The Cambodia Daily Khmer

ភាគ​១០៖ បណ្ដាញ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​នៅ​អូស្ត្រាលី និង​នូវែលហ្សេឡង់

ក្រុម​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ក្រៅ​ប្រទេស ក្រោម​មគ្គុទ្ទេសក៍​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មាន​បណ្ដាញ​នៅ​ក្នុង​ប្រទេស​ជាច្រើន ប៉ុន្តែ​សកម្មភាព​លេចធ្លោ​ជាងគេ គឺ​នៅ​ប្រទេស​អូស្ត្រាលី។

បញ្ហា​នេះ អាច​កើតមាន​ទៅ​បាន​ដោយសារ​មេដឹកនាំ​សាខា​មួយ​ចំនួន​ធំ​ជា​នាយ​ទាហាន និង​នាយ​ប៉ូលិស​ដែល​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​មន្ត្រី​ក្នុង​ក្រសួង។

អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​បង្កើន​សកម្មភាព យុទ្ធនាការ​ច្រើន​ទិស ឬ​មុខព្រួញ​ទាំង​ក្នុង ទាំង​ក្រៅ​ស្រុក មាន​ចាប់ពី​ការ​ចាត់តាំង​ក្រុម​យុវជន​ឲ្យ​ដើរ​វាស់​ដី​ចែក​ដី​ឲ្យ​ប្រជាពលរដ្ឋ​អត់​ដី បង្កើន​សមាជិក​សមាសភាព​ក្នុង​គណៈកម្មាធិការ​កណ្តាល ឬ​មជ្ឈិម​បក្ស ជួល​ក្រុម​ជំនាញ​អាមេរិកាំង​ខាង​ផ្តល់​ឱវាទ (lobbying firms) ពង្រីក បំបែក​បណ្ដាញ សាខា​ក្រុម​យុវជន​គាំទ្រ​បក្ស​ក្រៅ​ប្រទេស​ជាដើម។

នេះ​ទំនង​ជា​អាច​មក​ពី​គេ​ដឹង​ខ្លួន​ថា គេ​ទទួល​រង​ការ​រិះគន់​របៀប​របប​គ្រប់គ្រង​ប្រទេស​ដោយ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា មិនមែន​មាន​តែ​រឿង​អំពើពុករលួយ អយុត្តិធម៌ រំលោភ​សិទ្ធិមនុស្ស បំផ្លាញ​ធនធាន​ធម្មជាតិ លួច​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មាន​រឿង​ដែល​បក្ស​ប្រឆាំង​តែងតែ​ចោទ​គឺ​រឿង​បោះឆ្នោត​អត់​ប្រក្រតី ក្លែង​បន្លំ លួច​សន្លឹកឆ្នោត បញ្ជី​បោះឆ្នោត​ឈ្មោះ​ខ្មោច ជន​បរទេស​មាន​សិទ្ធិ​បោះឆ្នោត ពោល​គឺ​ការ​បោះឆ្នោត​រាល់​សម័យ​ប្រព្រឹត្ត​ទៅ​មិន​ដោយ​សេរី មិន​យុត្តិធម៌ មិន​សុចរិត មិន​ស្មើភាព ហើយ​ថែមទាំង​សម្បូរ​ករណី​គំរាមកំហែង បំភិតបំភ័យ​ទៀត​ផង។ ទីបំផុត មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ចាត់ទុក​ថា​ជា​រាជរដ្ឋាភិបាល​កើតមក​មិន​ស្រប​ច្បាប់ (illegitimate government)។

មាន​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​សួរ​ថា តើ​មូលហេតុ​អ្វី​បក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​ឫសគល់​ពី​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន បង្កើត​ដោយ​មេដឹកនាំ​កុម្មុយនីស្ត​យៀកណាម នៅ​ឆ្នាំ​១៩៣០ ចំណាយ​ធនធាន​ដ៏​សម្បើម​ពង្រីក​ឥទ្ធិពល​ខ្លួន​នៅ​បរទេស ឥត​កោតក្រែង​ការ​រំលោភ​ច្បាប់​ទម្លាប់​ប្រទេស​ដទៃ​យ៉ាង​ដូច្នេះ?

