ក្រសួងសុខាភិបាលកាលពីថ្ងៃសុក្រម្សិលម៉ិញបានស្នើពលរដ្ឋមានការប្រុងប្រយ័ត្នអំពីការពុលចំណីអាហារពុលស្រានិងការចម្លងមេរោគ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ។
ជាងនេះទៅទៀតរដ្ឋាភិបាលក៏បានរំលឹកដល់ពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នក្នុង ការទទួលទានអាហារដែលខ្វះអនាម័យ ជាហេតុនាំឲ្យមានគ្រោះថ្នាក់ដល់ជីវិត។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានណែនាំវិធានការមួយចំនួនដល់ពលរដ្ឋដើម្បីចៀសវាងគ្រោះថ្នាក់នេះ និងដើម្បីកុំឱ្យខាតបង់ពេលវេលា ឬថវិកា ដែលអាចបង្កឡើងដោយការពុលអាហារ ឬឆ្លងជំងឺផ្សេងៗ។
វិធានការទាំងនោះរួមមាន ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារដែលស្អាតជានិច្ច។
ជាមួយគ្នានេះដែរ លោកក៏បានស្នើឱ្យពលរដ្ឋកុំបរិភោគស្រាដែលបិទខុសលក្ខណៈបច្ចេកទេស។
របាយការណ៍របស់ក្រសួងសុខាភិបាលឲ្យដឹងថា កាលពីឆ្នាំ២០១៧កន្លងទៅនេះយ៉ាងហោចណាស់មានករណីពុលចំណីអាហារសរុបចំនួន២៧លើកអ្នកពុលមានចំនួន១ពាន់នាក់ ហើយការពុលស្រាមានចំនួន២លើកដែលបណ្តាលឲ្យមនុស្សស្លាប់ចំនួន៤នាក់។
ក្រសួងសុខាភិបាលក៏បានណែនាំឱ្យពលរដ្ឋត្រូវចម្អិនអាហារឱ្យបានឆ្អិនល្អជាពិសេសសាច់សត្វស្លាបស៊ុតនិងអាហារសមុទ្រ ហើយម្យ៉ាងទៀត ត្រូវទុកដាក់អាហារឆ្អិននិងឆៅឲ្យដាច់ដោយឡែកពីគ្នាឬកុំបរិភោគចំណីអាហារហួសកាលកំណត់ជាដើម៕