ក្រសួងសុខាភិបាល បានបញ្ជាក់នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ថានៅថ្ងៃទី២៤ មិថុនា មានករណីអ្នកស្លាប់ដោយសារជំងឺ Covid-19 ចំនួន ១៨នាក់ និងករណីឆ្លងថ្មីមានចំនួន ៦៥៥នាក់ ក្នុងនោះមានករណីឆ្លងនាំចូលពីក្រៅប្រទេសចំនួន ៧២នាក់ ចំណែកឯអ្នកជាសះស្បើយថ្មីមានចំនួន ៦៩៦នាក់។
ក្រសួងសុខាភិបាល បានបញ្ជាក់ទៀតថា គិតត្រឹមព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួនជាង ៤ម៉ឺន ៥ពាន់នាក់ (៤៥៣៦៦នាក់) ក្នុងនោះអ្នកជំងឺព្យាបាលជាសះស្បើយសរុបមានចំនួនជាង ៤ម៉ឺននាក់ (៤០០១០នាក់) អ្នកស្លាប់ចំនួន ៤៩៣នាក់។
អ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានថ្លែងនៅថ្ងៃទី២៤ មិថុនា ថា ចំនួនអ្នកស្លាប់ក៏ច្រើន អ្នកឆ្លងថ្មីក៏ច្រើន ដូច្នេះហើយសូមឲ្យពលរដ្ឋត្រូវប្រើប្រាស់វិធានការសុខាភិបាលឲ្យបានម៉ត់ចត់ ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
អ្នកស្រីបានឲ្យដឹងទៀតថា អ្នកជំងឺប្រមាណ ៨០% គឺមិនមានរោគសញ្ញាទេ និងមិនធ្ងន់ធ្ងរ ដែលធ្វើឲ្យមេរោគនេះបានឆ្លងដោយស្ងាត់ស្ងៀមពីកន្លែងមួយ ឬបណ្ដុំណាមួយ ហើយធ្វើឲ្យអ្នកជំងឺមិនបានប្រើប្រាស់វិធានការសុខាភិបាល និងមិនបានត្រឹមត្រូវ វាបណ្ដាលឲ្យផ្ទុះការឆ្លងនៅតាមតំបន់មួយចំនួននោះ៕