អង្គការសិទ្ធិមនុស្សក្នុងស្រុកចំនួនពីរបានដាក់ពាក្យបណ្តឹងកាលពីម្សិលមិញនៅសាលាដំបូងខេត្តរតនគីរី ចោទមន្ត្រីភូមិឃុំពីបទបរិហារកេរ្តិ៍ និងបំភិតបំភ័យ បន្ទាប់ពីរពួកគេបានរំខានដល់វគ្គបណ្តុះបណ្តាលអំពីសិទ្ធិកាន់កាប់ដីធ្លី កាលពីខែមុន ។
កាលពីថ្ងៃទី២៦ ខែកក្កដា មន្ត្រីប្រដាប់អាវុធមួយក្រុមបានរារាំងអង្គការអាដហុក និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមិនឲ្យបើកវគ្គអប់រំមួយដែលមានអ្នកភូមិចូលរួមប្រមាណ៥០នាក់នៅផ្ទះប្រជាជនម្នាក់ នៅឃុំបាតាងស្រុកលំផាត់។
លោក ប៉ែន បុណ្ណារ៍ អ្នកសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តរតនគីរី បានមានប្រសាសន៍ថា លោកបានដាក់ពាក្យបណ្តឹងពីរបទបរិហារកេរ្តិ៍ប្តឹងលោក ផេង មាំង ដែលជាមេភូមិបាតាងមកពីគណបក្សប្រជាជនកម្ពុជាដែលបានធ្វើការចោទប្រកាន់អង្គការសិទ្ធិមនុស្សនេះនៅចំពោះមុខអ្នកភូមិជាច្រើននាក់ ។
លោក ប៊ុណ្ណារ៍ មានប្រសាសន៍ថា លោកផេង មាំង បានចោទអង្គការ សិទិ្ធមនុស្សពីបទញុះញង់ និងពីបទរារាំងអ្នកភូមិមិនឲ្យចូលរួមកិច្ចប្រជុំជាមួយអាជ្ញាធរមូលដ្ឋាន ។
លោកបានឲ្យដឹងទៀតថា “ គោលបំណងនៃពាក្យបណ្តឹងនេះបង្ហាញថា រាល់សកម្មភាពរបស់អង្គការអាដហុក គឺដើម្បីការពារសិទិ្ធមនុស្ស និងការពារសិទ្ធិកាន់កាប់ដីធ្លី មិនមែន ដើម្បីញុះញង់ប្រជាជនមិនឲ្យ ស្តាប់អាជ្ញាធរមូលដ្ឋាននោះទេ”។
បើតាមលោក ឈឹម សាវុធ អ្នកសម្របសម្រួលគម្រោងនៅមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជាបានឲ្យដឹងថា នៅក្នុងពាក្យបណ្តឹងមួយផ្សេងទៀតដែលបានប្តឹងនៅឯសាលាដំបូងខេត្តដដែលនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានចោទលោក គិត ចែម ជាប្រធានឃុំ និងលោក ប្លាង មាំង ជានាយប៉ុស្តិ៍នគរបាលឃុំពីបទបំភិតបំភ័យ ។
លោក សាវុធ បាននិយាយថា មន្ត្រីទាំងពីររូបនោះ បានព្យាយាមចាប់យកកាមេរ៉ាពីអ្នកស្រី សេង ស្រីភាព ជាបុគ្គលិករបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ខណៈដែលអ្នកស្រីបានព្យាយាមថតរូបនគរបាលប្រដាប់អាវុធ ដែលព្យាយាមរំខានដល់វគ្គអប់រំនោះ។
លោក សាវុធ បានអះអាងថា លោក ចែមក៏បានសុំឲ្យបុគ្គលិករបស់អង្គការសិទ្ធិមនុស្សចាកចេញពីតំបន់នោះដែរ បើពុំដូច្នេះទេ “ មិនអាចធានាអំពីសន្តិសុខរបស់ពួកគេបានឡើយ”។ លោកបានលើកឡើងថា “ ចាប់តាំងពីយើងបានអនុវត្តតាមច្បាប់ ដោយការប្រាប់ពួកគេ “ អាជ្ញាធរ” អំពីរវគ្គអប់រំរបស់យើងមក យើងបានរងការបំភិតបំភ័យម្តងហើយម្តងទៀត។ កងកម្លាំងប្រដាប់អាវុធរំខានដល់វគ្គអប់រំរបស់យើងជាច្រើន”។
លោក រស់ សារ៉ាម ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានអះអាងថា ពាក្យបណ្តឹងត្រូវបានដាក់រួចរាល់ហើយ ប៉ុន្តែ លោកបានបដិសេធមិននិយាយបន្ថែមទេ ដោយគ្រាន់តែនិយាយថា មិនទាន់អាចនិយាយបានថាមានការប្រព្រឹត្តខុសណាមួយឬអត់នោះទេ ។លោក សារ៉ាម មានប្រសាសន៍ថា យើងនឹងដោះស្រាយរឿងក្តីនេះ។ ប្រសិនបើរកឃើញថា ពួកគេមានកំហុសដូចអង្គការសិទ្ធិមនុស្សចោទមែននោះ ពួកគេនឹងត្រូវមានទោសតាមច្បាប់”៕
ប្រែសម្រួលដោយ ពេជ្រ សុភ័ក្ត្រ