មជ្ឈដ្ឋាន​អ្នកវិភាគ​នយោបាយ​ខ្មែរ​មួយ ផ្តល់​ចម្លើយ​ខ្លី​មួយ​ដែល​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ប្រទេស​ទាំង​ក្នុង ទាំង​ក្រៅ​ប្រទេស ទាំង​អ្នក​ប្រជាធិបតេយ្យ អ្នក​ប្រឆាំង​នឹង​កណ្តាប់​អំណាច​ផ្ដាច់ការ ផ្ដាច់មុខ ទាំង​សកម្មជន​នយោបាយ ទាំង​អព្យាកត​ជន (ឬ​អ្នក​អល់អែក ស្ទាក់ស្ទើរ រេរា ចាំ​មើល​សិន អព្យាក្រឹត​និយម​កណ្តាល​មិន​កាន់​ខាងណា) គិត​មិន​ឃើញ​នោះ គឺ​ថា​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​បក្ស​ប្រជាជន​កម្ពុជា ព្យាយាម​បញ្ឈប់​ឲ្យ​បាន​នូវ​ការ​រិះគន់​គ្រប់​បែបយ៉ាង​ពី​មជ្ឈដ្ឋាន​ដទៃ ចំពោះ​ការ​ដឹកនាំ​របស់​ខ្លួន​នៅ​ប្រទេស​កម្ពុជា ដោយ​បើក​ផ្លូវ​ឲ្យ​ជនជាតិ​ខ្មែរ​នៅ​បរទេស (diaspora) មាន​សិទ្ធិ​អាច​បោះឆ្នោត​ពេញលេញ។ គេ​នឹង​ធ្វើ​ច្បាប់​ផ្តល់​សិទ្ធិ​នេះ ល្គឹកណា​គេ​ដឹង​ថា​មាន​អ្នក​គាំទ្រ​បក្ស​ក្តាប់​អំណាច​ច្រើន​លើសលប់​នៅ​បរទេស។

ល្គឹកណា​ខ្មែរ​នៅ​បរទេស​ភាគច្រើន​លើសលប់​គាំទ្រ និង​អាច​បោះឆ្នោត​ឲ្យ​បក្ស​ប្រជាជន​កម្ពុជា រាជរដ្ឋាភិបាល​នៃ​បក្ស​នេះ​នឹង​ប្រកាស​ប្រាប់​សហគមន៍​អន្តរជាតិ​ឲ្យ​ទៅ​សង្កេតការណ៍​ដំណើរការ​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា រួច​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ថា វា​ប្រកប​ដោយ​សេរី យុត្តិធម៌ ដោយ​សុចរិត ដោយ​ស្មើភាព។ ពេល​នោះ អ្នកគាំទ្រ​បក្ស​នេះ​នឹង​ចេញ​មុខ​ព្រោងព្រាត​ការពារ​លទ្ធផល​ឈ្នះ​ឆ្នោត​របស់​គេ​យ៉ាង​ប្រត្យក្ស (ប្រចក្ស) យ៉ាង​ដាច់​អហំមមំការ។ អ្នកប្រឆាំង​គ្មាន​លេស​អ្វី​តវ៉ា​ឡើយ ហើយ​រាជរដ្ឋាភិបាល​ថ្មី​នោះ​ក៏​ស្រប​ច្បាប់​សម្រាប់​អាណត្តិ​តទៅមុខ​ជា​រៀង​រហូត។ នេះ​ជា​វិធី​រៀបចំ​ខ្លួន​ពី​ចោរាធិបតេយ្យ​ទៅជា​ប្រជាធិបតេយ្យ​បែប​ថ្ពឹនភ្នែក (pseudo democracy ឬ illiberal democracy)។

តាម​ការ​ស្រាវជ្រាវ ចលនា សកម្មភាព និង​វត្តមាន​នៃ​បណ្ដាញ​សាខា​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ក្រៅ​ប្រទេស (CPP Overseas Youth Working Groups) មាន​សន្ទុះ​ខ្លាំងក្លា​បំផុត​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាង​ភូមិសាស្ត្រ​តំបន់​ដទៃ​ក្នុង​ពិភពលោក គឺ​នៅ​ប្រទេស​អូស្ត្រាលី។ សកម្មភាព និង​យុទ្ធនាការ​គាំទ្រ​ក្រុម​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ពី​ក្រុម​ការងារ​រៀបចំ​ចាត់តាំង​យុវជន​បក្ស​ប្រជាជន​កម្ពុជា និង​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ក្រៅ​ប្រទេស គ្រប់គ្រង ចាត់ចែង ដឹកនាំ​ដោយ​នាយ​ទាហាន​ថ្នាក់​ឧត្តមសេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ និង​កង​រាជ​តម្រួត ឬ​នគរបាល​ជាតិ​ជាច្រើន​រូប។

