The Cambodia Daily Khmer

គណបក្សខ្មែររួបរួមជាតិរៀបចំតម្កល់លុយនៅរតនាគារជាតិ មុនចូលរួមការបោះឆ្នោត

គណបក្សខ្មែរួបរួមជាតិកាលពីម្សិលមិញ បានទៅយកបែបបទពីគ.ជ.ប.ដើម្បីដាក់ប្រាក់តម្កល់១៥លានរៀល នៅរត នាគារជាតិ មុន នឹងចូលរួមការបោះឆ្នោតនាខែកក្កដាខាងមុខនេះ។

រហូតមកទល់ពេលនេះ មានគណបក្សចំនួន៣ បានចុះបញ្ជីឈ្មោះនៅ គ.ជ.ប. រួចហើយរួមមាន គណបក្សយុវជនកម្ពុជា គណបក្សប្រជាជនកម្ពុជា និងគណបក្សសញ្ជាតិកម្ពុជា។

សារព័ត៌មានរបស់លោក ហ៊ុន សែន បានដកស្រង់សម្តី លោក សិង្ហ គិរី ប្រធានគណបក្សខ្មែររួបរួមជាតិ ចុះផ្សាយកាលពីម្សិលមិញថាគណបក្សរបស់លោកនឹងចុះបញ្ជីឈ្មោះចូលរួមបោះឆ្នោត និងចុះបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជូន គ.ជ.ប. នៅអំឡុងថ្ងៃទី៤ ឬទី៥ ខែឧសភានេះ។

លោក សិង្ហ គីរីបន្តថា គណបក្សខ្មែររួមរួបជាតិ នឹងរៀបចំសមាជមួយនៅពេលឆាប់ៗខាងមុខដើម្បីប្រគល់តំណែងប្រធានគណបក្ស ជូនលោកញ៉ឹក ប៊ុនឆៃ ដែលទើបត្រូវបានដោះលែងពីពន្ធនាគារជា បណ្តោះអាសន្ននោះ។

លោក ញ៉ឹក ប៊ុនឆៃ អតីតប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ពាក់ព័ន្ធករណីផលិតគ្រឿងញៀន កាលពីឆ្នាំ២០០៧ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្រុមអ្នកឃ្លាំមើលសង្គមនិយាយថា ការដោះលែងលោកញ៉ឹក ប៊ុនឆៃ នៅពេលនេះដោយសារលោក ហ៊ុន សែន ត្រូវការគណបក្សតូចតាច ជាច្រើនដើម្បីចូលរួមការបោះឆ្នោតជាតិដើម្បីបំពេញភាពស្របច្បាប់ ឲ្យរដ្ឋាភិបាលរបស់លោកតែប៉ុណ្ណោះ ខណៈគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា ត្រូវបានលោក ហ៊ុន សែន រំលាយចោលកាលពីចុងឆ្នាំ២០១៧ ក្រោយពីគណបក្សនេះទទួលបាន សម្លេងគាំទ្រខ្លាំងពីមហាជនក្នុងការបោះឆ្នោតឃុំ-សង្កាត់៕

Exit mobile version