នេះជាលើកទី១ហើយ ក្នុងរយៈពេលប្រាំពីរឆ្នាំ ដែលប្រទេសកម្ពុជាបានបាត់ឈ្មោះពីរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសអាមេរិក និយាយអំពីប្រទេសមួយចំនួន ដែលគេជឿថា ងាយទទួលរងគ្រោះដោយការវាយប្រហារពីក្រុមភេរវជនក្នុងស្រុក និងមកពីក្រៅប្រទេស។
ចាប់តាំងពីមានរបាយការណ៍ប្រចាំឆ្នាំចេញផ្សាយលើកទី១ និយាយពីអំពើភេរវកម្មនៅឆ្នាំ២០០៤មក សហរដ្ឋអាមេរិកបានចាត់ទុកប្រទេសកម្ពុជាជាប្រទេសងាយរងគ្រោះ ដោយសារក្រុមភេរវជន ព្រោះតែប្រទេសនេះមានអំពើពុករលួយ ភាពក្រីក្រ និងមានបញ្ហាចន្លោះប្រហេោងនៅតាមច្រកព្រំដែន។ ប៉ុន្តែ របាយការណ៍ថ្មីបំផុត ដែលចេញផ្សាយ កាលពីថ្ងៃទី៣០ ខែមិថុនា មិនបាននិយាយដល់ឈ្មោះប្រទេសកម្ពុជានោះទេ។
របាយការណ៍ ចេញផ្សាយលើកមុនៗ បានបង្ហាញនូវការជឿនលឿនរបស់រដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មដូចជាការអនុម័តច្បាប់ប្រឆាំងភេរវកម្មក្នុងឆ្នាំ២០០៧ និងការបង្កើតអង្គភាពស៊ើបអង្កេតចរាចរផ្នែកហិរញ្ញវត្ថុនៅក្នុងធនាគារជាតិនៃកម្ពុជាក្នុងឆ្នាំ២០០៨ ដែលជាអង្គការមួយសម្រាប់ត្រួតពិនិត្យសកម្មភាពចរាចរលុយ ដែលអាចផ្តល់ទៅឲ្យក្រុមភេរវជន។
លោក មីសែល បើណិត(Michelle Benett) អនុប្រធានផ្នែកកិច្ចការសាធារណៈ របស់ស្ថានទូតអាមេរិកប្រចាំរាជធានីភ្នំពេញបានមានប្រសាសន៍ថា “ខណៈពេលយើងមិនបានជួបប្រទះនូវការគំរាមកំហែងដោយអំពើភេរវកម្មនៅក្នុងប្រទេសកម្ពុជា ការសំខាន់ត្រូវ យល់ថា កម្ពុជាស្ថិតក្នុងផ្ទាំងស៊ីបដ៏ធំ។ ដោយសារតែវត្តមាននៃក្រុមជ្រុលនិយមក្នុងតំបន់អាសីុអាគ្នេយ៍ឆ្លងប្រទេសនេះ ដើម្បីវាយប្រហារនៅក្នុងតំបន់ រួមទាំងប្រទេសនេះផងនោះ យើងកំពុងសហការយ៉ាងជិតសិ្នទ្ធជាមួយ
រាជរដ្ឋាភិបាលកម្ពុជា ហើយប្រទេសកម្ពុជានៅតែជាដៃគូដ៏សំខាន់នៅក្នុងតំបន់ក្នុងការដោះស្រាយចំពោះការគំរាមកំហែងពីភេរវជន”។ របាយការណ៍កាលពីឆ្នាំមុន បានលើកឡើងថា “ថ្នាក់ដឹកនាំរបស់កម្ពុជាបានបង្ហាញនូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចាត់វិធាន ការតាមផ្លូវច្បាប់ប្រឆាំងនឹងក្រុមភេរវជន និងបានបន្ដប្ដេជ្ញាថា នឹងពង្រឹងសមត្ថភាពរបស់ខ្លួនប្រឆាំងភេរវកម្មតាមរយៈបណ្តុះបណ្តាលនិងកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ”។ របាយការណ៍ដដែលនេះបានបន្ថែមថា អង្គភាពស៊ើបអង្កេតផ្នែកហិរញ្ញវត្ថុ “បានត្រួតពិនិត្យជាក់ស្តែងនៅក្នុងធនាគារជាតិនៃកម្ពុជានិងតាមបណ្តាស្ថាប័នហិរញ្ញវត្ថុ ដើម្បីចាត់វិធានការ ប្រឆាំងនឹងការផ្តល់ហិរញ្ញវត្ថុទៅឲ្យភេរវជន និងការលាងលុយកខ្វក់”។
នៅដើមទសត្សរ៍កន្លងទៅនេះ របាយការណ៍បង្ហាញថា ប្រទេសកម្ពុជាគឺជាជម្រកលាក់ខ្លួនរបស់ពួកឧទាមខ្លាតាមិលមកពីស្រីលង្កា និងបណ្តាញភេរវកម្មជេមីអះ អីុស្លាមីយ៉ា (Jemaah Islamiyah) មកពីប្រទេសឥណ្ឌូណេសីុ ដែលជាក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់ និងជាក្រុមបំផ្ទុះគ្រាប់បែក នៅកោះបាលី ប្រទេសឥណ្ឌូណេសីុ កាលពីឆ្នាំ២០០២។
លោក សាណាកា ចាយ៉ាសិការ៉ា (Shanaka Jayasekara) ជាសាស្ត្រាចារ្យ និងជាអ្នកស្រាវជ្រាវ អំពើភេរវកម្មនៅសាកលវិទ្យាល័យម៉ាខ្វារី (Macquarie University) ក្នុងទីក្រុងសីុដនី ប្រទេសអូស្ត្រាលី បានមានប្រសាសន៍ថា “កាលពីមុន គេចាត់ទុកប្រទេសកម្ពុជា ជាកន្លែងផ្គត់ផ្គង់អាវុធ ដែលពួកភេរករអាចទិញគ្រឿងសព្វាវុធគ្រប់ប្រភេទបាន។ប៉ុន្តែឥឡូវនេះ ប្រទេសកម្ពុជាលែងស្ថិតក្នុងកែវភ្នែករបស់ក្រុមភេរវករជាយូរមកហើយ”។
របាយការណ៍របស់ក្រសួងការបរទេសអាមេរិកដោយឡែកមួយទៀត និយាយអំពីបទឧក្រិដ្ឋផ្នែកហិរញ្ញវត្ថុ ដែលបានចេញផ្សាយកាលពីខែមីនា លើកឡើងថា ប្រទេសកម្ពុជា “ងាយរងគ្រោះដោយសារអំពើលាងលុយកខ្វក់ធំបំផុត” ប៉ុន្តែ មិនបានបញ្ជាក់លម្អិតអំពីការផ្តល់ហិរញ្ញវត្ថុដល់អំពីភេរវកម្មនោះទេ៕
ប្រែសម្រួលដោយ ហម សុផាណ្ណា