The Cambodia Daily Khmer

អង្គការអន្តរជាតិចំនួន២ បន្តទាមទារឱ្យតុលាការក្រុងភ្នំពេញទម្លាក់បទចោទលើអតីតបុគ្គលិកវិទ្យុអាស៊ីសេរី ២នាក់

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch នៅតែជំរុញឱ្យតុលាការក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ទម្លាក់បទចោទលើអតីតបុគ្គលិកវិទ្យុអាស៊ីសេរី ២នាក់ គឺលោកយាង សុធារិន្ទ និង លោក អ៊ួន ឈិន ដោយគ្មានលក្ខខណ្ឌ ហើយថា បទចោទប្រកាន់កន្លងទៅ លើអ្នកទាំងពីរនេះមានចរិតនយោបាយ។

ការទាមទាររបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ស្របពេលដែលតុលាការកម្ពុជា គ្រោងបើកសវនាការលើសំណុំរឿងអ្នកទាំងពីរនៅថ្ងៃស្អែកនេះ។

Human Rights Watch អះអាងថា អាជ្ញាធរកម្ពុជាត្រូវតែទម្លាក់ចោលជាបន្ទាន់នូវការចោទប្រកាន់ប្រឆាំងនឹងអតីតបុគ្គលិកអាស៊ីសេរីពីរនាក់ ដោយចាត់ទុកចៅក្រមស៊ើបសួរក្នុងសំណុំរឿងនេះ ថាបំពេញការងារដោយមានលក្ខណៈនយោបាយ។

កាលពីម្សិលមិញនេះដែរ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនឬហៅថា Reporters Without Border  ក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយទាក់ទងនឹងករណីសវនាការអតីតបុគ្គលិកវិទ្យុអាស៊ីសេរីទាំងពីរនាក់នេះផងដែរ។

អង្គការ Reporters Without Border បានហៅសវនាការដែលគ្រោងត្រូវធ្វើឡើងនៅថ្ងៃស្អែកថាជាការបង្ហាញច្បាស់អំពីការធ្វើទុក្ខបុកម្នេញទៅលើអ្នកសារព័ត៌មាននៅកម្ពុជាកាន់តែកើនឡើងដោយប្រើប្រាស់ប្រព័ន្ធតុលាការជាឧបករណ៍របស់ខ្លួន។ អង្គការអន្តរជាតិមួយនេះ បានលើកឡើងថា ការចោទប្រកាន់របស់តុលាការទៅលើអ្នកទាំងពីរកន្លងមក ធ្វើឡើងដោយមិនមានភស្តុតាងរឹងមាំនោះឡើយ។

លោកយាង សុធារិន្ទ និង លោក អ៊ួន ឈិន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ហើយត្រូវបានតុលាការចោទប្រកាន់ពីបទចោទថា «ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មាន ដែលអាចធ្វើឲ្យអន្តរាយដល់ការការពារជាតិ» តាមមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ។

ក្រោយឃុំខ្លួនពួកគេទាំងពីរនាក់ ក្នុងពន្ធនាគារអស់រយៈពេលជាង៩ខែ លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្នកាលពីចុងខែសីហា ឆ្នាំ២០១៨៕

Exit mobile version