្រជាធិបតេយ្យ មានប្រសាសន៍ថា “ យើងនឹងបួងសួង ដើម្បីរំឭកដល់អ្នកទាំងឡាយ ដែលផ្ដល់ចម្លើយចោទប្រកាន់គាត់ ដើម្បីរំឭកពីពាក្យសម្តីរបស់ពួកគេពីព្រោះគាត់មិនពាក់ព័ន្ធក្នុងរឿងនេះទេ”៕
ប្រែសម្រួលដោយចេវប៊ុននី