កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសបុរសអាយុ៥១ឆ្នាំម្នាក់ឲ្យជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំ ពីបទជះទឹកអាស៊ីតលើប្រពន្ធរបស់ខ្លួនកាលពីឆ្នាំមុន ហើយនេះគឺជាលើកដំបូងហើយដែលតុលាការបានផ្តន្ទាទោសជនល្មើសតាមច្បាប់ស្តីពីអាស៊ីតដែលទើបអនុម័តថ្មី។
លោកសួសសំអាតចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះបានមានប្រសាសន៍ថា នេះគឺជាការផ្តន្ទាទោសអតិបរមាយោងតាមច្បាប់នេះ ដែលត្រូវបានអនុម័តកាលពីខែធ្នូ ឆ្នាំ២០១១ ចំពេលដែលសាធារណជនមានការយល់ដឹងកាន់តែច្រើនអំពីការជះទឹកអាស៊ីតនៅក្នុងប្រទេសនេះ។
លោកចៅក្រម សំអាត បានលើកឡើងថា “ព្រឹកនេះ ប៊ីសឿន ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំ និងបង្គាប់ឲ្យសងជំងឺចិត្តចំនួន១០លានរៀលពីបទប្រើអំពើហិង្សាជះទឹកអាស៊ីតដោយចេតនា។ ប៊ីសឿនត្រូវបានចាប់ខ្លួនកាលពីក្នុងខែសីហា ដោយសារជះទឹកអាស៊ីតលើអ្នកស្រី សឿនស្រីដា អាយុ៣២ឆ្នាំ ជាអតីតភរិយារបស់គាត់លើមុខ ទ្រូងនិងខ្នងរបស់អ្នកស្រី។ការជះទឹកអាសីុតនេះបានកើតឡើងបន្ទាប់ពីការឈ្លោះប្រកែកគ្នារវាងប្តីប្រពន្ធទាំងពីរនាក់ ដែលក្នុងនោះអ្នកស្រីស្រីដា បាននិយាយថា អ្នកស្រីមានផែនការរៀបការជាមួយបុរសម្នាក់ទៀត។ប៊ីសឿន បានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តបទល្មើសនេះប្រាកដមែននៅអំឡុងពេលសវនាការជំនុំជម្រះកាលពីថ្ងៃទី១៣ខែមករា។
អ្នកស្រីស្រីដាបាននិយាយកាលពីម្សិលមិញថា អ្នកស្រីពេញចិត្តនឹងការផ្តន្ទាទោសរបស់តុលាការ បើទោះជាកន្លងមកអ្នកស្រីបានស្នើសុំសំណងចំនួន៥.០០០ដុល្លារសម្រាប់ការចំណាយលើការព្យាបាល ដែលអ្នកស្រីបានចំណាយចាប់តាំងពីមានការជះទឹកអាសីុតនេះមក ដែលធ្វើឲ្យភ្នែកខាងស្តាំរបស់អ្នកស្រីខ្វាក់។ អ្នកស្រីបាននិយាយថា “ខ្ញុំគិតថា វាជាសេចក្តីសម្រេចត្រឹមត្រូវ”។
លោក ហ្សៀតសំមែន (Ziad Samman) ប្រធានគម្រោងនៅអង្គការជួយជនរងគ្រោះកម្ពុជាដោយសារអាសីុត (Cambodia Acid Survivors Charity) បានមានប្រសាសន៍ថា សេចក្តីសម្រេចរបស់តុលាការជាគំរូវិជ្ជមានមួយសម្រាប់ការអនុវត្តច្បាប់ស្តីពីអាស៊ីត ប៉ុន្តែលោកបានបញ្ជាក់ថា ករណីរបស់ ប៊ីសឿនគ្រាន់តែជាការវាយប្រហារមួយក្នុងចំណោមការវាយប្រហារចំនួនប្រាំពីរលើក ដែលត្រូវបានកត់ត្រាកាលពីឆ្នាំមុនដោយអង្គការជួយជនរងគ្រោះកម្ពុជាដោយសារអាសីុតដែលក្នុងនោះ ជនដៃដល់ត្រូវបាននាំយកទៅផ្តន្ទាទោសក្នុងតុលាការ។
លោកបានមានប្រសាសន៍ថា “នេះពិតជាចំណុចវិជ្ជមាន ដែលរឿងក្តីនេះបានឆ្លងកាត់ប្រព័ន្ធច្បាប់ហើយយើងទទួលបានលទ្ធផលវិជ្ជមាន។សង្ឃឹមថា ការផ្តន្ទាទោសនេះជាការព្រមាន ហើយទង្វើបែបនេះមិនអាចទទួលយកបានឡើយ”៕
ប្រែសម្រួលដោយ ចេវប៊ុននី