ក្នុង​ទស្សនកិច្ច​លើកដំបូង​របស់​ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នៅ​ខែ​តុលា ឆ្នាំ​២០១៥ នៅ​ក្រុង​ស៊ីដនី (Sydney) ហ៊ុន ម៉ាណែត បាន​ជួប​ប្រជុំ​ជាមួយ​សមាជិក​សហគមន៍​ខ្មែរ​ជាច្រើន​រយ​នាក់ មាន​ក្រុម​និស្សិត មាន​អាជីវករ ជន​សាមញ្ញ​ដែល​ចាំ​ទទួល​ហែហម និង​ចូលរួម​ក្នុង​ពិធី​រៀបចំ​បណ្ដាញ​គាំទ្រ​បក្ស ព្រមទាំង​បរិភោគ​អាហារ​រួម​ជាមួយ​មន្ត្រី​អូស្ត្រាលី​ថ្នាក់​ក្រុង​ថ្នាក់​ខេត្ត។ ក្នុង​កិច្ចប្រជុំ​នៅ​ក្រុង​ស៊ីដនី​គ្រា​នោះ គេ​បាន​ស្លៀកពាក់​ឯកសណ្ឋាន​សម្គាល់​សមាជិកភាព​បក្ស​យ៉ាង​ប្រត្យក្ស គឺ​ពាក់​អាវ​ពណ៌​ពងក្រសារ មួក​មាន​ផ្លាក​សញ្ញា​បក្ស បង់​ក​ក្រមា​សញ្ញា​បក្ស។

គម្រោង​រៀបចំ​បង្កើត​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​នៅ​អូស្ត្រាលី និង​នូវែលហ្សេឡង់ ផ្តើម​នៅ​ខែ​មេសា ហើយ​ត្រួសត្រាយ​ផ្លូវ​ដោយ​ឈ្មោះ គឹម សន្តិភាព ប្រធាន​ក្រុម​ការងារ​យុវជន​សម្រាប់​អូស្ត្រាលី និង​នូវែលហ្សេឡង់ និង​ឯកអគ្គរាជទូត កុយ គួង នៅ​ខែ​ឧសភា និង​ខែ​មិថុនា ឆ្នាំ​២០១៥ មុន​នឹង​លោក ហ៊ុន ម៉ាណែត ធ្វើ​ទស្សនកិច្ច​នៅ​ខែ​តុលា ក្នុង​ឆ្នាំ​ដដែល​នោះ។ កុយ គួង ឥឡូវ​នេះ​ជំនួស​ដោយ​ឯកអគ្គរាជទូត ចាន់ រតនា។

តាម​ការ​ផ្សាយ​ក្នុង​ហ្វេសប៊ុក លោក គឹម សន្តិភាព អះអាង​ថា ដំណើរ​របស់​ខ្លួន​ទៅកាន់​អូស្ត្រាលី​រាប់​សិប​ដង​កន្លងទៅ​ជា “បេសកកម្ម” ដើម្បី​អនុវត្ត​ការងារ​ក្នុង​នាម​រាជរដ្ឋាភិបាល។ គឹម សន្តិភាព នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១៥ ថ្លែង​ទាំង​ក្តី​រំភើប​ថា៖ «បក្ស​ប្រជាជន​កម្ពុជា​បាន​បង្ហាញ​ខ្លួន​ស្រស់​ប្រិមប្រិយ​លើ​ទឹកដី​អូស្ត្រាលី ហើយ។ យុវជន​បក្ស​ប្រជាជន​កម្ពុជា ធ្វើ​សកម្មភាព​គ្រប់​ទិសទី រួម​ទាំង​ក្រៅ​ប្រទេស​ផង។ ជូនពរ​ចំពោះ​ជោគជ័យ​ក្នុង​បេសកកម្ម​យើង»

