យោងតាមតួលេខ ដែលរដ្ឋាភិបាលចេញផ្សាយកាលពីម្សិលមិញ បង្ហាញថា ចំនួនសរុបនៃកុមារស្លាប់ដោយសារជំងឺគ្រុនឈាមបានកើនឡើងជិត១០០នាក់ ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំនេះ ហើយចំនួននៃការឆ្លងជំងឺនេះ បានកើនឡើងបីដង ដល់ជាង២០.០០០ករណី ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
ចន្លោះពីថ្ងៃទី១ខែមករា ដល់ថ្ងៃទី៣១ខែកក្កដា កុមារ៩៨នាក់ បានស្លាប់ដោយសារជំងឺគ្រុនឈាម ហើយមានការឆ្លងជំងឺនេះចំនួន២៣.២១៦ករណីត្រូវបានកត់ត្រាទុក ដែលតួលេខនេះបានមកពីមជ្ឈមណ្ឌលជាតិបារ៉ាសុីតសាស្ត្រ បាណកសាស្ត្រ និងគ្រប់គ្រងជំងឺគ្រុនចាញ់ ។
ទោះបីចំនួនអ្នកស្លាប់មិនទាន់ស្មើនឹងឆ្នាំ២០០៧ ដែលពេលនោះមានចំនួនអ្នកស្លាប់៤០០នាក់ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំនោះក៏ដោយ ក៏អ្នកជំនាញសុខាភិបាលនិយាយថា ភាពធ្ងន់ធ្ងរនៃជំងឺនេះមិនមែនជាអាទិភាពទេជាពិសេសនៅពេលគេគិតថាអាជ្ញាធរបានដឹងថា ករណីឆ្លងជំងឺគ្រុនឈាមកើនឡើងតាមរដូវកាលរៀងរាល់ប្រាំឆ្នាំម្តង។
ខណៈដែលចំនួនអ្នកស្លាប់ដោយសារគ្រាប់មីន មានត្រឹមតែ២៥នាក់ក្នុងប្រទេសកម្ពុជាអំឡុងពេលប្រាំពីរខែដំបូងនៃឆ្នាំនេះចំនួនថវិកាសរុបឆ្នាំ២០១១សម្រាប់សកម្មភាពកម្ចាត់មីននៅក្នុងប្រទេសកម្ពុជាមានចំនួន១១,៤លានដុល្លារ នេះបើយោងតាមមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា។
បើប្រៀបធៀបគ្នា មជ្ឈមណ្ឌលជាតិបារ៉ាសុីតសាស្រ្ត បាណកសាស្រ្តនិងគ្រប់គ្រងជំងឺគ្រុនចាញ់ មានថវិកាត្រឹមតែ២,៥លានដុល្លារប៉ុណ្ណោះសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម ទោះបីជាចំនួនអ្នកស្លាប់ដោយជំងឺនេះច្រើនជាងបួនដងក៏ដោយ។
លោកវេជ្ជបណ្ឌិត ងួន ចាន់ភ័ក្ត្រា អនុប្រធាន ប្រតិបត្តិនៃមន្ទីរពេទ្យកុមារអង្គរនៅក្នុងក្រុងសៀមរាប ដែលបានព្យាបាលអ្នកជំងឺជាង១.០០០នាក់ រហូតមកដល់ឆ្នាំនេះនិងដែលបានកត់ត្រាចំនួនអ្នកស្លាប់ប្រាំនាក់នោះ បានមានប្រសាសន៍ថា “ ជំនួសឲ្យការរង់ចាំការផ្ទុះឡើងនៃជំងឺនេះ និងការចាត់វិធានការបញ្ឈប់វានោះ គេគួរតែការពារជាមុនតាមរយៈការចាត់វិធានការ….ដូចជាបញ្ឈប់សត្វមូស [មិនឲ្យពង] តាមរយៈការបាញ់ថ្នាំ”។
លោក ប៊ីត រីចន័រ (Best Richner)ស្ថាបនិក មន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញ និងក្រុងសៀមរាបក៏មានប្រសាសន៍ផងដែរថាត្រូវមានការខិតខំប្រឹងប្រែងថែមទៀតក្នុងការការពារប្រជាពលរដ្ឋមិនឲ្យមានជំងឺគ្រុនឈាម។នៅក្នុងសេចក្តីថ្លែងការណ៍កាលពីម្សិលមិញ លោក រីចន័រ បានលើកឡើងថា
