The Cambodia Daily Khmer

ការ​បង្កើតតំបន់​សេដ្ឋកិច្ច​ពិសេស​លើក​ដំបូង​នៅ​ខេត្ត​រតនគិរី​ស្ថិត​ក្នុង​ភាព​អាថ៌​កំបាំ​ងនៅឡើយ​​​

ស្រុក​អូរយ៉ាដាវ, ខេត្ត​រតនគិ​​​រី-ការ​សាង​សង់​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ជិត​ព្រំដែន​វៀត​ណាម​ស្ថិត​ក្នុង​ស្រុក​ អូរ​យ៉ាដាវ​ ភាគ​ខាង​កើត​ខេត្ត​រតនគិរី​កំពុង​តែ​ដំណើរ​ការ​ ប៉ុន្តែ អ្នក​ដែល​ទទួល​បាន​​ផល​ប្រយោជន៍​​​និង​​សេវា​​​​កម្ម​​ពិត​ប្រាកដ​ពី​តំបន់​សេដ្ឋកិច្ច​ពិសេសនេះ​​នៅ​តែ​មាន​អាថ៌​កំបាំង​​ សូម្បី​តែ​ក្រុម​មន្ត្រី​​​​ជាន់​​​​ខ្ពស់​ក្នុង​​ខេត្ត​​នេះ​ក៏​មិន​ដឹង​ដែរ។

យោង​តាម​ឯកសារ​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា ការ​រក​ស៊ី​រួម​គ្នា​ដែល​បាន​ប្រកាស​ថ្មីៗ​​េនះ​​ ដោយ​ក្រុម​ហ៊ុន​ ទ្រី ភាព​ ជា​ក្រុម​ហ៊ុន​ដែល​ទទួល​បាន​សម្បទាន​ដីកសិ​ឧស្សាហ​កម្ម​ដ៏​ធំ​នោះ ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ស្ថិតនៅ​​​​ក្នុង​ឃុំ​ ប៉ក់ញ៉ៃ​នេះ​ ស្ថិត​នៅ​ក្បែរ​កាស៊ីណូ​ថ្មី​ របស់​លោក​ ទ្រី ភាព​ ដែលនៅ​ជាប់​ព្រំដែន​ ហើយ​នឹង​មាន​ផ្ទៃដី ទំហំ​​១៣៦​ហិកតា ​នៅ​ពេល​សាង​សង់​រួចរាល់។

បើ​ទោះជា​ទី​កន្លែង​សំខាន់​ និង​​លក្ខណៈ​ពិសេស​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ក៏ដោយ​ ក៏លោក ប៉ាវ ​ហម​ផាន​​​​ អភិបាល​ខេត្ត​​​​រតន​គិរី បាន​មាន​ប្រសាសន៍​កាល​ពីម្សិលមិញ​ថា លោក​ស្ទើរ​តែ​មិន​ដឹង​​អ្វី​​ទាំង​អស់​អំពី​គម្រោង​នេះ​​ ដែល​មាន​នៅ​ក្នុង​អនុ​ក្រឹត្យ​ដែល​ចុះ​ហត្ថ​លេខា​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៧​ខែ​ឧសភា​​ ។

លោក​ ប៉ាវ​ ហមផាន បាន​មាន​ប្រសាសន៍​ថា “ ឥឡូវ​នេះ​គម្រោង​នេះ​កំពុង​តែ​ដំណើរ​​​ការ​​​​សាង​សង់​”។ ដោយ​​សំដៅ​ដល់​តំបន់​ដែល​​​​ទំនិញ​ត្រូវ​បាន​ស្តុក​ទុក​មុន​ពេល​ដឹកជញ្ជូន​នោះ​ លោក​បាន​មាន​ប្រសាសន៍​ថា “ ប្រហែល​​​​ជា​អាច​សាង​សង់​ជា​ផែ​ស្ងួត”។ ព័​ត៌​មាន​​ស្រដៀង​គ្នា​​អំពី​​តំបន់​សេដ្ឋកិច្ច​ពិសេសស​នេះ​​បាន​លេច​ឮ​ដល់​​អ្នក​ភូមិ​ដែល​រស់​នៅ​ក្នុ​ង​ភូមិ​ ប៉កញ៉ៃ អំឡុង​ពេល​​ចុះ​ទៅ​មើល​តំបន់​នោះ កាល​ពីថ្ងៃ​សុក្រ ខណៈ​ដែល​​​​មន្ត្រី​រដ្ឋាភិបាល​ក្នុង​មូល​ដ្ឋាន​បាន​និយាយ​ថា ពួក​គាត់​មិន​បាន​ដឹង​រឿង​នេះ​ឡើយ។

