នៅក្នុងព្រះរាជពិធីបុណ្យចុងក្រោយនៃពិធីកាន់ព្រះរាជមរណទុក្ខ ព្រះបរមសពសម្ដេចឪនរោត្ដម សីហនុជិតបួនខែមកនេះ ព្រះអដ្ឋិរបស់ព្រះបរមរតនកោដ្ឋត្រូវបានដង្ហែជាលើកចុងក្រោយទៅកាន់ព្រះបរមរាជវាំង កាលពីម្សិលមិញ។
សម្ដេចឪនរោត្ដម សីហនុដែលបានយាងចូលទិវង្គតដោយសារគាំងបេះដូង នៅក្នុងទីក្រុងប៉េកាំងនៅថ្ងៃទី១៥ខែតុលាត្រូវបានថ្វាយព្រះភ្លើង កាលពីថ្ងៃច័ន្ទហើយព្រះអដ្ឋិរបស់ព្រះបរមរតនកោដ្ឋមួយចំនួន ត្រូវបានយកទៅបំប្លែងនៅក្នុងទឹកទន្លេចតុមុខ។
នៅកន្លែងថ្វាយព្រះភ្លើង ដែលមានការរៀបចំយ៉ាងត្រឹមត្រូវ នៅឯវាលព្រះមេរុកាលពីព្រឹកម្សិលមិញបុត្រាចំនួនបីអង្គរបស់ព្រះបរមសពសម្ដេចឪ មានដូចជាព្រះមហាក្សត្រ នរោត្ដមសីហមុនីព្រះអង្គម្ចាស់ នរោត្ដមរណឫទ្ធិ និងព្រះអង្គម្ចាស់ នរោត្ដមចក់្រពង្ស់បានរើសព្រះអដ្ឋិរបស់សម្ដេចឪតម្កល់ក្នុងព្រះបរមកោដ្ឋចំនួនបី។
បន្ទាប់មកព្រះទីនាំងសុវណ្ណហង្ស បានដង្ហែព្រះបរមកោដ្ឋទាំងបីនេះទៅកាន់ព្រះបរមរាជវាំងដោយមានព្រះមហាក្សត្រ នរោត្ដមសី ហមុនីនិង សម្ដេចម៉ែ នរោត្ដមមុនីនាថសីហនុបានអមជាមួយ ព្រមទាំងមានការចូលរួមពីសមាជិករាជវង្សានុវង្សនិងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយចំនួនទៀតផងដែរ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិធម្មិកោអ្នកនាំពាក្យខុទ្ទកាល័យរបស់ព្រះមហាក្សត្រ បានមានព្រះបន្ទូលថាព្រះបរមកោដ្ឋចំនួនពីរធ្វើអំពីមាស និងព្រះបរមកោដ្ឋមួយទៀតធ្វើអំពីថ្មកែវ។
ព្រះអង្គម្ចាស់បានមានបន្ទូលបន្ថែមថា “ នៅក្នុងបណ្ដាំមួយ ក្នុងចំណោមបណ្ដាំចុងក្រោយមួយចំនួនរបស់ព្រះអង្គសម្ដេចឪបានបង្ហាញព្រះទ័យថាព្រះអង្គសព្វព្រះទ័យឲ្យយកព្រះអដ្ឋិរបស់ព្រះអង្គដាក់ក្នុងព្រះបរមកោដ្ឋថ្មកែវ ដែលយកមកពីខេត្តពោធិ៍សាត់។
ព្រះអង្គម្ចាស់បានមានព្រះបន្ទូលទៀតថា “ បច្ចុប្បន្ន ព្រះបរមកោដ្ឋទាំងបីកំពុងតម្កល់នៅក្នុងប្រាសាទទេវាវិនិច្ឆ័យ ហើយនឹងត្រូវតម្កល់នៅទីនោះរហូតដល់ពេល ដែលនឹងត្រូវយកទៅតម្កល់នៅក្នុងចេតិយ”។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិធម្មិកោបានមានព្រះបន្ទូលថាព្រះអង្គនៅមិនទាន់ច្បាស់នៅឡើយទេថាតើព្រះអដ្ឋិរបស់សម្ដេចឪនឹងត្រូវយកទៅតម្កល់នៅក្នុងចេតិយ ដែលតម្កល់ព្រះអដ្ឋិរបស់បុត្រីរបស់ព្រះអង្គព្រះនាមគន្ធបុប្ផាឬក៏ត្រូវយកទៅតម្កល់នៅក្នុងចេតិយមួយផ្សេងទៀត ក្នុងបរិវេណព្រះបរមរាជវាំងតាមបណ្ដាំរបស់សម្ដេចឪ ឬក៏យ៉ាងណានោះទេ។
