The Cambodia Daily Khmer

តុលាការក្រុងភ្នំពេញកោះហៅសកម្មជនសិទ្ធិលំនៅដ្ឋានឲ្យចូលបំភ្លឺករណីពាក់ព័ន្ធបទក្បត់ជាតិជាមួយលោក កឹម សុខា

តុលាការក្រុងភ្នំពេញកោះហៅសកម្មជនសិទ្ធិលំនៅដ្ឋានឲ្យចូលបំភ្លឺករណីពាក់ព័ន្ធបទក្បត់ជាតិជាមួយលោក កឹម សុខា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោកគី ឫទ្ធី បានចេញដីការកោះហៅឲ្យលោកសៀ ភារម្យ អតីតប្រធានអង្គការសិទ្ធិលំនៅដ្ឋានចូលខ្លួនឆ្លើយបំភ្លឺក្នុងនាមជាសាក្សីក្នុងសំណុំរឿងព្រហ្មទណ្ឌ របស់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលតុលាការ ចោទប្រកាន់ពីបទក្បត់ជាតិ។

ដីកាកោះហៅដែលចេញដោយលោកចៅក្រម គី ឬទ្ធិ កាលពីថ្ងៃទី១៧ឧសភា កន្លងទៅនេះ បានបង្គាប់ឲ្យលោក សៀ ភារម្យ ចូលខ្លួនទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១២ មិថុនា ឆ្នាំ២០១៨ វេលាម៉ោង៨និង៣០នាទីព្រឹក។

លោក សៀ ភារម្យ ដែលកំពុងរស់នៅនិរទេសខ្លួនក្នុងសហរដ្ឋអាមេរិក បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា លោកគ្មានអ្វីជាប់ពាក់ព័ន្ធជាមួយលោក កឹម សុខានោះទេ។

ទោះជាយ៉ាងណាក៏ដោយ លោកចាត់ទុកការកោះហៅរូបលោក អាចដោយសារលោកបានចូលរួមក្នុងសកម្មភាពគាំទ្រចលនាសង្គ្រោះជាតិរបស់ លោក សម រង្ស៊ី។

រហូតមកទល់ពេលនេះ លោក សៀ ភារម្យគឺជាមនុស្សទីបួនហើយ ដែលចៅក្រមសាលាដំបូងកោះហៅទៅសាកសួរក្នុងនាមជាសាក្សី ក្រៅពីលោកប៉ា ងួនទៀង នាយកប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងជាអតីតប្រធានវិទ្យុសំបុកឃ្មុំ និងលោក ឈឹម ផលវរុន អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា និងជាអតីតបុគ្គលិកខាងផ្នែកអប់រំសិទ្ធិពលរដ្ឋរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលពេលនោះ ដឹកនាំដោយលោក កឹម សុខា៕

Exit mobile version