លោក ដក ស អភិ​បាល​ស្រុក​ អូរ​យ៉ាដាវ​ បាន​មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​ទេ​ ចំណែក​ឯ​លោក​ រចំ លិច មេឃុំ​ប៉ក​់ញ៉ៃ​ មាន​ប្រសាសន៍​ថា ពី​ដំបូង​លោក​បាន​ទទួល​ព័ត៌​មាន​​​​ស្តីពី​គម្រោង​សាងសង់​តំបន់​ឧស្សាហ​កម្ម​​ នៅ​ក្នុង​តំបន់​​របស់​លោក​ពី​អ្នក​យក​ព័ត៌​​មាន​។

​លោក​ រចំ លិច​ បាន​មាន​ប្រសាសន៍​បន្ត​​​ថា    “ គេ​​​​​​​មិន​បាន​ប្រាប់​លោក​អំពី​តំបន់​​សេដ្ឋ​កិច្ច​ពិសេស​នេះ​ទេ​។ ខ្ញុំ​មិន​ដឹង​ថា   តើ​គេ​មាន​គម្រោង​ធ្វើ​អ្វី​ឡើយ​”។ មន្ត្រី​នៅ​ក្រុម​ហ៊ុន​ ទ្រី ភាព​ មិន​បាន​ផ្តល់​​ព័ត៌​មាន​លម្អិត​ទាក់​ទង​នឹង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ទេ ជាពិសេស​ពី​គោល​បំណង​ និង​អតិថិជន​នៅ​ក្នុង​តំបន់​​ជន​បទ ​ដែល​មាន​ប្រជា​ជន​រស់​នៅមាន​​​ចំនួន​​​​តិច​តួច​​ ជា​កន្លែង​ដែល​ឧស្សា​​​ហកម្ម​ និង​ការ​វិនិ​យោគ​មាន​នៅ​លើ​ដី​សម្ប​ទាន​សម្រាប់​ដំា​កៅស៊ូ និង​ដំឡូង​មី ហើយ​​​​នៅ​ក្នុង​នោះ​ក្រុម​ហ៊ុន​ ទ្រី ភាព​​​​ មាន​ភាគ​ហ៊ុន​ច្រើន​។ ​លោក​  ប៊ី​ ជីវ័ន​តារា តំណាង​​​​ប្រចាំ​ខេត្តរ​បស់​ក្រុម​ហ៊ុន ទ្រី ភាព អាហរ័ណ​ នី​ហរ័ណ នៅ​​​​ក្នុង​រតន​គីរី បាន​បដិ​សេធ​​មិន​ធ្វើ​អត្ថា​ធិ​ប្បាយ​ទេ ហើយ​បាន​បង្វែរ​សំណួរ​ទៅ​អ្នក​គ្រប់​គ្រង​ក្រុម​ហ៊ុន​ ដែល​មិន​បាន​ផ្តល់​​ព័ត៌​មាន​លម្អិត​ឡើយ​។

​​​​​​​​​អនុក្រឹត្យ​ដែល​បង្កើត​តំបន់​សេដ្ឋ​កិច្ច​ពិសេស​នេះ​ស្របច្បាប់​ក៏​បាន​ផ្តល់​ព័ត៌​មាន​លម្អិត​បន្តិច​បន្តួច​​ដែរ ប៉ុន្តែ បាន​ណែនាំ​ឲ្យ​ក្រសួង​ពាក់​ព័ន្ធ​ទាំងអស់​ និង​អភិបាល​ខេត្ត​សម្រប​សម្រួល​ការ​សាង​សង់​នេះ។

