The Cambodia Daily Khmer

អាជ្ញាធរខេត្តកំពុងធំបានចាប់ផ្សឹកសមាជិកបណ្តាញព្រះសង្ឃឯករាជ្យ

ព្រះសង្ឃព្រះនាម សេង ណារ៉ា គង់នៅវត្ត ពោធិសរារាម ហៅវត្តទឹក ម្លាង ស្ថិតនៅ ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ត្រូវបានអាជ្ញាធរខេត្តនេះធ្វើការចាប់ផ្សឹកព្រះអង្គ ដោយសារព្រះអង្គបានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយមួយ ដើម្បីវាយប្រហាររដ្ឋាភិបាល និងបានចោទអភិបាលស្រុកសណ្ដាន់ ខេត្តកំពង់ធំថា ជាជនជាតិវៀតណាមថែមទៀត។

ទោះជាយ៉ាងណាក៏ដោយក្រុមបណ្ដាញព្រះសង្ឃឯករាជ្យ ចាត់ទុកវិធានការចាប់ផ្សឹកព្រះសង្ឃថា ធ្វើឡើងដោយហេតុផលនយោបាយប៉ុណ្ណោះ។

ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យព្រះតេជគុណ ប៊ុត ប៊ុនតិញ បានចេញវីដេអូឃ្លីបហៅការចាប់ផ្សឹកព្រះតេជគុណ សេង ណារ៉ា ថា ធ្វើឡើងដោយសារភ័យខ្លាចសកម្មភាពការងាររបស់សមាជិកបណ្តាញ ព្រះសង្ឃឯករាជ្យ។

ព្រះតេជគុណអះអាងថា អាជ្ញាធរស្រុកសណ្ដាន់ មានការគុំកួនក្រុមបណ្ដាញព្រះសង្ឃឯករាជ្យ ជាយូរមកហើយ ដោយសារបណ្តាញរបស់ព្រះអង្គតែងរាយការណ៍ពីការកាប់បំផ្លាញព្រៃឈើក្នុងខេត្តកំពង់ធំ ជម្លោះដីធ្លី និងផលប៉ះពាល់ពីក្រុមហ៊ុនសម្បទានរបស់វៀតណាមនៅក្នុងខេត្តនេះជាដើម ជាហេតុធ្វើឲ្យអាជ្ញាធររកឱកាសកំចាត់បណ្តាញព្រះសង្ឃឯករាជ្យចេញពីតំបន់នោះ។

នេះជាករណីទី២ហើយ ដែលមានការចាប់ផ្សឹកព្រះសង្ឃសមាជិកបណ្ដាញព្រះសង្ឃឯករាជ្យ ដោយករណីទី១ គឺជាការចាប់ផ្សឹកព្រះសង្ឃ ព្រះនាម ហន សុផាន្នី នៅខេត្តបាត់ដំបង ដោយចោទព្រះអង្គទាក់ទងនឹងការប្រើប្រាស់កាំភ្លើងជ័រ៕

Exit mobile version