កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានទម្លាយព័ត៌មានលម្អិតអំពីតម្លៃនៃការរៀបចំពិធីថ្វាយព្រះភ្លើងបូជាព្រះបរម សពសម្តេចឪនរោត្តមសីហនុដោយលោកលើកឡើងថាមានតម្លៃប្រហែល១,២លានដុល្លារប៉ុណ្ណោះ ហើយរដ្ឋាភិបាលមិនបានធ្វើការដាក់ដេញថ្លៃដោយសារការងាររៀបចំកន្លែងពិធីត្រូវធ្វើឲ្យបានលឿន ដើម្បីបូជាព្រះបរមសព។
នៅក្នុងសុន្ទរកថា ថ្លែងនៅឯវាលព្រះមេរុនៅមុខសារមន្ទីរជាតិ ដែលជាកន្លែងសម្រាប់រៀបចំពិធីថ្វាយព្រះភ្លើងបូជាព្រះបរមសព កំពុងត្រូវបានសាងសង់នេះ លោក ហ៊ុនសែនបានបដិសេធចំពោះសេចក្តីរាយការណ៍ថ្មីៗនេះដែលបានលើកឡើងថា ការសាងសង់ព្រះមេរុនោះមានតម្លៃច្រើនរហូតដល់៥លានដុល្លារ។
ដោយបដិសេធចំពោះការអះអាងរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិធមិ្មកោអ្នកនាំពាក្យព្រះរាជខុទ្ទកាល័យ ដែលបានលើកឡើងថាមានគេទូលព្រះអង្គថាការងារសាងសង់នេះ អាចមានតម្លៃដូច្នោះលោក ហ៊ុនសែន មានប្រសាសន៍ថា“ រាជរដ្ឋាភិបាលទទួលខុសត្រូវលើការចំណាយសម្រាប់ការសាងសង់នេះហើយវាមានតម្លៃប្រហែល១,២លានដុល្លារប៉ុណ្ណោះមិនមែន៥លានដុល្លារនោះទេ”។
លោកហ៊ុនសែនក៏បានមានប្រសាសន៍ផងដែរថា ការសម្រេចរបស់រដ្ឋាភិបាលដោយមិនបាច់ដាក់ដេញថ្លៃសម្រាប់ការសាងសង់នេះ ដោយសាររដ្ឋាភិបាលចង់ពន្លឿនការសាងសង់ ព្រោះពេលវេលាមានតែបីខែប៉ុណ្ណោះសម្រាប់រៀបចំពិធីថ្វាយព្រះភ្លើងសម្រាប់បូជាព្រះបរមសពសម្តេចឪ។
អតីតព្រះមហាវីរក្សត្រ ព្រះបាទនរោត្តមសីហនុបានយាងចូលទិវង្គត កាលពីថ្ងៃទី១៥ខែតុលានៅក្នុងប្រទេសចិនហើយព្រះបរមសពរបស់ព្រះអង្គ នឹងត្រូវបូជានៅថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០១៣។
លោកហ៊ុនសែនបានថ្លែងបន្តថាប្រសិនបើមានការដេញថ្លៃមែនម៉្លេះសមពិធីបញ្ចុះបឋមសិលាសម្រាប់ការងារសាងសង់នោះមិនទាន់ចាប់ផ្តើមទេ ពីព្រោះនីតិវិធីនៃដំណើរការដេញថ្លៃជាសាធារណៈតម្រូវឲ្យមានផ្សាយពាណិជ្ជកម្មតាមកញ្ចក់ទូរទស្សន៍វិទ្យុនិងតាមកាសែត ហើយវាអាចទាមទារពេលយ៉ាងតិចពីរខែ”។
លោកនាយករដ្ឋមន្ត្រីបានជំទាស់យ៉ាងដាច់អហង្ការចំពោះព្រះរាជបន្ទូលរបស់ព្រះអង្គម្ចាស់ ធម្មិកោ ដែលបានធ្វើឲ្យសាធារណជនមានការភាន់ច្រឡំនាពេលកន្លងមក។
លោកហ៊ុនសែនបានមានប្រសាសន៍ថា“ ការលើកឡើងរបស់[ព្រះអង្គម្ចាស់ ធម្មិកោ] អំពីការសាងសង់ [ព្រះមេរុ] មានតម្លៃ៥លាន ដុល្លារនោះគឺមិនគោរពព្រះកិតិ្តយសរបស់សម្តេចឪព្រះមហាវីរក្សត្រនិងព្រះកិត្តិយសរបស់សម្តេចម៉ែ ឬក៏មិនគោរពរដ្ឋាភិបាលឡើយ” ។ លោកថ្លែងបន្ថែមថាព្រះអង្គម្ចាស់ធម្មិកោ បានសន្និដ្ឋានអំពីតម្លៃនោះដោយព្រះអង្គឯង ដោយមិនបានពិភាក្សាជាមួយរាជរដ្ឋាភិបាលទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា “ អ្នកទាំងនោះរួមទាំងព្រះអង្គ ធម្មិកោ ផងដែរ បានធ្វើការសន្និដ្ឋានបែបនេះដើម្បីកេងបន្លំប្រាក់ខ្លះ ឬលួចទ្រព្យសម្បត្តិជាតិ”។ តែទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ឈ្មោះក្រុមណាមួយ ដែលលោកចង់សំដៅ ឬការចោទប្រកាន់ពីការសមគំនិតគ្នានោះឡើយ។