យោង​តាម​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​ន៍​កម្ពុជា​បាន​ឲ្យ​ដឹង​ថា តំបន់​សេដ្ឋ​កិច្ច​ពិសេស​អាច​រួម​បញ្ចូល​ទាំង​តំបន់​ឧស្សាហ​កម្ម​ទូទៅ​ តំបន់​កែ​​​ច្នៃ​ផលិត​ផល​នាំចេញ​  និ​ង​ តំបន់​ផលិត​កម្ម​​​ដែល​អាច​មាន​តំបន់​ពាណិជ្ជកម្ម​សេរី តំបន់​ សេវា​កម្ម តំបន់​​លំនៅ​ដ្ឋាន​​ និង​តំបន់​ទេស​​​ចរណ៍​ជាដើម។

លោក​ ទ្រី ភាព​ ដែល​ជា​ពាណិជ្ជ​ករ​មាន​ភាព​មិន​ច្បាស់​លាស់​ប៉ុន្មាន​​ឆ្នាំចុង​ក្រោយ​នេះ ក្នុង​ការ​កាន់​កាប់​ភាគ​ហ៊ុន​ដ៏​ធំ​មួ​យដែល​​មាន​ក្នុង​កិច្ច​សន្យា​ជួល​កោះ​នៅ​ក្នុង​សមុទ្រ​ ផល​ប្រយោជន៍​ពី​ការ​រុក​រក​រ៉ែ សម្បទាន​ដី​សេដ្ឋ​កិច្ច​​ដ៏ធំ និ​ង​កាស៊ីណូ​ថ្មី​​របស់​លោក​។

លោក​ រចំ លិច មេឃុំ​នេះ ​មាន​ប្រសាសន៍​​​​កាល​ពី​ម្សិល​មិញ​ថា “ ឥឡូវ​នេះ​កាស៊ី​ណូ​នេះ​មិន​ទាន់​សាង​សង់​រួច​រាល់​នៅ​ឡើយ​ទេ ប៉ុន្តែ ជា​ធម្មតា​ពួក​គេ​បាន​ជល់​​មាន់​បី​ដង​ក្នុង​មួយ​​សប្តាហ៍​”។ លោក​បាន​បន្ថែម​ថា អតិថិជន​ គឺ​ជា​ជន​ជាតិ​វៀត​ណាម​ និង​អ្នក​លេង​ល្បែង​ជា​ជន​ជាតិ​ខ្មែរ​។
នៅ​ក្នុង​ទីប្រជុំ​ជន​ស្រុក​ អណ្តូង​មាស​ឯ​ណោះ​វិញ​ ព័ត៌​មាន​ពី​ភាព​លេច​ធ្លោ​​នៃ​ការ​វិនិ​​​យោគ​របស់​ក្រុមហ៊ុន​ ទ្រី  ភាព គឺ​ច្បាស់​លាស់​​នៅ​ក្នុង​ការ​សាង​សង់​ស្ពាន​ដែក​ប្រវែង​២៥២ម៉ែត្រ​កាត់​ទន្លេ​សេសាន ដែល​លោក​បាន​សាង​សង់​ និង​សាងសង់​​ផ្លូវ​មួយ​ខ្សែ​​កាត់​ចំកណ្តាល​​ស្រុក​នេះ​​ ហើយ​អាច​ចេញ​ចូល​ទៅកាន់​ដី សម្បទាន​សេដ្ឋ​កិច្ច​ដែល​រដ្ឋាភិ​​​បាល​​​​បាន​ផ្តល់​ឲ្យ​រួម​ទាំង​ដី​ដែល​ក្រុម​ហ៊ុន ទ្រី ភាព​ អាហរ័ណ នី​ហរ័ណ​កាន់​កាប់ផង​។

កាល​ពីខែ​កុម្ភៈ​ ក្រសួង​កសិកម្ម​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​ជាមួយ​​ក្រុម​ហ៊ុន ទ្រី ភាព ដើម្បី​អនុ​ញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​លោក​ទិញ​ឈើ​ដែល​កាប់​រួចហើយ​ទាំង​អស់​នៅ​ក្នុ​ង​តំបន់​ដីសម្បទាន​សេដ្ឋកិច្ច​ក្នុង​ខេត្ត​រតនគិរី​ទាំង​មូល​។

