Janelle Kohnert
ខេមបូឌាដេលី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននឹងបើកកិច្ចពិភាក្សាទ្វេភាគីជាមួយលោក បារ៉ាក់ អូបាម៉ា
(Barack Obama) ប្រធានាធិបតីអាមេរិក នៅពេលមេដឹកនាំសហរដ្ឋអាមេរិក ដែលទើបតែជាប់ឆ្នោតសាជាថ្មីម្តងទៀតរូបនេះ មកបំពេញទស្សនកិច្ចក្នុងរាជធានីភ្នំពេញ អំឡុងកិច្ចប្រជុំកំពូលអាស៊ាននិងអាស៊ីបូព៌ានៅក្នុងខែនេះ។
លោក ហ៊ុន សែន បានប្រកាសពីកិច្ចប្រជុំទ្វេភាគីនេះនៅក្នុងលិខិតមួយផ្ញើទៅកាន់ លោក បារ៉ាក់អូបាម៉ា កាលពីថ្ងៃពុធ ដោយអបអរសាទរចំពោះការឈ្នះឆ្នោតជាប្រធានាធិបតីនៅអាណត្តិទី២នេះ។ លោកបារ៉ាក់អូបាម៉ា ដែលគេរំពឹងថានឹងមកបំពេញទស្សនកិច្ចក្នុងរាជធានីភ្នំពេញពីថ្ងៃទី១៨ ដល់ថ្ងៃទី២១នោះ នឹងជាប្រធានាធិបតីអាមេរិកកំពុង
កាន់អំណាចដំបូងដែលមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា។
នៅក្នុងលិខិតរបស់លោកផ្ញើទៅកាន់លោក បារ៉ាក់អូបាម៉ា លោក ហ៊ុនសែន ក៏បាន
កោតសរសើរពីការរីកចម្រើននៃកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលរាជធានីភ្នំពេញផងដែរ។
លោកហ៊ុនសែនសរសេរថា “ ស្ថិតក្រោម
ការដឹកនាំដ៏ឈ្លាសវៃរបស់លោក ចំណងមិត្តភាពរវាងប្រជាពលរដ្ឋរបស់យើងក៏ដូចជាទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសជាតិរបស់យើងទាំងពីរត្រូវបានពង្រឹង
ដើម្បីផលប្រយោជន៍ទៅវិញទៅមក”។
លិខិតនោះបានបន្ដថា“ ខ្ញុំសង្ឃឹមថាទំនាក់
ទំនងទ្វេភាគីរបស់យើងនឹងត្រូវពង្រឹងបន្ថែមទៀត អំឡុងការកាន់តំណែងនៅអាណត្តិទី២របស់លោក ដែលនឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការកើនឡើងលើគ្រប់វិស័យ ដែលយើងកំពុងតែមានសព្វថ្ងៃ”។
លោក កុយគួងអ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ កាលពីម្សិលមិញថាលោកហ៊ុនសែននឹងបើកកិច្ចពិភាក្សាមួយទល់នឹងមួយជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក។
លោក កុយគួងបានថ្លែងថា “ នៅខាងក្រៅកិច្ចប្រជុំកំពូលនឹងមានកិច្ចពិភាក្សាទ្វេភាគីរវាងលោកហ៊ុនសែននឹងលោកប្រធានាធិបតី បារ៉ាក់អូបាម៉ា”។តែទោះជាយ៉ាងណាលោកមិនទាន់មានព័ត៌មានទេថា តើមេដឹកនាំទាំងពីរនឹងត្រូវពិភាក្សាអំពីអ្វីនោះ។
ស្ថានទូតសហរដ្ឋអាមេរិកលើកឡើងថាការមកបំពេញទស្សនកិច្ច្ក្នុងប្រទេសកម្ពុជារបស់លោកបារ៉ាក់អូបាម៉ានៅមិនទាន់បញ្ជាក់នៅឡើយទេ ហើយក៏នឹងមិនអាចរៀបរាប់លម្អិតពីកិច្ចប្រជុំរបស់លោកបារ៉ាក់ អូបាម៉ាជាមួយនឹងលោកហ៊ុនសែនដែរ។
លោកសៀនម៉ាក់គិនតូស (Sean McIntosh) អ្នកនាំពាក្យស្ថានទូតអាមេរិក បានថ្លែងថា “ សេតវិមាននៅមិនទាន់បញ្ជាក់អំពីគម្រោងមកបំពេញទស្សនកិច្ចនេះនៅឡើយទេ”។
ទោះជាយ៉ាងណាលោកហ៊ុនសែនបានបញ្ជាក់ច្បាស់ជាងស្ថានទូត កាលពីម្សិលមិញ។ លោក ហ៊ុន សែន ថ្លែងនៅពេលថ្លែងសុន្ទរកថានៅវិទ្យាស្ថានជាតិអប់រំថា “ តាមអ្វីដែលបានគ្រោងទុក លោកប្រធានាធិបតីអាមេរិក នឹងមកកាន់រាជធានីភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន និងអាស៊ីបូពា៌”។
