The Cambodia Daily Khmer

រដ្ឋាភិបាលប្រទេសទួគីអញ្ជើញលោក ហ៊ុន សែន ទៅបំពេញទស្សនកិច្ចផ្លូវការនៅខែកញ្ញាខាងមុខ

នាយករដ្ឋមន្ត្រីប្រទេសទួគី(Turkey)លោកប៊ីណាលី យ៉ាលឌីរIម (Binali Yildirim) បានអញ្ជើញលោក ហ៊ុន សែនទៅទស្សនកិច្ចផ្លូវការ ក្នុងប្រទេសរបស់ខ្លួននៅខែកញ្ញាខាងមុខ។

នៅក្នុងកិច្ចប្រជុំមួយរវាង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោកប្រាក់ សុខុន និងឯកអគ្គរដ្ឋ ទូត ថ្មីរបស់ប្រទេសទួគីប្រចាំនៅកម្ពុជា លោកស្រី អាយដា អ៊ុនលូ (Ayda Unlu)កាលពីពេលថ្មីៗនេះភាគីកម្ពុជាបានស្នើឱ្យរដ្ឋាភិបាល ទួគីជំរុញឲ្យមានការពិភាក្សាលើកិច្ចព្រមព្រៀងផ្សេងៗ ដើម្បីឈានដល់ការចុះហត្ថលេខានៅពេលដែលលោកហ៊ុន សែន ធ្វើដំណើរទៅកាន់ប្រទេសតួគី។

ក្នុងជំនួបនោះដែរលោកប្រាក់សុខុនបានទាមទារឱ្យប្រទេសទួគី បង្កើនទំហំពាណិជ្ជកម្មនិងជំនួយខាងផ្នែកបោសសំអាតមីនដល់កម្ពុជា។

ទោះជាយ៉ាងណាក៏ដោយលោកប្រាក់សុខុន បានកោតសរសើរដល់ប្រទេសទួគីដែលមិនបានរិះគន់ដល់កម្ពុជាជុំវិញស្ថានការណ៍នយោបាយនៅកម្ពុជាបច្ចុប្បន្ន ក្រោយពេលរបបទីក្រុងភ្នំពេញ បានរំលាយគណបក្សប្រឆាំងដ៏ធំចេញពីបញ្ជីនយោបាយនៅកម្ពុជា។

ការចាប់ផ្តើមបង្កើនទំនាក់ទំនងទ្វេរភាគីរវាងកម្ពុជាជាមួយប្រទេសទួគី ធ្វើឡើងស្របពេលដែលប្រទេសមួយនេះកំពុងមានវិបត្តិទំនាក់ទំនង ការទូតធ្ងន់ធ្ងរជាមួយសហរដ្ឋអាមេរិកដោយសារបញ្ហាសង្គ្រាមនៅប្រទេសស៊ិរី។

កាលពីខែមីនា សហរដ្ឋអាមេរិកបានចាប់ផ្តើមបិទទិដ្ឋាការដល់មន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលប្រទេសទួគីដោយលើកហេតុផលថាដើម្បីរក្សាសន្តិសុខរបស់ប្រទេស។

ចំណែករដ្ឋាភិបាលប្រទេសទួគីក៏បានឆ្លើយតបភ្លាមៗដល់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតុនថា ខ្លួនក៏លែងផ្តល់ទិដ្ឋាការដល់ពលរដ្ឋអាមេរិកាំងដូចគ្នា។

រហូតមកទល់ពេលនេះ សហរដ្ឋអាមេរិកក៏បានបិទទិដ្ឋាការដល់មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលលោក ហ៊ុន សែនមួយចំនួនដែរក្រោយពីរដ្ឋាភិបាលមួយនេះបានចាប់មេដឹកនាំគណបក្សសង្គ្រោះជាតិគឺ លោក កឹម សុខាដាក់ពន្ធនាគាររំលាយគណបក្សសង្គ្រោះជាតិ បណ្តេញអង្គការសង្គមស៊ីវិលនិងបិទបណ្តាញសាព័ត៌មានឯករាជ្យ៕

Exit mobile version