The Cambodia Daily Khmer

លោក ហ៊ុន សែន សម្ពោធអគារបញ្ជាការដ្ឋានអង្គរក្សទួលក្រសាំងដែលមានតម្លៃជាង៤លានដុល្លារ

លោក ហ៊ុន សែន សម្ពោធអគារបញ្ជាការដ្ឋានអង្គរក្សទួលក្រសាំងដែលមានតម្លៃជាង៤លានដុល្លារ លោក ហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានបើកសម្ពោធទីបញ្ជាការដ្ឋានអង្គរក្សផ្ទាល់ខ្លួនរបស់លោកដែលមានតំលៃជាង៤លានដុល្លារសហរដ្ឋអាមេរិក ស្ថិតនៅទួលក្រសាំង ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

ការសម្ពោធនេះ ធ្វើឡើងក្រោយពេលសហរដ្ឋអាមេរិក បានបង្កកទ្រព្យសម្បត្តិមេអង្គរក្សរបស់លោក កាលពីពេលថ្មីៗនេះដោយសារបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

ប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន បានដកស្រង់សម្តីរបស់លោក ហ៊ីង ប៊ុនហៀងចុះផ្សាយថា ថវិកាជាង ៤លានដុល្លារចំណាយលើកការសាងសង់នេះ គឺជាថវិការបស់សប្បុរសជន និងជាថវិកាផ្ទាល់ខ្លួនរបស់លោក ហ៊ុន សែន។

លោកបន្តថា ទីតាំងអគារទីបញ្ជាការដ្ឋានអង្គរក្សនេះ កាលពីមុនជាបឹង ដែលប្រឈមនឹងការបាក់ស្រុត ហេតុដូច្នេះហើយបានជាលោក ហ៊ុន សែន បញ្ជាឲ្យសាងសង់ទីតាំងនេះឡើងវិញនៅឆ្នាំ២០១៨នេះ ដើម្បីឲ្យមានអគារស្នាក់នៅ និងការិយាល័យធ្វើការបានល្អប្រសើរ បំពាក់ដោយសម្ភារៈយោធាគ្រប់គ្រាន់ ដើម្បីបុព្វហេតុបំពេញបេសកកម្មការពារជាតិមាតុភូមិ។

លោកបន្តទៀតថា កម្លាំងនៅទីបញ្ជាការដ្ឋានកងអង្គរក្សរបស់លោក ហ៊ុន សែន នេះ មានកាតព្វកិច្ចការពារសន្តិសុខរបស់លោក ហ៊ុន សែន និងគ្រួសារដោយផ្ទាល់ ហើយមានសមត្ថភាពអាចចល័តកងទ័ពបាននៅគ្រប់កន្លែងនៅទូទាំងប្រទេសកម្ពុជា ស្របតាមសភាពការណ៍ជាក់ស្តែង ដើម្បីទប់ស្កាត់រាល់សភាពការណ៍ដែលអាចកើតមានឡើងជាយថាហេតុ៕

Exit mobile version