The Cambodia Daily Khmer

លោកហ៊ុន សែនព្រមានមិនចេញប័ណ្ណផ្ទេរកម្មសិទ្ធិដីធ្លីឲ្យមន្រ្តីបក្សប្រឆាំង

មេដឹកនាំរបបក្រុងភ្នំពេញព្រមានមន្រ្តីបក្សប្រឆាំងកុំព្រហើន បើមិនដូច្នោះទេលោកមិនចេញប័ណ្ណផ្ទេរកម្មសិទ្ធិដីធ្លីឲ្យនោះឡើយ លោកហ៊ុន សែន កាលពីថ្ងៃទី៥ខែតុលា បានព្រមានមិនចេញប័ណ្ណផ្ទេរកម្មសិទ្ធិដីធ្លីឲ្យអតីតមន្ត្រី គណបក្សប្រឆាំងដែលកំពុងប្រកបរបររកស៊ីអចលនទ្រព្យ។

លោកហ៊ុន សែនអះអាងថា ការព្រមានរបស់លោកដោយសារអ្នកទាំងនោះព្រហើន។

ការព្រមានរបស់លោកហ៊ុន សែនធ្វើឡើងនៅក្នុងទិវាគ្រូបង្រៀនអន្តរជាតិ កាលពីថ្ងៃសុក្រ។

ទោះជាយ៉ាងណាក៏ដោយ លោកហ៊ុន សែន មិនបានបញ្ចេញឈ្មោះមន្រ្តីរូបនោះថា ជានរណាឲ្យប្រាកដនោះឡើយ។

ប៉ុន្តែលោកអះអាងថា អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំងខ្លះដែលបានដឹកនាំធ្វើបាតុកម្មប្រឆាំងរូបលោកនៅពេលដែលលោកទៅចូលរួមមហាសន្និបាតរបស់អង្គការសហប្រជាជាតិនៅបុរីញូវយ៉ក កាលពីចុងខែកញ្ញាកន្លងទៅ។

លោកហ៊ុន សែនអះអាងថា លោកបានដឹងថា អតីតមន្ត្រីបក្សប្រឆាំងទាំងនោះ កំពុងរកស៊ីទិញលក់ដីនៅតាមបណ្តាខេត្តមួយចំនួន។

លោកហ៊ុន សែន អះអាងថា ដីទាំងនោះមាននៅខេត្តកែប កំពតនិងកំពង់ស្ពឺជាដើម។

ទោះជាយ៉ាងណាក៏ដោយ ក្រុមមន្រ្តីបក្សប្រឆាំងអះអាងថា ការព្រមានរបស់លោកហ៊ុន សែនគ្មានអ្វីចម្លែកនោះឡើយ ពីព្រោះលោកហ៊ុន សែន កំពុងប្រើយុទ្ធសាស្រ្តធ្វើទុក្ខបុកម្នេញជនទាំងឡាយ ណាដែលមាននិន្នាការប្រឆាំងលោក មិនឲ្យគេរស់នៅបានសុខ៕

Exit mobile version