ក្រុមអាជីវករដែលគេបណ្តេញចេញ មកពីផ្សារទំនប់ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញបានប្រមូលផ្ដុំគ្នានៅជិតខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែនកាលពីថ្ងៃសុក្រ ដើម្បីស្វែងរកការអន្ដរាគមន៍ ឲ្យបញ្ឈប់ការបណ្ដេញចេញពួកគេ ដែលបានអនុវត្តដោយកងកម្លាំងនគរបាល និងកងរាជអាវុធហត្ថកាលពីថ្ងៃព្រហស្បតិ៍។
ក្រុមអាជីវករប្រហែល១០០នាក់បានប៉ះទង្គិចគ្នាជាមួយអាជ្ញាធរ ដើម្បីការពារ មិនឲ្យបណ្តេញចេញក្នុងពេលបិទផ្សារដោយម្ចាស់ឯកជនរបស់ផ្សារនេះ ដែលមានគម្រោងជួសជុលផ្សារឡើងវិញ និងដំឡើងថ្លៃឈ្នួល។ ក្រុមអាជីវករនិយាយថា ពួកគេមិនចង់បង់ប្រាក់បន្ថែមលើថ្លៃឈ្នួលតូប និងតម្លៃផ្សេងៗទៀតនោះទេ ហើយក៏មិនចង់ឲ្យបិទផ្សារក្នុងអំឡុងពេលជួសជុលដែរ។
អាជីវករម្នាក់ឈ្មោះ គុនរ៉ាន់ជាតំណាងម្នាក់ឲ្យក្រុមអាជីវករដែលបានប្រមូលផ្តុំគ្នាធ្វើការតវ៉ានៅជិតភូមិគ្រឹះរបស់នាយករដ្ឋមន្ត្រី ហ៊ុនសែន និយាយថា “ ក្រុមអាជីវករបានប្រមូលផ្ដុំគ្នានៅទីនេះ ដើម្បីស្នើសុំអន្ដរាគមន៍ពីលោកនាយករដ្ឋមន្ត្រីអនុញ្ញាតឲ្យពួកគាត់លក់ដូរផលិតផលដូចធម្មតាវិញ។មានតែនាយករដ្ឋមន្ត្រីម្នាក់គត់ ដែលអាចដោះស្រាយបញ្ហានេះបាន។
អ្នកស្រី គុនរ៉ាន់ និយាយបន្តថា “ ផ្សារនេះជាឆ្នាំងបាយរបស់ខ្ញុំ។ ខ្ញុំពឹងផ្អែកលើផ្សារនេះដើម្បីចិញ្ចឹមជីវិត និងបញ្ជូនកូនៗរបស់ខ្ញុំទៅសាលារៀន”៕
ប្រែសម្រួលដោយឃិនណៃ