អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជាបានជំរុញឲ្យរដ្ឋាភិបាលធ្វើតាមការណែនាំរបស់ប្រេសិតពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដែលបានធ្វើទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ហើយបានក្លាយជាគោលដៅនៃការរិះគន់ពីសំណាក់មន្ត្រីរដ្ឋាភិបាលចំពោះរបាយការណ៍របស់លោក។
ថ្លែងទៅកាន់ប្រជាពលរដ្ឋប្រហែល៣.០០០នាក់ ដែលភាគច្រើនជាកម្មកររោងចក្រកាត់ដេរនៅសួនសេរីភាពក្នុងរាជធានីភ្នំពេញ ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ អគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក ហ្សង់ ហ្វ្រង់ស័រកូតាំង (Jean Francois Cautain)បានថ្លែងអំពីសារៈសំខាន់នៃកិច្ចការរបស់ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំនៅប្រទេសកម្ពុជា និងប្រេសិតពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា លោកសុរិយាស៊ូបេឌី (Surya Subedi)។
លោក កូតាំង បានមានប្រសាសន៍អំពីការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំនៅប្រទេសកម្ពុជាថា “ យើងជឿថា ការងាររបស់ការិយាល័យនេះបានរួមចំណែកយ៉ាងសំខាន់ ដើម្បីលើកកម្ពស់និងការពារសិទ្ធិមនុស្ស”។
លោកបានបន្តថា “ ដូចគ្នានេះដែរ ការងាររបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិលោកសាស្ត្រាចារ្យ ស៊ូបេឌីដែលបានមកទីនេះ…ក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ឱកាសដ៏សំខាន់សម្រាប់រដ្ឋាភិបាលកម្ពុជា ឲ្យទទួលយកអនុសាសន៍ពីអ្នកជំនាញសម្រាប់លើកកម្ពស់សិទ្ធិមនុស្ស”។
មន្ត្រីរដ្ឋាភិបាលបានរិះគន់ជាសាធារណៈចំពោះលោក ស៊ូបេឌីដែលបានមកប្រទេសកម្ពុជា កាលពីថ្ងៃអាទិត្យ ក្នុងបេសកកម្មស្វែងរកការពិតលើកទី៨របស់លោកចាប់តាំងពីលោកកាន់តំណែងនេះដោយមិនយកប្រាក់ខែ កាលពីឆ្នាំ២០០៩មក។
យ៉ាងហោចណាស់មានមន្ត្រីរដ្ឋាភិបាលពីររូបព្រមទាំងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលលោកឱមយិុនទៀងបានចោទប្រកាន់ប្រេសិតពិសេសអង្គការសហប្រជាជាតិថា ធ្វើការយ៉ាងមានប្រសិទ្ធភាពឲ្យគណបក្សនយោបាយប្រឆាំង។កាលពីខែតុលាលោក ហ៊ុនសែនបានហៅរបាយការណ៍ចុងក្រោយរបស់លោកប្រេសិតពិសេសរូបនេះ ស្តីពីបញ្ហាដីសម្បទានសេដ្ឋកិច្ចដ៏ចម្រូងចម្រាសរបស់រដ្ឋាភិបាលថា មិនត្រឹមត្រូវ។
សហភាពអឺរ៉ុបបច្ចុប្បន្ននេះកំពុងពិនិត្យមើលរបាយការណ៍របស់លោកស៊ូបេឌីស្តីអំពីការបណ្តេញចេញពីដីធ្លីដើម្បីសម្រេចថាតើត្រូវបើកការស៊ើបអង្កេតរបស់ខ្លួន ចំពោះករណីរំលោភសិទ្ធិមនុស្ស ដែលប្រព្រឹតឡើងដោយរដ្ឋាភិបាលកម្ពុជាតាមរយៈការសើរើតាមច្បាប់ពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប។