មន្ទីរពេទ្យរបស់លោកបានអនុញ្ញាតឲ្យកុមារដែលឆ្លងជំងឺគ្រុនឈាមធ្ងន់ធ្ងរចំនួន៥.៦០១នាក់ ចូលសម្រាកព្យាបាលនៅក្នុងខែកក្កដាហើយកុមារចំនួន២៤នាក់បានស្លាប់នៅពេលនោះ។ ដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់នេះលោក រីចន័រ បានមានប្រសាសន៍ថា រដ្ឋា ភិបាលគួរតែផ្តោតការយកចិត្តទុកដាក់លើការចែកចាយថ្នាំអាបែត ដែលជាថ្នាំសម្លាប់សត្វមូស និងអាចបញ្ឈប់ការឆ្លងជំងឺមិនឲ្យរីករាលដាល។
លោក រីចន័រ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍នោះថា “ ក្នុងចំណោមប្រជាពលរដ្ឋទាំងអស់ មានប្រជាពលរដ្ឋត្រឹមតែ២០ភាគរយប៉ុណ្ណោះដែលបានទទួលថ្នាំអាបែតដាក់នៅក្នុងពាងទឹក នៅផ្ទះរបស់ពួកគេ។ [ប្រសិនបើគ្រប់គ្នាបានទទួលថ្នាំអាបែត] ការកើតជំងឺគ្រុនឈាមនឹងមិនអាចមានច្រើនដូចក្នុងឆ្នាំ២០០៧នោះទេ”។
នៅក្នុងករណីដែលមានជំងឺគ្រុនឈាមធ្ងន់ធ្ងរ កុមារអាចមានអាការក្តៅខ្លាំង ក្អួតចង្អោរ និងឈឺចាប់ក្នុងពោះ ហើយអាចបែកគ្រាប់ឈាមប្រសិនបើមិនបានព្យាបាលទេនោះ។
ទោះបីជាមានការកើនឡើងនៃការឆ្លងជំងឺគ្រុនឈាមគួរឲ្យភ្ញាក់ផ្អើលនៅក្នុងឆ្នាំនេះក្តី ក៏លោក វេជ្ជបណ្ឌិត ច ម៉េងជួ ប្រធានមជ្ឈមណ្ឌលជាតិគ្រប់គ្រងបារ៉ាសុីតសាស្រ្ត បាណកសាស្រ្ត និងជំងឺគ្រុនចាញ់មានប្រសាសន៍ថារដ្ឋាភិបាលបានផ្តល់ថវិកាចំនួន២,៥លានដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺនេះគឺគ្រប់គ្រាន់ហើយ។ ដើម្បីប្រឆាំងនឹងជំងឺនេះ រដ្ឋាភិបាលត្រូវចំណាយថវិកាលើការផ្សព្វផ្សាយវិធីបង្ការទាំងតាមទូរទស្សន៍ និងវិទ្យុ ព្រមទាំងចែកចាយថ្នាំអាបែត ២៧០តោននៅទូទាំងប្រទេស។
លោក ម៉េងជួ បានមានប្រសាសន៍ថា“ យើងបានចំណាយថវិកាសម្រាប់ការផ្តល់ព័ត៌មាននិងអភិបាលកិច្ច។ ថវិកានេះគឺគ្រប់គ្រាន់ហើយ។ វាជាការចាំបាច់ ដែលប្រជាពលរដ្ឋត្រូវធ្វើការងារដោយខ្លួនឯង។យើងបានបង្កើនសកម្មភាពអប់រំ ហើយបានទិញថ្នាំអាបែតច្រើន”។
លោក ង៉ាន ចន្ថា នាយករងនៃកម្មវិធីគ្រប់គ្រងជំងឺគ្រុនចាញ់មានប្រសាសន៍ថា ប្រជាពលរដ្ឋគួរតែធ្វើឲ្យប្រាកដថា ផ្ទះរបស់ពួកគេគ្មានទឹកដក់ ហើយត្រូវបញ្ជូនកូនរបស់ពួកគេទៅមន្ទីរពេទ្យភ្លាមប្រសិនបើពួកគេឈឺ។ លោក ចន្ថា បានលើកឡើងថា “ កុមារភាគច្រើនស្លាប់ដោយសារតែឪពុកម្តាយទុកពួកគេយូរពេកមុនពេលបញ្ជូនពួកគេទៅមន្ទីរពេទ្យ។យើងត្រូវការឲ្យប្រជាពលរដ្ឋធ្វើការងារនេះដោយខ្លួនឯង”។លោក បានបន្តថាខេត្តបន្ទាយមានជ័យ កំពង់ចាម សៀមរាមនិងខេត្តកណ្តាល គឺជាខេត្តដែលមានជំងឺនេះខ្លាំងជាងគេ។
យើងតាមលោក កែវ សុភក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ខេត្តរបស់លោកមានករណីឆ្លងជំងឺគ្រុនឈាមចំនួន២.០០០ករណី ដែលមានកុមារស្លាប់១៣នាក់រហូតមកដល់ពេលនេះក្នុងឆ្នាំនេះ។ កាលពីឆ្នាំមុន មានការឆ្លងជំងឺចំនួន៤០០ករណីដែលមានកុមារស្លាប់តែម្នាក់គត់។
លោកបានបន្តថា “ នៅពេលដែលកុមារត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ស្ថានភាពជំងឺនោះធ្ងន់ធ្ងរជួយលែងបានទៅហើយ”៕ ប្រែសម្រួលដោយ ហម សុផាណ្ណា