គឹម សន្តិភាព ជា​រដ្ឋលេខាធិការ​នៃ​ក្រសួង​យុត្តិធម៌ ជា​អនុប្រធាន​ក្នុង​ក្រុម​បន្ទប់​សង្គ្រាម​យក​ការណ៍​តាមដាន​អន្តរ​បណ្ដាញ នាំចូល​សមាជិក​គណៈកម្មាធិការ​កណ្តាល​មជ្ឈិម​បក្ស​ដោយ ហ៊ុន ម៉ាណែត ជា​កូន​លោក គឹម សាង៉ាន ជា​កូនប្រសា​លោក ជាម យៀប ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ និង​ធនាគារ​នៃ​រដ្ឋសភា រៀបការ​នឹង​កូនស្រី​ឈ្មោះ ជាម ចន្ទសុផារ៉ា ប្រើ​ក្នុង​ហ្វេសប៊ុក​ឈ្មោះ វីរយុទ្ធ លក្ខណ៍ ដែល​ជា​អនុប្រធាន​នាយកដ្ឋាន​សវនកម្ម​នៃ​រដ្ឋសភា។ កូនស្រី ជាម ចន្ទរស្មី ជា​អនុប្រធាន​នាយកដ្ឋាន​ហិរញ្ញវត្ថុ​សម្រាប់​ការ​សិក្សា​ក្រៅ​ប្រទេស។

លោក ជាម យៀប មាន​កូន ៥​នាក់ រួម​មាន ជាម ចន្ទសោភ័ណ ជា​អភិបាល​ខេត្ត​ត្បូងឃ្មុំ ដែល​អម​ដំណើរ ហ៊ុន ម៉ាណែត ទៅកាន់​អូស្ត្រាលី​នៅ​ឆ្នាំ​២០១៦ និង​ដំណើរ​លោក ហ៊ុន សែន ឆ្នាំ​២០១៨។ កូន​លោក ជាម យៀប ទាំងអស់​មាន​ចំណែក​ហ៊ុន​ក្នុង​ក្រុមហ៊ុន V-Star Group Ltd. ចុះបញ្ជី​ពាណិជ្ជកម្ម​ឆ្នាំ​២០០៨ គ្រប់គ្រង​ដោយ​ឈ្មោះ ជាម ក្រឹស្នា និង ជាម សុជាតា។

ក្រុម​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល ក្រុម​ការងារ​រៀបចំ​ចាត់តាំង​យុវជន​បក្ស​ប្រជាជន​កម្ពុជា និង​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ក្រៅ​ប្រទេស បោះ​ទីតាំង​លើ​ទឹកដី​ប្រទេស​ទាំង​ពីរ (អូស្ត្រាលី និង​នូវែលហ្សេឡង់) បាន​ដ៏​សស្រាក់សស្រាំ​ជាង​ប្រទេស​ដទៃ មកពី​ប្រទេស​ទាំង​ពីរ​មាន​ច្បាប់​ធូរ​រលុង​ជា​បង្គួរ អនុគ្រោះ អធ្យាស្រ័យ អត់ឱន​ដល់​ពលរដ្ឋ​ខ្មែរ ជាពិសេស​អ្នក​ដែល​មាន​ធនធាន​ចាក់​ធារ​មក​ដាក់​ទុន​បើក​មុខរបរ ឬ​ទិញ​អចលនទ្រព្យ​ទីនោះ។

ក្រុម​អ្នក​មាន​អំណាច​ប្រើ​ធនធាន​របស់​គេ ប្រើ​រូបភាព​យក​សមាជិក​គ្រួសារ​ធ្វើជា​ពាណិជ្ជករ​ដាក់​ទុន​រកស៊ី​ធ្វើជា​រនាំង​វាំងនន​បិទបាំង​សកម្មភាព​បម្រើ​បក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​ផង ប្រើ​ផ្លាក​ស្ថានទូត​នៅ​ទីកន្លែង​នីមួយៗ​នោះ​ផង។

គេ​រៀបចំ​បែងចែក​ប្រទេស​ទាំង​ពីរ​នេះ​ជា​ទិស ជា​តំបន់​គ្រប់គ្រង ចាត់ចែង​ដាក់​លេខ​សម្គាល់​ស្រដៀង​ក្នុង​សម័យ​ខ្មែរក្រហម​ដែរ។

ធានី​កង់ប៊ែរ៉ា (Canberra=ACT) ទិស​អាគ្នេយ៍​ជា​តំបន់​១ មាន​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ​ប្រមាណ ៥០០​នាក់ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ឈ្មោះ វិន ឈួន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