មានវត្តមាននៅក្នុងការជួបជុំគ្នា កាលពីម្សិលមិញផងដែរ ភារធារីទូត សហរដ្ឋអាមេរិក លោក ជេហ្វ ដេហ្គល (Jeff Daigle) បានរំឭកដល់ក្រុមមនុស្សអំពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា (Barack Obama) កាលពីខែមុន ដែលអំឡុងពេលនោះ លោកបានជំរុញឲ្យលោក ហ៊ុន សែន យកចិត្តទុកដាក់គិតគូរអំពី បញ្ហាសិទ្ធិមនុស្សដែលកាន់តែអាក្រក់ទៅៗ។
លោក ដេហ្គល បានមានប្រសាសន៍ថា “ ការការពារសិទ្ធិមនុស្សគឺជាការចាំបាច់ដើម្បីពង្រឹងការគោរពច្បាប់សន្តិសុខស៊ីវិល ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងជាពិសេសជាចុងក្រោយគឺសន្តិភាព”។
លោកដេហ្គលបានបន្ថែមថា“ នេះគឺជាសារមួយដ៏សំខាន់របស់ប្រធានាធិបតី លោកបារ៉ាក់ អូបាម៉ា អំឡុងពេលទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជា កាលពីខែមុន នៅពេលនោះលោក បានជំរុញឲ្យមានការដោះស្រាយបញ្ហាទាំងនេះ និងបានបញ្ជាក់ថាការសន្យារបស់ប្រជាពលរដ្ឋកម្ពុជាគួរតែត្រូវបានទទួលស្គាល់នៅពេលសិទ្ធិមនុស្សត្រូវបានគេគោរព និងគ្រប់ទស្សនទាំងអស់ត្រូវបានគេយកចិត្តទុកដាក់”។
លោកប្រធានាធិបតីសហរដ្ឋអាមេរិកបានជំរុញឲ្យលោកហ៊ុនសែនបង្កើតគណៈកម្មាធិការរៀបចំការបោះឆ្នោតឯករាជ្យមួយ និងអនុញ្ញាតគណបក្សប្រឆាំងអាចធ្វើសកម្មភាពនយោបាយដោយសេរី និងដោះលែងអ្នកទោសនយោបាយទាំងអស់រួមទាំងម្ចាស់ស្ថានីយវិទ្យុសម្បុកឃ្មុំលោកម៉មសូណង់ដូផងដែរដែលកំពុងជាប់ពន្ធនាគារ។
ក្រុមអង្គការសិទ្ធិមនុស្សបានអះអាងថារដ្ឋាភិបាល បានបង្កើនការគាបសង្កត់ផ្នែកសិទ្ធិមនុស្សក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ តាមរយៈការប្រើប្រាស់កម្លាំងនគរបាល និងតុលាការ ដើម្បីគាបសង្កត់អ្នកតវ៉ាដោយសន្តិវិធី។
កាលពីខែកុម្ភៈលោកឈូកបណ្ឌិត អតីតអភិបាលក្រុងបាវិតបានបាញ់ក្រុមមនុស្សតវ៉ាដោយសន្តិវិធី ដោយធ្វើឲ្យកម្មការិនីរោងចក្របីនាក់រងរបួស ដែលកម្មការិនីម្នាក់បានធ្លាយសួត។ទោះជាមានការចោទប្រកាន់ពីតុលាការ និងមានការអះអាងពីសាក្សីក៏ដោយ ក៏តុលាការមិនបានព្យាយាមចាប់ខ្លួនលោកបណ្ឌិត ទេ ហើយអាចតម្កល់ទុកសំណុំរឿងនេះដោយមិនចាត់ការ។
នាង នុត សុខន ជាកម្មការិនីម្នាក់នៅក្នុងចំណោមកម្មការិនីបីនាក់ ដែលទទួលរងរបួសដោយការបាញ់ប្រហារ របស់លោកឈូកបណ្ឌិត បានរំឭកក្រុមមនុស្ស ដែលជួបជុំគ្នានៅសួនសេរីភាពអំពីករណីនេះ។ នាងបាននិយាយទាំងទឹកភ្នែកថា “ យើងទាំងបីនាក់ ជាអ្នករងគ្រោះដោយការបាញ់ប្រហាររបស់លោក ឈូក បណ្ឌិត ដែលនៅតែមានសេរីភាពនៅឡើយ។សូមមេត្តារកយុត្តិធម៌ឲ្យយើងផង”។
លោក ធន សារាយ ប្រធានអង្គការសិទ្ធិមនុស្សអាដហុកបានមានប្រសាសន៍ថាមន្ត្រីរដ្ឋាភិបាលជាច្រើនត្រូវបានអញ្ជើញឲ្យចូលរួមក្នុងព្រឹតិ្តការណ៍នេះដែរ រួមទាំងលោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ និងលោកឱម យិនទៀងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលប៉ុន្តែពួកគេបានប្រាប់ថាជាប់រវល់ខ្លាំងណាស់។
