កាលពីម្សិលមិញឪពុកម្ដាយរបស់ក្មេងប្រុសអាយុប្រាំពីរឆ្នាំ ដែលស្លាប់កាលពីសប្ដាហ៍មុនដោយសារពស់ចឹកនៅខេត្តបន្ទាយមានជ័យបានចោទប្រកាន់ក្រុមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួកថា មិនព្រមព្យាបាលកូនប្រុសរបស់គាត់ ពីព្រោះថ្នាំនេះទុកបម្រុងសម្រាប់តែក្រុមនិស្សិតស្ម័គ្រចិត្ត ដែលជាអ្នកចុះវាស់វែងដីនៅក្នុងតំបន់នេះតែប៉ុណ្ណោះ។
អ្នកស្រី ស្រី ចាន់ធី ម្ដាយរបស់ក្មេងប្រុស បាននិយាយថា ពេលកុមារាមឿន មេ៉ត អាយុប្រាំពីរឆ្នាំ កំពុងរត់លេងនៅតាមវាលស្មៅ ក្នុងឃុំបន្ទាយឆ្មាស្រុកថ្មពួក ខេត្តបន្ទាយមានជ័យក៏ត្រូវពស់វែកចឹកម្រាមដៃ នៅម៉ោងប្រហែល៥ល្ងាចកាលពីថ្ងៃព្រហស្បតិ៍។
អ្នកស្រី ចាន់ធី និយាយថា បន្ទាប់ពីកូនប្រុសអ្នកស្រីត្រូវពស់ចឹករួចមក គាត់ក៏ប្រញាប់ប្រញាល់នាំកូនរបស់គាត់ទៅមន្ទីរពេទ្យ។ អ្នកស្រី ចាន់ធី បានបន្តថា “ ក្រុមវេជ្ជបណ្ឌិតទាំងនេះរើសអើងខ្ញុំ ដោយមិនផ្ដល់ថ្នាំឲ្យកូនប្រុសរបស់ខ្ញុំទេ។ក្រុមវេជ្ជបណ្ឌិតទាំងនេះមានថ្នាំប្រភេទនេះ ប៉ុន្តែនិយាយថា ខ្លួនមិនអាចផ្ដល់ថ្នាំនេះមកឲ្យខ្ញុំបានទេ។គេមានថ្នាំនេះសម្រាប់តែក្រុមនិស្សិតស្ម័គ្រចិត្តប៉ុណ្ណោះ។ ខ្ញុំបានអង្វរវេជ្ជបណ្ឌិតឲ្យយកថ្នាំនេះមកព្យាបាលកូនរបស់យើង”។
អ្នកស្រី ចាន់ធី បាននិយាយបន្តថា “ ប្រសិនបើវេជ្ជបណ្ឌិតនេះ បានប្រើថ្នាំនេះ កូនប្រុសរបស់ខ្ញុំនឹងមិនស្លាប់ទេ”។ អ្នកស្រីនិយាយបន្ថែមថា ទោះបីជាគ្រួសារអ្នកស្រីក្រលំបាកតែពួគាត់សុខចិត្តចំណាយលុយសម្រាប់ថ្លៃព្យាបាលកូនប្រុសរបស់គាត់។
លោក ធុយ សាមឿន ឪពុករបស់ក្មេងប្រុសនេះនិយាយថា “ ក្រុមគ្រូពេទ្យទាំងនេះមិនឲ្យតម្លៃចំពោះជីវិតកូនប្រុសរបស់ខ្ញុំទេ។ខ្ញុំនឹងប្ដឹងមន្ទីរពេទ្យនេះចំពោះការរើសអើងអ្នកជំងឺ ដើម្បីរកយុត្តិធម៌ឲ្យកូនប្រុសរបស់ខ្ញុំ”។ បន្តិចក្រោយមក ក្មេងប្រុស មឿន មេ៉ត ត្រូវបានបុគ្គលិកមន្ទីរពេទ្យស្រុកបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្ត ដែលនៅទីនោះក្មេងប្រុសនេះ បានស្លាប់នៅម៉ោងប្រហែល៨យប់។
លោក គឹម សំអុល នាយកមន្ទីរពេទ្យបង្អែកស្រុកនេះ បានអះអាងថា បុគ្គលិករបស់លោក មិនបានបដិសេធក្នុងការផ្ដល់ថ្នាំសម្រាប់ព្យាបាលពស់ចឹកដល់ក្មេងប្រុសនេះទេ ។ លោកបានមានប្រសាសន៍ថា“ វាមិនមែនជាការពិតនោះទេ។ ថ្នាំនេះ គឺមានសម្រាប់មនុស្សទាំងអស់។ ក្មេងប្រុសនេះ ស្ថិតក្នុងស្ថានភាពធ្ងន់ពេក ហើយយើងគ្មានសម្ភារគ្រប់គ្រាន់ យើងចង់ឲ្យក្មេងប្រុសនេះទទួលបានការព្យាបាលប្រកបដោយសុវត្ថិភាពដូច្នេះ យើងបានប្រាប់ឪពុកម្ដាយក្មេងប្រុសនេះ ឲ្យនាំកូនប្រុសរបស់គាត់ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ឬក៏ទៅព្យាបាលនៅប្រទេសថៃ”។
ប៉ុន្តែ ដោយសម្ដែងការសោកស្ដាយចំពោះការស្លាប់របស់កុមារ មឿន មេ៉ត នោះលោក កែវ សុភក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្ត បានមានប្រសាសន៍ថា មន្ទីរពេទ្យបង្អែកស្រុក មិនមែនសម្រាប់តែផ្ដល់ជាអាទិភាពដល់និស្សិតស្ម័គ្រចិត្ត ដែលចុះវាស់វែងដីមានវិវាទក្នុងកម្មវិធីផ្ដល់កម្មសិទិ្ធដីធ្លីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននោះទេ។
លោក សុភក្ត្រា បានបន្ថែមថា“ ក្មេងប្រុសនេះ ស្ថិតក្នុងស្ថានភាពធ្ងន់ ហេតុនេះហើយបានជាវេជ្ជបណ្ឌិតសម្រេចបញ្ជូនក្មេងប្រុសនេះ មកកាន់មន្ទីរពេទ្យខេត្ត។ ខ្ញុំមានការសោកស្ដាយយ៉ាងខ្លាំង ចំពោះការស្លាប់របស់ក្មេងប្រុសនេះ ប៉ុន្តែហេតុការណ៍នេះ មិនមែនដោយសារការរើសអើងទេ។ថ្នាំនេះ គឺសម្រាប់មនុស្សទាំងអស់ មិនមែនសម្រាប់តែក្រុមនិស្សិតស្ម័គ្រចិត្តនោះទេ”។
លោក ស៊ុមចាន់គាអ្នកសម្របសម្រួលរបស់អង្គការអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ បានអំពាវនាវសុំឲ្យអាជ្ញាធរមូលដ្ឋានបើកការសើុបអង្កេតចំពោះករណីស្លាប់នេះ។
លោកបានមានប្រសាសន៍ថា “ ក្រុមវេជ្ជបណ្ឌិត ត្រូវតែជួយជីវិតមនុស្ស ប៉ុន្តែ បែរជាទុកឲ្យក្មេងប្រុសនេះស្លាប់ទៅវិញ។ក្រសួងសុខាភិបាល គួរតែសើុបអង្កេតករណីនេះ”៕
ប្រែសម្រួលដោយ ស៊ុំ សុខភុំ