យោងតាមអ្នកនិពន្ធរបាយការណ៍ថ្មីមួយបានឲ្យដឹងថាកម្មវិធីរបស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជារបស់អង្គការពលកម្មអន្តរជាតិ (ILO) ត្រូវតែមានការកែសម្រួលក្នុងដំណើរការប្រតិបត្តិការត្រួតពិនិត្យរបស់ខ្លួន មុនពេលគម្រោងនេះអាចកែលម្អលក្ខខណ្ឌការងារនៅក្នុងវិស័យកាត់ដេរ ឲ្យមានប្រសិទ្ធភាព។
គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដែលទទួលមូលនិធិដោយផ្នែកពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការដោយអង្គការ ILO កាលពីឆ្នាំ២០០១ក្នុងគោលបំណងធានាថា លក្ខខណ្ឌការងារនៅតាមរោងចក្រកាត់ដេរនៅកម្ពុជា សមស្របតាមបទដ្ឋានការងារអន្តរជាតិ ក៏ដូចជាច្បាប់ការងារក្នុងស្រុកផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍ថ្មីដែលរៀបរៀងដោយមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍និងអង្គការ បេសសកម្មសម្លៀកបំពាក់ស្អាតដែលមានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់មានចំណងជើងថា់រយៈពេល១០ឆ្នាំនៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាបានលើកជាសំនួរថាតើគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាមានសមត្ថភាពធ្វើការងាររបស់ខ្លួនបានយ៉ាងត្រឹមត្រូវដែរឬយ៉ាងណាឯ។
យោងតាមរបាយការណ៍នេះបានឲ្យដឹងថាគម្រោងរោងចក្រកាន់តែប្រសើរ មិនបំពេញទស្សនកិច្ចដល់ទីតាំងជាក់ស្តែងបានគ្រប់គ្រាន់ដើម្បីត្រួតពិនិត្យរោងចក្រទាំងឡាយឲ្យបានត្រឹមត្រូវទេ ពោលគឺក្នុងមួយរោងចក្របានតែម្តងក្នុងមួយឆ្នាំប៉ុណ្ណោះ ខណៈដែលការងារចុះត្រួតពិនិត្យភាគច្រើនត្រូវបានប្រកាសថា នឹងត្រូវបំពេញនៅពេលខាងមុខ ជាហេតុបណ្តាលឲ្យគណៈគ្រប់គ្រងរោងចក្រមានឱកាស ច្រើន សម្រាប់ការបិទបាំងអំពើហឹង្សាផ្សេងៗ។
របាយការណ៍ដដែលនេះមានខ្លឹមសារថា”ឧទាហរណ៍មេដឹកនាំសហជីពបានកត់សម្គាល់ថារោងចក្រជាច្រើនលាក់កម្មករមិនគ្រប់អាយុនៅក្នុងបន្ទប់ទឹកក្នុងពេលមានការចុះត្រួតពិនិត្យរោងចក្រ”។របាយការណ៍ដដែលនេះមានខ្លឹមសារបន្តទៀតថា”ក៏មានចំណុចជាច្រើនដែលមិនស៊ីគ្នារវាងអ្វីដែលមានបញ្ជាក់នៅក្នុងគម្រោងរោងចក្រកាន់តែប្រសើរនិងលក្ខខណ្ឌការងារជាក់ស្តែងដែលមាននៅតាមរោងចក្រ”។នៅក្នុងរបាយការណ៍នេះក៏បានបង្ហាញបន្ថែមទៀតថាជារឿយៗគណៈគ្រប់គ្រងរោងចក្របង្ហាត់កម្មករអំពីអ្វីដែលត្រូវនិយាយទៅកាន់ក្រុមអ្នកចុះត្រួតពិនិត្យ។
ខ្លឹមសារនៅក្នុងរបាយការណ៍ដដែលនេះបានបង្ហាញបន្ថែមទៀតថាគម្រោងរោងចក្រកាន់តែប្រសើរ គ្រាន់តែចេញផ្សាយរបាយការណ៍ទូទៅ សម្រាប់សាធារណជនប៉ុណ្ណោះ ខណៈដែលរបាយការណ៍ដែលរោងចក្រនីមួយៗចេញផ្សាយត្រូវបានផ្ញើជូនតែរោងចក្រខ្លួនឯងប៉ុណ្ណោះ ជាហេតុនាំឲ្យមិនមានកត្តាជំរុញឲ្យមានការកែទម្រង់ក្នុងចំណោមរោងចក្រទាំងនេះទេ”។
អ្នកស្រីជីលថាកគ័រ (Jill Tucker) ប្រធានទីប្រឹក្សាបច្ចេកទេសសម្រាប់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាបានមានប្រសាសន៍ថា អ្នកស្រីយល់ស្របទៅនឹងចំណុចភាគច្រើននៅក្នុងរបាយការណ៍វាយតម្លៃនេះ ហើយអ្នកស្រីបានសង្កត់ធ្ងន់ថាគម្រោងរោងចក្រកាន់តែប្រសើរ មានកម្លាំងបុគ្គលិកមិនគ្រប់គ្រាន់។អ្នកស្រីបានមានប្រសាសន៍បន្ថែមទៀតថាបច្ចុប្បន្ន គម្រោងកំពុងតែធ្វើការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ ឲ្យសាធារណជនបានជ្រាបអំពីរបកគំហើញរបស់ខ្លួន។
អ្នកស្រីបានមានប្រសាសន៍ដូច្នេះថា”វាជាការពិតដែលយើងមិនមានកម្លាំងគ្រប់គ្រាន់សម្រាប់ឆ្លើយតបទៅនឹងបណ្តឹងតវ៉ានីមួយៗ។មានកម្មករចំនួនប្រហែល៤០០.០០០នាក់តែអ្នកត្រួតពិនិត្យមានតែ១៣នាក់ប៉ុណ្ណោះ។ទោះជាយ៉ាងណាក៏ដោយយើងពិតជាមានប្រព័ន្ធសម្រាប់តាមដានករណីបណ្តឹងតវ៉ាទាំងនោះ”។
អ្នកស្រីជីលថាកគ័រ បានមានប្រសាសន៍បន្ថែមទៀតថា”យើងពិតជាបានអនុវត្តគម្រោងសិក្សាវាយតម្លៃទាំងអស់របស់យើង ដែលមិនត្រូវបានប្រកាស់ប៉ុន្តែ ក្នុងករណីខ្លះ យើងត្រូវបានគេឃាត់នៅច្រកចេញចូលអស់រយៈពេល១៥នាទីហើយបុគ្គលិករោងចក្រចូលទៅចាត់ចែងតាមស្ថានភាព ហើយជួនកាល យើងទទួលបាននូវការបដិសេធមិនឲ្យចូលទៀតផង។បុគ្គលិករបស់យើងពិតជាមានអារម្មណ៍ស្រងាកចិត្តខ្លាំងណាស់ដោយសារតែស្ថានភាពបែបនេះ”៕
ប្រែសម្រួលដោយកងសុធា