ដោយ​ពន្យល់​អំពី​សេច​ក្តី​សម្រេច​នោះ លោក​ ប៉ាវ ហម​​ផាន​ អភិបាល​ខេត្ត​បាន​មាន​ប្រសាសន៍​កាល​ពី​ខែ​ឧសភា​ថា ការ​ទទួល​បាន​សិទ្ធិ​ផ្តាច់​មុន​នេះ​នឹង​ជួយ​កំណត់​តម្លៃ​ទីផ្សារ​សម្រាប់​ឈើ​ស្របច្បាប់​នៅ​ក្នុង​ខេត្ត​នេះ។

អង្គការ​សិទ្ធិមនុស្ស​ អាដ​ហុក បាន​លើក​ឡើង​ថា កិច្ច​ព្រម​ព្រៀង​នេះ អា​ច​ជំរុញ​ឲ្យ​មាន​ការ​កាប់​ឈើ​ខុស​ច្បាប់​ និង​ធ្វើ​ឲ្យ​មាន​ការ​​​​កាប់​បំផ្លាញ​ព្រៃឈើ​កាន់​តែ​ខ្លាំង​នៅក្នុង​ខេត្ត​​​​នេះ ដោយ​សារ​វា​ផ្តល់​មធ្យោបាយ​សម្រាប់​ឈើ​ដែល​កាប់​​ខុស​ច្បាប់ ហើយ​កែច្នៃ​ឈើ​ទាំង​នោះ​ដោយ​ស្រប​ច្បាប់។
កាល​ពីខែ​កុម្ភៈ ឆ្នាំ​២០១១ ​ក្រុម​ហ៊ុន ទ្រី ភាព ទទួ​ល​បាន​កិច្ច​សន្យា​ជួល​ដី​ពីរ​កន្លែង​រយៈ​​​ពេល​៧០​ឆ្នាំ​មាន​ទំហំ​១៨.៨៥៥​ហិកតា​ជា​ដី​សម្ប​ទាន​ស្ថិត​នៅ​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ​។

យោង​តា​ម​តួលេខ​របស់​អង្គការ​សិទ្ធិ​​​មនុស្ស​អាដ​ហុក​ក្នុង​ស្រុង​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិ​​​បាល​បាន​ផ្តល់​ដី​សម្ប​ទាន​​សេដ្ឋ​កិច្ច​ក្នុង​ខេត្ត​រតនគិរី​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ចំនួន​២៧​​ដែល​មាន​ផ្ទៃ​ដី​សរុប​ចំនួន​ ២២២​.៩៣៣​ហិកតា។

យោង​តាម​អង្គការ​អាដ​ហុក​ បាន​ឲ្យ​ដឹង​ថា ជិត​ពាក់​កណ្តាល​នៃដី​សម្បទាន​ទាំង​នេះ ដី​ទំហំ​១០៨.៥១៣​ហិ​ក​តា​ស្ថិត​នៅ​ក្នុង​ឧទ្យាន​​​​ជាតិ​វីរ​ជ័យ ដែល​គេ​​ហៅ​ថា “ កន្ទុយ​នាគ” និង​​​មាន​ទំហំ​៣៣០.០០០​ហិក​តា​​ស្ថិត​ក្នុង​ព្រៃ​របស់​ឧទ្យាន​​ដែល​ចុះ​បញ្ជី​​ជា​បេតិ​ក​ភណ្ឌ​អាស៊ាន​ ដែល​ចាត់​ទុក​ថា ជា​តំបន់​អភិ​រក្ស​ដ៏​សំខាន់​​ប្រចាំ​តំបន់​​។

ការ​បង្កើត​ឧទ្យាន​ជាតិ​វីរ​ជ័យ​ជា​តំបន់​ការពារ​នៅ​ក្នុង​ប្លុក​អាស៊ាន​ស្ថិត​នៅ​ក្នុង​បញ្ជី​​បេតិកភណ្ឌ​ដដែល​ បើ​ទោះ​​ជា​មាន​ការ​ធ្វើ​កសិ​ឧស្សាហ​កម្ម​ក៏ដោយ​។ សន្និសីទ​ស្តី​ពី​ឧទ្យាន​​​​​បេតិកភណ្ឌ​អាស៊ាន​លើក​ក្រោយ​នឹ​ង​ធ្វើ​ឡើង​នៅ​​​ប្រទេស​ហ្វីលីពីន​ ក្នុង​ខែ​តុលា​៕

ប្រែ​សម្រួល​ដោយ សោម សារុន​​​​​

Exit mobile version