លោក ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ បានអំពាវនាវកាលពីម្សិលមិញដល់ប្រជាពលរដ្ឋខ្មែរទាំងអស់នៅទូទាំងប្រទេសនិងជនបរទេសឲ្យឈប់ប្រើពាក្យ “ទុកទុក”ជាពាក្យហៅសម្រាប់ហៅ “រុឺម៉កម៉ូតូ” នៅប្រទេសកម្ពុជា ពីព្រោះពាក្យ “ទុក-ទុក” នេះ មិនមែនជាភាសាខ្មែរទេ។
លោក ថោង ខុន បានថ្លែងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានមួយនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពេលលោកត្រឡប់មកប្រទេសកម្ពុជាវិញពីកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាសា៊ននៅក្នុងប្រទេសឡាវថា “ដូចខ្ញុំ បានលើកឡើងរួចហើយ សូមប្រើពាក្យ “រឺុម៉ក” វិញ ដែលមានន័យជាភាសាបារាំងថា រុឺម៉កសណ្ដោងនោះ ពីព្រោះ ពាក្យរុឺម៉ក គឺជា “ភាសាខ្មែរ”។
លោក ថោង ខុន បានមានប្រសាសន៍ទៀតថា “ទុកទុក” មិនមែនជាភាសារបស់យើងនោះទេ។ហើយតាមពិតពាក្យ “ រឺុម៉ក” ក៏មិនមែនជាភាសារបស់យើងដែរ ប៉ុន្តែ យើងធ្លាប់ប្រើពាក្យនេះជាយូរមកហើយ” ។លោក បានពន្យល់ថា “ទុកទុក” គឺជាភាសាថៃ រីឯពាក្យ “រុឺម៉ក” គឺ ជាពាក្យដែលគេនិយមប្រើនៅក្នុងភាសាខ្មែរអំឡុងសម័យអាណានិគមបារាំង។
ប៉ុន្តែ ទោះជាយ៉ាងណា ពាក្យ “ទុកទុក” នេះ ក៏មិនមែនជាភាសាថៃដែរ ។ ឈ្មោះនេះទំនងជាមកពីយានយន្ដ ប្រើម៉ាសុីនពីរ មានសំឡេងលាន់ឮខ្លាំង ដែលត្រូវបាននាំចូលជាលើកដំបូងនៅទសវត្សរ៍ឆ្នាំ១៩៦០។
លោក ថោង ខុន ក៏បានធ្វើការកត់សម្គាល់ផងដែរថា “ទុកទុក” នេះសំដៅទៅម៉ូតូកង់បីដែលគេនិយមប្រើនៅក្នុងប្រទេសថៃ រីឯពាក្យ “រុឺម៉ក” វិញត្រូវបានគេប្រើសម្រាប់កត់សម្គាល់យានកង់បួន ដែលប្រើនៅក្នុងប្រទេសកម្ពុជា។ លោក ថោង ខុន បានមានប្រសាសន៍ថា សូមផ្លាស់ប្តូរទម្លាប់ប្រើពាក្យ “ទុកទុក” ទៅ។
យើងសូមណែនាំឲ្យប្រជាពលរដ្ឋប្រើពាក្យ “រឺុម៉ក” វិញ ពីព្រោះរយៈពេលមិនយូរទេប្រជាពលរដ្ឋនឹងប្រើពាក្យ “រុឺម៉ក” វិញ។ “យើងមានភាសារបស់យើង ហេតុអ្វីយើងមិន ប្រើវា។ សូម ប្រើពាក្យនេះទៅ”។
កាលពីថ្ងៃទី៩ ខែមករា ក្រសួងទេសចរណ៍បានចេញសេចក្ដីប្រកាសមួយ ស្នើឲ្យប្រជាពលរដ្ឋទាំងអស់ និងអ្នកទេសចរបរទេស ប្រើពាក្យ រឺុម៉ក ជំនួស ពាក្យ “ ទុកទុក” វិញ ដោយសារក្រសួងទេសចរណ៍ បានលើកឡើងថាធ្វើឲ្យមានការភាន់ច្រឡំ បណ្ដាលមកពីការប្រើពាក្យ ទុកទុកនេះ។
លោក ហេង សៀង អាយុ ២៩ឆ្នាំ ជាអ្នករត់រុឺម៉កនៅខេត្ត ស្វាយរៀង បាននិយាយកាលពីម្សិលមិញថា គាត់ស្វាគមន៍ នូវការកែតម្រូវឲ្យប្រើពាក្យ “រុឺម៉ក” ដើម្បីបញ្ជាក់អត្តសញ្ញាណយានយន្ដរបស់គាត់ តាមពិត ពាក្យនេះនឹងធ្វើឲ្យអ្នកទេសចរមានការភាន់ច្រឡំ។ “បញ្ហានោះ គឺថាអ្នកទេសចរទាំងអស់ហៅ “ទុកទុក” ជំនួស “ រុឺម៉ក” ហើយយើងមិនដឹង ប្រាប់អ្នកទេសចរអំពីពាក្យរបស់យើងយ៉ាងដូចម្ដេចនោះទេ ពីព្រោះពួកគេ មិនដឹងថា ប្រជាជនខ្មែរប្រើពាក្យ “រុឺម៉ក” ឬ “កង់បី” នោះទេ”។
យើងមានបំណងចង់ធ្វើតាមការណែនាំរបស់លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ដែរ ប៉ុន្តែ ជាទូទៅប្រជាពលរដ្ឋនិយមប្រើពាក្យ “ទុកទុក” នេះ ៕ សុខភុំ