បើទោះជាមានការផ្អាកបណ្តោះអាសន្នក្នុងការផ្តល់សម្បទានដីសេដ្ឋកិច្ចថ្មីក៏ដោយ ក៏រដ្ឋាភិបាលបានសម្រេចផ្តល់ដីសម្បទានសេដ្ឋកិច្ចថ្មីយ៉ាងតិច៣២កន្លែង ចាប់តាំងពីលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានប្រកាសផ្អាកកាលពីក្នុងខែឧសភា។
យោងតាមអនុក្រឹត្យចុះហត្ថលេខាក្នុងខែឧសភា និងទទួលបានពីអង្គការសិទ្ធិមនុស្សលីកាដូ បានឲ្យដឹងថា លោកហ៊ុនសែន បានចុះហត្ថលេខាផ្ដល់ដីសម្បទាន៣២កន្លែងឲ្យទៅក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេសសម្រាប់គម្រោងកសិឧស្សាហកម្ម ដែលគ្របដណ្តប់លើផ្ទៃដីសរុប២០៨.០០០ហិកតានៅក្នុងខេត្តចំនួនប្រាំបួន។
រដ្ឋាភិបាលបានលើកឡើងម្តងទៀតកាលពីម្សិលមិញថា ការផ្អាកជាបណ្តោះអាសន្នរបស់លោក ហ៊ុន សែន នៅតែមានប្រសិទ្ធភាពដោយបន្ថែមថា ដីសម្បទានទាំង៣២កន្លែង ដែលត្រូវបានសម្រេចយល់ព្រមចាប់តាំងពីថ្ងៃទី៧ ខែឧសភាមក ទទួលបានការសម្រេចយល់ព្រមរួចហើយ ដូច្នេះ មិនអាចផ្អាកបានឡើយ។
ក្រុមមន្ត្រីបានបដិសេធមិននិយាយថា តើមានដីសម្បទានប៉ុន្មានទៀត ត្រូវបានផ្តល់ ឬប៉ុន្មានទៀតនឹងសម្រេច ដោយមិនស្ថិតក្រោមបញ្ជាឲ្យផ្អាកជាបណ្តោះអាសន្ននេះ។ អង្គការសិទ្ធិមនុស្សបានពណ៌នាសា្ថនភាពនេះថា ជា“ កលល្បិច” មួយ ដែលអាចអនុញ្ញាត ឲ្យមានការផ្តល់ដីសម្បទានកាន់តែច្រើនទៀតបើទោះជាមានការប្រកាសផ្អាកជាបណ្តោះអាសន្នក៏ដោយ។
លោកផៃស៊ីផានអ្នកនាំពាក្យរបស់ទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍កាលពីម្សិលមិញថា “ សម្តេចហ៊ុនសែនបានចុះហត្ថលេខាលើអនុក្រឹត្យនេះ ប៉ុន្តែមិនមែនដីសម្បទានថ្មីនោះទេ”។ លោក ស៊ីផានបានថ្លែងថា អនុក្រឹត្យទាំងអស់ដែលចុះហត្ថលេខាតាំងពីខែឧសភាមកពាក់ព័ន្ធនឹងក្រុមហ៊ុន ដែលបានដាក់ពាក្យសុំសម្បទានដី មុនសេចក្តីប្រកាសផ្អាកជាបណ្តោះអាសន្នរបស់លោកហ៊ុនសែន។
លោកបន្ថែមថា “ ក្រុមហ៊ុនទាំងនេះត្រូវចំណាយពេលយ៉ាងតិចពីប្រាំខែទៅប្រាំមួយខែដើម្បីធ្វើការវាយតម្លៃពីផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គមជាមួយក្រសួងពាក់ព័ន្ធ”។
អង្គការសិទ្ធិមនុស្សក្នុងស្រុកនិងអន្តរជាតិដំបូងឡើយបានស្វាគមន៍ចំពោះការផ្អាកគោលនយោបាយផ្តល់ដីសម្បទានរបស់រដ្ឋាភិបាល ដែលគេចាត់ទុកថា ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពនៅក្នុងប្រទេសនេះ ហើយបានទទួលរងការស្តីបន្ទោសចំពោះការកាប់បំផ្លាញព្រៃឈើឥតឈប់ឈរ ការបណ្តេញប្រជាពលរដ្ឋចេញ និងអំពើហិង្សាមកលើក្រុមអ្នកតវ៉ា។