មានវត្តមានរបស់មន្ត្រីនគរបាល រិចតួចប៉ុណ្ណោះនៅជុំវិញនៅសួនសេរីភាព។ ប៉ុន្តែនៅចម្ងាយពីរបីប្លុកប៉ុណ្ណោះ គឺនៅជិតកែងមហាវិថីព្រះមុនីវង្ស និងមហាវិថីសហព័ន្ធរុស្សី មាននគរបាលប្រឆាំងកុបកម្មប្រហែល១០០នាក់បានបិទផ្លូវក្រុមអ្នកតវ៉ាប្រឆាំងនឹងការបណ្តេញដើម្បីកុំឲ្យពួកគេដង្ហែរក្បួនទៅកាន់វិមានសន្តិភាពរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនដើម្បីដាក់ញត្តិស្នើសុំឲ្យលោកជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់។
ខណៈដែលនគរបាលប្រឈមមុខជាមួយក្រុមអ្នកតវ៉ា គេឃើញមន្ត្រីនគរបាលម្នាក់វាយស្រ្តីអ្នកតវា៉ម្នាក់ដួលទៅនឹងដី ហើយទាត់គាត់ត្រូវចំពោះ។នៅពេលក្រុមអ្នកតវ៉ាសម្រេចបំបែកគ្នានៅវេលាម៉ោង១០និង៣០នាទី មន្ត្រីនគរបាលបានឃាត់ខ្លួនលោកញឹបលីបុគ្គលិករបស់គណៈកម្មការសិទ្ធិលំនៅដ្ឋាន ដោយសារតែថតរូប។
លោកញឹបលីត្រូវបាននាំខ្លួនទៅកាន់ស្នាក់ការនគរបាលសង្កាត់ស្រះចក ប៉ុន្តែត្រូវបានដោះលែងនៅពេលក្រោយមក។
លោកមានប្រសាសន៍បន្ទាប់ពីនគរបាលដោះលែងថា “ នគរបាលបានចោទប្រកាន់ខ្ញុំពីបទថតរូបភាព អំពីការតវ៉ាដោយមិនស្នើសុំការអនុញ្ញាតជាមុនពីអាជ្ញាធរ ប៉ុន្តែខ្ញុំបានប្រាប់ពួកគេថា ខ្ញុំគ្រាន់តែថតរូបសកម្មភាពទូទៅ ដូចអ្នករូបថតផ្សេងទៀតប៉ុណ្ណោះ”។ លោកកាន់វណ្ណៈនាយបុ៉ុស្តិ៍នគរបាលសង្កាត់ស្រះចក បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីអំពើហិង្សា និងការឃាត់ខ្លួនលោកញឹបលីទេ។
នៅក្នុងខណ្ឌឯណោះសែនសុខវិញ អ្នករត់រឺម៉កកង់បី កម្មកររោងចក្រកាត់ដេរនិងស្ត្រីផ្សព្វផ្សាយស្រាបៀ ប្រហែល៣០០នាក់ បានព្យាយាមដង្ហែរក្បួនឆ្ពោះទៅកាន់ក្រសួងការងារ ដើម្បីដាក់ញត្តិរបស់ខ្លួនដោយស្នើសុំការការពារតាមផ្លូវច្បាប់បន្ថែមទៀត និងទាមទារប្រាក់ខែខ្ពស់ជាងនេះ។ដំបូងនគរបាលបានរារាំងពួកគេមិនឲ្យដើរក្បួនទេប៉ុន្តែក្រោយមកបានអនុញ្ញាតឲ្យពួកគេទៅក្រសួង ហើយេបានដាក់ញត្តិទាមទារ។
ឈ្មោះអូនស្រីឡេន ជាអ្នកបម្រើតាមផ្ទះអាយុ២៦ឆ្នាំ បាននិយាយថា នាងធ្វើការ១៦ម៉ោងក្នុងមួយថ្ងៃដោយគ្មានពេលសម្រាកនៅចុងសប្តាហ៍ តែទទួលបានប្រាក់ឈ្នួលចំនួន១០០ដុល្លារក្នុងមួយខែ។ នាងបាននិយាយថា“ យើងចង់ឲ្យក្រសួងការងារចាត់ទុកអ្នកបម្រើតាមផ្តះចូលទៅក្នុងច្បាប់ការងារ ពីព្រោះយើងសមនឹងមានសិទ្ធិដូចកម្មករដទៃទៀតដែរ”។
លោកខៀវ សាវុធអនុប្រធាននាយកដ្ឋានផ្នែកដោះស្រាយវិវាទការងាររបស់ក្រសួងការងារ បានទទួលស្គាល់ថាលោកបានទទួលញត្តិទាមទារនេះ។ លោកមានប្រសាសន៍ដោយមិនបរិយាយ លម្អិតថា “ ក្រសួងនឹងសម្រេចថាតើអ្វីនឹងអ្វីខ្លះនៅពេលខាងមុខ”។ (រាយការណ៍ដោយ អូនភាព ឃួន ណារីម ភោគដន និង Zsombor Peter) ប្រែសម្រួលដោយ ឃិនណៃ និងចេវប៊ុននី