ព្រះអង្គម្ចាស់មានព្រះបន្ទូលបន្ថែមទៀតថាព្រះរាជពិធីបុណ្យព្រះបរមសពសម្ដេចឪ ត្រូវបានធ្វើឡើងយ៉ាងអធិកអធមជាងពិធីបុុណ្យសពរបស់ប្រជាពលរដ្ឋខ្មែរធម្មតាទាំងអស់។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិធម្មិកោបានមានព្រះបន្ទូលដោយបដិសេធមិនរៀបរាប់ច្រើនអំពីអ្វី ដែលមិនបានធ្វើតាមប្រពៃណីថា“ អ្វីៗទាំងអស់ត្រូវបានធ្វើឡើងស្របទៅតាមពិធីបុណ្យ ក្នុងព្រះពុទ្ធសាសនា”។
មានប្រជាពលរដ្ឋមួយចំនួនតូចប៉ុណ្ណោះបានចូលរួមក្នុងព្រះរាជពិធីដង្ហែព្រះអដ្ឋិរបស់សម្ដេចឪជាលើកចុងក្រោយ កាលពីម្សិលមិញ។ព្រះរាជពិធីដង្ហែព្រះអដ្ឋិជាលើកចុងក្រោយនេះសាធារណជននានាត្រូវកងរក្សាសន្ដិសុខ ដែលគេដាក់ពង្រាយនៅតាមផ្លូវនានាបានហាមមិនឲ្យចូល ដូចពិធីកាន់ព្រះរាជមរណទុក្ខ ដែលប្រារព្ធធ្វើឡើងប៉ុន្មានថ្ងៃមកនេះដែរ។
លោកឧត្ដមសេនីយ៍ទោ ទូចណារ៉ុថប្រធាននាយកដ្ឋានអង្គរក្សក្រសួងមហាផ្ទៃបានមានប្រសាសន៍ថាផ្លូវមួយចំនួននឹងត្រូវបិទបន្ដទៀតរហូតដល់ថ្ងៃទី១ ខែមីនា។
លោកបានលើកឡើងថា“យើងនឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋចូលទៅទស្សនាវាលព្រះមេរុរហូតដល់ថ្ងៃទី១ខែមីនាហេតុដូច្នេះហើយយើងសុំស្នើឲ្យប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ”។
លោកឧត្ដមសេនីយ៍ទោ ទូចណារ៉ុថបានមានប្រសាសន៍ថាចំនួនកងសន្ដិសុខនៅវាលព្រះមេរុ ដែលមានចំនួនប្រហែល១.០០០នាក់អំឡុងព្រះរាជពិធីបុណ្យព្រះបរមសព ព្រះបរមរតនកោដ្ឋ នៅក្នុងសប្ដាហ៍នេះ នឹងត្រូវកាត់បន្ថយមកត្រឹម១០០នាក់។
អ្នកដែលបានចូលរួមក្នុងព្រះរាជពិធីដង្ហែព្រះអដ្ឋិជាលើកចុងក្រោយ កាលពីម្សិលមិញបាននាំគ្នាសម្លឹងមើលអតីតព្រះមហាក្សត្ររបស់ខ្លួនចាកចេញទៅឆ្ងាយទាំងក្ដីសោកសង្រេង និងអាឡោះអាល័យជាទីបំផុត។
អ្នកស្រីគួនលាងអាយុ៧២ឆ្នាំដែលបានមានប្រសាសន៍ថាអ្នកស្រីនឹងត្រឡប់ទៅស្រុកកំណើតនៅក្នុងខេត្តកំពង់ធំវិញនៅថ្ងៃនេះបានមានប្រសាសន៍ថា“ ថ្ងៃនេះគឺជាថ្ងៃដែលខ្ញុំបែកពីព្រះអង្គជារៀងរហូតទាំងក្តីអាឡោះអាល័យ”៕ ប្រែសម្រួលដោយស៊ាស៊ុយឈាង