អង្គការសិទ្ធិមនុស្សអះអាងថា ប្រជាជនកម្ពុជាប្រមាណ៤០០.០០០នាក់ ត្រូវបានបង្ខំឲ្យចេញពីដីរបស់ខ្លួនដោយសារតែការផ្តល់ដីសម្បទានក្នុងទសវត្សរ៍ចុងក្រោយនេះ។នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនលោកសុរិយា ស៊ូបេឌីប្រសិតសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានលើកឡើងថា ការផ្តល់ដីសម្បទាននេះ បានបង្កឲ្យមានការរំលោភយ៉ាងធ្ងន់ធ្ងរ និងកាន់តែរីករាលដាល។
ដីសម្បទាន ដែលត្រូវសម្រេចចុងក្រោយដែលបញ្ជាក់ដោយអង្គការសិទ្ធិមនុស្សអាដហុកបានឲ្យដឹងថា បច្ចុប្បន្ននេះមានអនុក្រឹត្យត្រឹមថ្ងៃទី៤ខែតុលាប៉ុណ្ណោះត្រូវបានសម្រេចកាលពីថ្ងៃទី១៨ខែកញ្ញា សម្រាប់ចម្ការកៅស៊ូ៦.០០០ហិកតានៅខាងក្នុងដែនជម្រកសត្វព្រៃគូលែន ក្នុងខេត្តព្រះវិហារ។
ក្នុងចំណោមដីសម្បទាន៣២កន្លែង ដែលត្រូវបានសម្រេចចាប់តាំងពីខែឧសភាមកមាន១៩កន្លែងស្ថិតនៅក្នុងតំបន់ការពារបរិស្ថាន ហើយភាគច្រើន ផ្តល់ឲ្យសម្រាប់ដាំដំណាំកៅស៊ូ។
ដីសម្បទានភាគច្រើនមាននៅក្នុងខេត្តភាគខាងជើងនិងភាគខាងកើត រាប់ទំាងដីសម្បទានប្រាំបួនកន្លែងក្នុងខេត្តព្រះវិហារប្រាំមួយកន្លែងនៅក្នុងខេត្តឧត្តរមានជ័យ និងប្រាំកន្លែងនៅក្នុងខេត្តមណ្ឌលគិរី។ និយាយតាមបច្ចេកទេស អនុក្រឹត្យនេះ គឺបានបង្វែរទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋក្នុងបំណងផ្តល់ដី ជាសម្បទានឲ្យទៅក្រុមហ៊ុនឯកជន។
ដើម្បីចាប់ផ្តើមធ្វើការនៅលើដីរបស់ខ្លួនតាមច្បាប់ ក្រុមហ៊ុនត្រូវចុះហត្ថលេខាលើកិច្ចសន្យាមួយជាមួយក្រសួងពាក់ព័ន្ធ។ ក្រសួងកសិកម្ម ដែលជាអ្នកផ្តល់ដីសម្បទានច្រើនជាងគេនិងក្រសួងបរិស្ថាន ដែលទទួលខុសត្រូវចំពោះដីសម្បទានក្នុងតំបន់ការពារគឺជាភ្នាក់ងារទទួលខុសត្រូវក្នុងការត្រួតពិនិត្យដីសម្បទានឡើងវិញនៅទូទាំងប្រទេស។
លោកនីចរិយាប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការអាដហុក បានសួរអំពីការចុះហត្ថលេខារបស់លោកហ៊ុនសែនក្រោយការផ្អាកដីសម្បទានជាបណ្តោះអាសន្នក្រោយ។ លោកចរិយាបានសួរថា “ ប្រហែលជាអនុក្រឹត្យខ្លះ ដែលគាត់បានចុះហត្ថលេខា គឺទទួលបានការព្រមព្រៀងមុនសេចក្តី ប្រកាសក្នុងខែឧសភា ប៉ុន្តែហេតុអ្វីបានជាគាត់ចុះហត្ថលេខាក្នុងខែកក្កដាខែសីហានិងខែកញ្ញា?”។“ បន្ទាប់ពីខែឧសភាពីរឬបីខែទៀតវាត្រូវតែបញ្ឈប់”៕
ប្រែសម្រួលដោយចេវប៊ុននី