តំបន់​២ ក្រុង​ម៉ែលប៊ន រដ្ឋ​វិកទ័រីយ៉ា (Melbourne, Victoria) ទិស​ទក្សិណ (ខាងត្បូង) ពលរដ្ឋ​ដើម​កំណើត​ខ្មែរ​សរុប​ប្រមាណ​ជាង ២​ម៉ឺន​នាក់ គ្រប់គ្រង​ដោយ​ឧត្តមសេនីយ៍ទោ ឡាវ វ៉ាន់ មេបញ្ជាការ​រង​កងពលតូច​អង្គរក្ស​លេខ​៧០ និង​ជា​នាយក​ចាត់ចែង​ក្រុមហ៊ុន​ទឹកបរិសុទ្ធ Vital Premium Water រួម​នឹង​ឧត្តមសេនីយ៍ឯក ហេង វុទ្ធី ទីប្រឹក្សា​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​អនុប្រធាន​អាជ្ញាធរ​ជាតិ​អាវុធ​គីមី​នៃ​ក្រសួង​ការពារ​ជាតិ ព្រមទាំង​ឧត្តមសេនីយ៍ត្រី ដេវិដ ចាន់ (David Chan) មេបញ្ជាការ​កងកម្លាំង​អន្តរាគមន៍​លេខ​៩ ការពារ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​នាយករដ្ឋមន្ត្រី ហើយ​និង​ឧត្តមសេនីយ៍​នគរបាល កាន់ វឌ្ឍនា នាយរង​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ។

គួរ​កត់សម្គាល់​ថា តាម​ប្រភព​អូស្ត្រាលី ឡាវ វ៉ាន់ ជា​កូនប្រុស​ឧកញ៉ា ឡាវ ម៉េងឃិន ជាមួយ​នឹង​ប្រពន្ធ​មុន រួច​រៀបការ​នឹង​ឈ្មោះ ជឹង សុគន្ធាវី ជា​កូនស្រី​អ្នកស្រី ជឹង សុភាព ហៅ​យាយ ភូ ប្រពន្ធ​ឧកញ៉ា ឡាវ ម៉េងឃិន បច្ចុប្បន្ន។ ឡាវ វ៉ាន់ និង ជឹង សុគន្ធាវី ជា​ម្ចាស់​ក្រុមហ៊ុន​អចលនទ្រព្យ វ៉ាន់ វី (Vann Vy Property Ltd.) រួម​គ្នា។ រីឯ ជឹង សុគន្ធាវី ជា​ម្ចាស់​អគារ​ល្វែង​សម្រាប់​ជួល Melbourne Apartment តម្លៃ​ជាង ៤​លាន​ដុល្លារ ជា​ម្ចាស់​ហាង​ដុត​នំ​ឈ្មោះ One More Bakery PTY, Ltd. ជាមួយ​កូនស្រី​ឈ្មោះ ឡាវ ជៀហ្សិន (Lau Jia Zhen) ដែល​មាន​មុខតំណែង​ជា​នាយិកា​ក្រុមហ៊ុន។

ខាងជើង​ធានី​កង់ប៊ែរ៉ា តំបន់​៣ ក្រុង​ស៊ីដនី មាន​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ​ប្រមាណ​ជាង ១​ម៉ឺន ២​ពាន់​នាក់ គ្រប់គ្រង​ដោយ​ឧត្ដមនាវីឯក ហួរ ហាប់ មេបញ្ជាការ​រង​នៃ​បញ្ជាការដ្ឋាន​កលយុទ្ធ​នៃ​កងនាវាចរណ៍​ខេមរភូមិន្ទ។ ឯកអគ្គរាជទូត ចាន់ រតនា ដែល​ជំនួស​លោក កុយ គួង ជា​ប្រធាន​គណៈកម្មាធិការ​បក្ស​ប្រជាជន​កម្ពុជា ប្រចាំ​អូស្ត្រាលី និង​នូវែលហ្សេឡង់។ ស្ថាបនិក​គាំទ្រ​ក្រុម​យុវជន​សាខា​បក្ស​នៅ​ក្រុង​ស៊ីដនី មាន​បណ្ឌិត ជុង តារា, អ៊ិម វណ្ណៈ សាន់ដុស, លឹម សាម៉ាត, ស សាម៉េត, សុខ តុលា, បាន សីហា ហៅ ខល (Karl), លី ម៉េងលិក ហៅ លី ម៉េង, ឃុត ពិចិត្រ, អេង រតនា, ហេង ម៉េងហួត, តេ វ៉េងសួ, អ៊ុយ ប៉ូនី, រស់ សុខ, កញ្ញា ស្តេហ្វានី ហ្គូវ (Stephanie Guv), អ្នកស្រី វណ្ណា, លីណា ជឹង (Lina Tjoeng) និង អេរិក ជឹង (Eric Tjoeng)។