លោកបានថ្លែងថា“យើងសង្ឃឹមថាទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា នឹងត្រូវពង្រឹងបន្ដទៀត”។លោកបន្ដថាលោកបារ៉ាក់អូបាម៉ាបានបំពេញការងារបានយ៉ាងល្អនៅក្នុងការពង្រឹងទំនាក់ទំនងជាមួយនឹងប្រទេសសមាជិកអាស៊ាន ជាពិសេសនោះគឺដោយសារតែប្រធានាធិបតីសហរដ្ឋអាមេរិកបានមកចូលរួមកិច្ចប្រជុំក្នុងតំបន់ជាច្រើន។
លោក បារ៉ាក់អូបាម៉ាបានមកចូលរួមប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកដែលធ្វើឡើងក្នុងប្រទេសសិង្ហបុរី កាលពីឆ្នាំ២០០៩ និងបានមកចូលរួមកិច្ចប្រជុំអាស៊ីបូពា៌នៅកោះបាលីប្រទេសឥណ្ឌូណេសុី ក្នុងឆ្នាំ២០១១និងបានចូលរួមកិច្ចប្រជុំរវាងសហរដ្ឋអាមេរិក និងប្រទេសសមាជិកអាស៊ាន ដែលធ្វើឡើងក្នុងបុរីញូវយ៉ក។
លោកឡៅម៉ុងហៃអ្នកវិភាគនយោបាយឯករាជ្យ បានលើកឡើងថាកិច្ចពិភាក្សារវាងលោកបារ៉ាក់ អូបាម៉ានិងលោកហ៊ុនសែននឹងទំនងជាផ្ដោតលើបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូង ឬក៏កំណែទម្រង់នៅភូមា។
លោកឡៅម៉ុងហៃមានប្រសាសន៍ថាកំណែទម្រង់ការបោះឆ្នោត និងរបាយការណ៍សិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា នឹងមិនទំនងជាស្ថិតក្នុងកិច្ចពិភាក្សានោះឡើយ។
លោកបានលើកឡើងថា “ ប្រហែលជាលោកនឹងនិយាយថា លោកចង់ឃើញការអនុវត្តលទ្ធិប្រជាធិបតេយ្យឲ្យកាន់តែល្អ”។លោកបានបន្ដថា បញ្ហាផ្ទៃក្នុងដូចជាបញ្ហាគណបក្ស សមរង្ស៊ីខ្ញុំមិនគិតថាលោកនឹងលើកយកបញ្ហានេះមកពិភាក្សាឡើយ”។
កាលពីដើមខែនេះលោកគឺតខេមប៊េល (Kert Campbell) ឧបការីរងទទួលបន្ទុកកិច្ចការអាស៊ីបូពា៌និងប៉ាស៊ីហ្វិក បានថ្លែងថាសហរដ្ឋអាមេរិកមានក្ដីព្រួយបារម្ភអំពីចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជាលើមន្ត្រីមកពីគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងបុគ្គលផ្សេងទៀត។ លោក ខេមប៊េល មិនបានលើកឡើងទេថា តើលោក បារ៉ាក់ អូបាម៉ា នឹងលើកយកបញ្ហាទាំងនោះមកពិភាក្សាអំឡុងការមកបំពេញទស្សនកិច្ចរបស់លោកក្នុងរាជធានីភ្នំពេញ ឬក៏អត់នោះទេ។
លោកសមរង្ស៊ីមេដឹកនាំគណបក្សប្រឆាំងបានសរសេរលិខិតអបអរសាទរផ្ញើទៅលោកបារ៉ាក់ អូបាម៉ាថាលោកសង្ឃឹមថាលោកប្រធានាធិបតីអាមេរិក នឹងប្រើការមកបំពេញទស្សនកិច្ច្របស់លោក ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យពិតប្រាកដក្នុងប្រទេសកម្ពុជា។
លិខិតនោះបានលើកឡើងថា “ ខ្ញុំសង្ឃឹម និងជឿជាក់ថាលោកនឹងប្រើការមកបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា នៅក្នុងខែនេះរបស់លោក ដើម្បីជួយជំរុញប្រទេសកម្ពុជាឲ្យអនុវត្តលទ្ធិប្រជាធិបតេយ្យពិតប្រាកដដូចសហរដ្ឋអាមេរិកបានអនុវត្តនោះ”។
លោកសមរង្ស៊ីដំបូងឡើយបានអំពាវនាវឲ្យលោក បារ៉ាក់អូបាម៉ាធ្វើពហិការមិនចូលរួមក្នុងកិច្ចប្រជុំនៅក្នុងរាជធានីភ្នំពេញ ដោយលើកឡើងថាវត្តមានរបស់លោកនឹងជួយគាំទ្រដល់ការបោះឆ្នោតមិនយុត្តិធម៌ក្នុងប្រទេសកម្ពុជា៕
(រាយការណ៍បន្ថែមដោយគុចណារ៉េន)
ប្រែសម្រួលដោយស៊ាស៊ុយឈាង