The Cambodia Daily Khmer

របបម៉ាឌូរ៉ូនៅវេណេហ្សូអេឡា ជិតដល់ថ្ងៃចុងក្រោយ

ប្រេសិតពិសេស របស់លោក ដូណាល់ ត្រាំ ទទួលបន្ទុកកិច្ចប្រទេសវេណេហ្សូអេឡា លោក អេលីយូត អាប្រាម បានព្រមានថា របបលោកម៉ាឌូរ៉ូនឹងមិនអោយបន្តរស់រៀនមានជីវិតដល់ ឆ្នាំ២០២០ នោះឡើយ ។ លោក បានប្រាប់ទៅលោកម៉ាឌូរ៉ូ អោយស្វែងរកប្រទេសណាមួយដើម្បីជ្រកកោនអោយហើយទៅ។

លោក អេលីយូត អាប្រាម បានប្រាប់បណ្ដាញផ្សាយព័ត៌មានអាមេរិក CNN ថាសហគមន៍អន្តរជាតិ នឹងមិនទុកអោយ របបលោកម៉ាឌ៉ូរ៉ូ បន្ត ធ្វើអោយពលរដ្ឋឈឺចាប់ទៀតទេ។ លោកថា របបនេះ អាចរកទីបញ្ចប់ឃើញនៅប៉ុន្មានខែទៀត គឺមិនអោយឆ្លងឆ្នាំ២០២០ នោះឡើយ។

ការព្រមានជាថ្មីម្ដងទៀតរបស់ប្រេសិតរូបនេះ  ស្របពេលដែល ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារទី៦ ខែសីហានេះ បានចុះហត្ថលេខា លើបទបញ្ជារបស់លោកដោយ បញ្ជាអោយបង្កកទ្រព្យសម្បត្តិទាំងអស់នៃមន្ត្រីរដ្ឋាភិបាលវេណេហ្សូអេឡារបស់ លោក នីកូឡាស់ ម៉ាឌូរ៉ូ ដែល មាននៅក្នុងសហរដ្ឋអាមេរិក ។

បើតាម CNN  លោក ដូណាល់ ត្រាំបានចេញបទបញ្ជាដូច្នេះ ទៅកាន់ស្ថានប័នមានសមត្ថកិច្ចទាំងអស់របស់សហរដ្ឋអាមេរិក ជាពិសេស ក្រសួងរតនាគារអោយសើរើទ្រព្យសម្បត្តិទាំងអស់របស់មន្ត្រីលោក ម៉ាឌូរ៉ូ ដើម្បី បង្កកទុកសម្រាប់រដ្ឋាភិបាលថ្មីក្រោយការបោះឆ្នោត។

បទបញ្ជារបស់លោកត្រាំ បាន បញ្ជាដូចនេះថា « ទ្រព្យសម្បត្តិរបស់រដ្ឋាភិបាលវេណេហ្សូអេឡាដែលមាននៅក្នុងសហរដ្ឋអាមេរិក ឬស្ថិតនៅក្រោម ដែនសមត្ថកិច្ចអាមេរិក ឬក៏នៅក្រោមការគ្រប់គ្រងរបស់ពលរដ្ឋអាមេរិក នឹងត្រូវបានបង្កកទុក ទាំងអស់ ហើយក៏មិនអាចផ្ទេរចេញទៅណាទាំងអស់»។

បទបញ្ជានេះបានចូលជាធរមាន កាលពីថ្ងៃចន្ទ ទី០៥ ខែសីហា ម្សិលម៉ិញ។

អ្នកជំនាញខាងសេដ្ឋកិច្ចព្រមានថា ទណ្ឌកម្មនេះ នឹងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមហ៊ុនប្រេង PDVSA ដែលរដ្ឋគ្រប់គ្រង និងធនាគារកណ្ដាលនៃប្រទេស វេណេហ្សូអេឡា។ តាមការចុះផ្សាយរបស់ សារព័ត៌មាន Bloomberg ការផលិតប្រេងរបស់ក្រុមហ៊ុន  PDVSA ដែលគ្រប់គ្រងដោយ របបលោកម៉ាឌូរ៉ូ បានធ្លាក់ជិត៥០% ដោយសារ អាមេរិកដាក់ទណ្ឌកម្មប្រេងលើប្រទេសដែល ហែកហួរដោយវិបត្តិនយោបាយ និងសេដ្ឋកិច្ចជាខ្លាំងនេះ។