លោកហ៊ុនសែនបានមានប្រសាសន៍ថា “ ការលើកឡើងរបស់ពួកគេមិនថ្លៃថ្នូរទេរួមទាំងព្រះអង្គ ធម្មិកោ។ ប្រសិនបើលោកមិនយល់អំពីបញ្ហានេះ លោកគួរតែសរសេរលិខិតផ្ញើមកកាន់រាជរដ្ឋាភិបាលដើម្បីសួរពីតម្លៃនៃការសាងសង់នេះ ជៀសវាងការធ្វើអត្ថាធិប្បាយដោយគ្មានមូលដ្ឋានបែបនេះ”។
កាលពីថ្ងៃអាទិត្យ ព្រះអង្គម្ចាស់ ធម្មិកោបានមានព្រះបន្ទូលថា ព្រះអង្គត្រូវបានគេទូលព្រះអង្គថាការសាងសង់ព្រះមេរុនេះមានតម្លៃ៥លានដុល្លារ។ តែមន្ត្រីទទួលបន្ទុកការរៀបចំព្រះរាជពិធីថ្វាយព្រះភ្លើង បូជាព្រះបរមសពរបស់សម្តេចឪបានបដិសេធចំពោះការអះអាងរបស់ព្រះអង្គ ហើយពួកគេបាននិយាយថាតម្លៃនៃការសាងសង់នោះ គឺប្រហែលជិត១លានដុល្លារ។
ដោយថ្លែងអំពីម្ចាស់ក្រុមហ៊ុន វីស្ប៉ានដែលជាក្រុមហ៊ុនកំពុងសាងសង់ព្រះមេរុនេះលោកហ៊ុនសែនមានប្រសាសន៍ថា “ ពួកគេបាននិយាយថា ក្រុមហ៊ុននេះជាកម្មសិទ្ធិកូនស្រីរបស់សម្តេចចៅហ្វាវាំងគង់សំអុលរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប៉ុន្តែឥឡូវនេះ តើយើងអាចរកក្រុមហ៊ុនណាផ្សេងទៀតបាន? វាជាបញ្ហាស្មុគស្មាញ ហើយទោះបីជាខ្ញុំក៏មិនយល់អំពីរបៀបសាងសង់ព្រះមេរុនៅវាលព្រះមេរុនេះទាំងអស់ដែរ”។
នៅក្នុងលិខិតមួយឆ្លើយតបចំពោះការអត្ថាធិប្បាយរបស់លោកហ៊ុនសែនកាលពីម្សិលមិញ ព្រះអង្គម្ចាស់ ធម្មិកោ បានមានព្រះបន្ទូលថា ព្រះអង្គមានការសោកស្តាយនូវអ្វី ដែលបានកើតឡើងដោយអចេតនាដោយសារការបា៉ន់តម្លៃនៃការសាងសង់របស់ព្រះអង្គ។
ទោះជាយ៉ាងណា “ ការមិនឯកភាពគ្នាដ៏គួរឲ្យសោកស្តាយ” ពាក់ព័ន្ធនឹងការរៀបចំពិធីថ្វាយព្រះភ្លើងបូជាព្រះបរមសពសម្តេចឪគួរតែអាចជៀសវាងបានប្រសិនបើក្រសួងព្រះបរមរាជវាំងចែករំលែកព័ត៌មានអំពីការងារសំខាន់បែបនេះដល់សាធារណជន។ ព្រះអង្គបានទ្រង់ព្រះលិខិតថា“ ក្រសួងព្រះបរមរាជវាំងជាស្ថាប័ណ្ណសំខាន់ ដែលមិនមានស្ថាប័ន ដូចជានាយកដ្ឋានសម្រាប់ទំនាក់ទំនងសាធារណៈទេ”។
ព្រះអង្គបានទ្រង់ព្រះលិខិតបន្តថា “ បើបញ្ហានេះអាចត្រូវបានដោះស្រាយ ឬក៏ធ្លាប់ដោះស្រាយបានហើយ នោះបញ្ហាការសន្និដ្ឋានបែបនេះនឹងនៅតែមាន ហើយមិនមាននរណាម្ចាក់ ជាអ្នកទទួលខុសត្រូវចំពោះព័ត៌មានមិនផ្លូវការនេះឡើយ”។ ប៉ុន្តែ បំណងល្អបំផុតរបស់ខ្ញុំ គឺខ្ញុំចង់ឃើញព្រះបរមរាជវាំង “ ក្លាយជាស្ថានប័នមួយមានតម្លាភាព”៕ ប្រែសម្រួលដោយឃិនណៃ