ដោយឡែក មូលនិធីរូបីយវត្ថុ អន្តរជាតិ IMF បានព្រមានថា អតិផរណានឹងហក់ឡើងដល់ទៅ ១០លាន%នៅឆ្នាំ២០២០ ប្រសិនបើ ប្រទេសនេះបន្តរងការហំព័ន្ធទណ្ឌកម្មប្រេងពីអាមេរិក កាណាដា និងប្រទេស ដទៃទៀតនោះ។

ចំណែក ប្រទេសសម្ព័ន្ធ លីម៉ា ជាង២០ប្រទេស ដែលភាគច្រើនគាំទ្របក្សប្រឆាំងក៏បានព្រមានពីការបាត់បង់អំណាចរបស់លោកម៉ាឌូរ៉ូ នៅចុងឆ្នាំ២០១៩នេះដែរ។ មន្ត្រីជាន់ខ្ពស់របស់ប្រទេសទាំងនេះ កំពុងជួបប្រជុំគ្នា នៅក្នុងប្រទេសប៉េរ៉ូ នៅថ្ងៃនេះ ។ ពួកគេបានសម្ដែងការព្រួយបារម្ភ ពីការធ្លាក់ចុះ កាន់តែខ្លាំង នូវជីវភាពរបស់ប្រជាជន ព្រោះតែសេដ្ឋកិច្ច ប្រទេសវេណេហ្សូអេឡាបានដាំក្បាលចុះហើយនោះ។

នៅថ្ងៃនេះផងដែរ ទីប្រឹក្សាកំពូលរបស់លោកត្រាំ គឺ John Bolton បានព្រមានចិន និងរុស្ស៊ី កុំអោយបន្តគាំទ្ររបបលោកម៉ាឌូរ៉ូ ហើយថាបើ នៅបន្ត គឺប្រាក់កម្ចីពាន់លានដុល្លារនឹងខាតបង់ បើលោកម៉ាឌុរ៉ូ ត្រូវបានទាញទម្លាក់ពីអំណាច។

លោកបញ្ជាក់ថា រដ្ឋាភិបាល ជាប់ឆ្នោតមួយ អាចនឹងមិនធ្វើការទូទាត់ប្រាក់បំណុលប្រទេសពីរនេះទេ ព្រោះ ប្រទេសនេះ គាំទ្ររបបឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ។

លោកJohn Bolton  បានបញ្ជាក់ទៀតថា ទីក្រុងវ៉ាស៊ីនតោន មិនគាំទ្រការចរចាណាដែល មិននិយាយ យោងដល់ការដកហូតអំណាចរបស់លោកម៉ាឌូរ៉ូ នោះទេ។

ស្របពេលដែលអាមេរិកប្រកាសដាក់ទណ្ឌកម្មធ្ងន់ធ្ងរ ប្រទេសរុស្ស៊ីដែលជាម្ចាស់បំណុលធំទីពីរ បន្ទាប់ពីចិន បានថ្កោលទោសអាមេរិក ដោយបានហៅទណ្ឌកម្មនេះថាធ្វើអោយគ្រោះថ្នាក់ដល់ពលរដ្ឋក្រីក្រនៃ ប្រទេសវេណេហ្សូអេឡា។

ទីក្រុងម៉ូស្គូ ថាខ្លួន ក៏ចង់ឃើញ អ្នកនយោបាយ វេណេហ្សូអេឡា រកដំណោះស្រាយអោយបានឆាប់ផងដែរ។ ទីក្រុងម៉ូស្គូជាម្ចាស់បំណុល ២៥ពាន់លានដុល្លារ។ ចំណែកចិន ៧០ពាន់លានដុល្លារ ដែលរបបរបស់លោកម៉ាឌូរ៉ូ ជំពាក់។

លោក ហ៊ាន់ កៃដូ ជាមេដឹកនាំបក្សប្រឆាំង ដែលអាមេរិកគាំទ្រ និង មានប្រទេស ជាង៥០ទទួលស្គាល់ជាមេដឹកនាំមួយស្របច្បាប់នៃប្រទេសវេណេហ្សូអេឡា។ បុរសវ័យក្មេងនេះ នេះ គឺជាគូប្រកួតស្លាប់រស់ជាមួយលោកម៉ាឌូរ៉ូ៕

Exit mobile version