តំបន់​៤ Queensland ទិស​បូព៌ ក្រុង​ប្រ៊ីស្បេន (Brisbane) មាន​ពលរដ្ឋ​ជា​ដើមកំណើត​ខ្មែរ​ជាង ២​ពាន់​នាក់ គ្រប់គ្រង​ដោយ​ឧត្តមសេនីយ៍ទោ​យោធា វង្ស វិសិទ្ធ ប្រធាន​ក្រុម​ការងារ​យុវជន​បក្ស បច្ចុប្បន្ន​ជា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ឧត្តមសេនីយ៍ឯក គឹម រស្មី អនុរដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ ជា​អនុប្រធាន។

តំបន់​៥ សម្រាប់​ក្រុង Auckland និង Hamilton ប្រទេស​នូវែលហ្សេឡង់ គ្រប់គ្រង​ដោយ កាវ ថាច ប្រធាន​អគ្គនាយក​ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារ​អភិវឌ្ឍន៍​ជនបទ និង​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់​សេដ្ឋកិច្ច។

តំបន់​៦ ក្រុង​អាដឺឡែដ (Adelaide) ទិស​ទក្សិណ មាន​ពលរដ្ឋ​ដើមកំណើត​ខ្មែរ​ជាង ៣​ពាន់​នាក់​គ្រប់គ្រង​ដោយ អ៊ិន មាត្រា ប្រធាន​នាយកដ្ឋាន​ធានារ៉ាប់រង និង​ធន​ចូល​និវត្តន៍ ហើយ​និង​វរសេនីយ៍ឯក អែម សុផល ផង​ដែរ ដែល​បាន​បញ្ចប់​វគ្គសិក្សា​ហ្វឹកហ្វឺន​ខាង​កាំភ្លើងធំ​នៅ​ក្រុង​ហាណូយ នា​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២០។

តំបន់​៧ ដែនដី​ទិសឧត្តរ ក្រុង Darwin មាន​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ​ជាង ២០០​នាក់ គ្រប់គ្រង​ដោយ​ឧត្តមសេនីយ៍ទោ​ប៉ូលិស សុខ វាសនា ប្រធាន​នាយកដ្ឋាន​អន្តោប្រវេសន៍ និង​បច្ចេកវិជ្ជា ជា​ប្រធាន​ក្រុម​ការងារ​យុវជន​បក្ស ឧត្តមសេនីយ៍ឯក​ប៉ូលិស យូ សារុំ ប្រធាន​នាយកដ្ឋាន​ក្រសួង​មហាផ្ទៃ រួម​នឹង​វរសេនីយ៍ទោ​ប៉ូលិស​អន្តោប្រវេសន៍ មាស ឌី នាយ​ត្រួតពិនិត្យ​ទិដ្ឋាការ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ជា​សមាជិក​គណៈកម្មាធិការ​ក្រុម​ការងារ​យុវជន​បក្ស​ប្រចាំ​ក្រុង Darwin។

តំបន់​៨ ទិស​និរតី ក្រុង​ភើត្ស៍ (Perth) មាន​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ​ជាង ១២០០​នាក់ គ្រប់គ្រង​ដោយ​ឈ្មោះ ខាន់ វណ្ណៈ អគ្គលេខាធិការ​រង​នៃ​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់​សេដ្ឋកិច្ច ជា​ប្រធាន​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា ដែល​ផ្តើម​ជួយ​រៀបចំ​ឡើង​ដោយ​ឯកអគ្គរាជទូត​ប្រចាំ​អូស្ត្រាលី កុយ គួង។

នៅ​ក្រុង​ហូបត (Hobart) ទិស​ខាងត្បូង​ឆៀង​ខាងកើត​លើ​កោះ Tasmania ដែល​មាន​ពលរដ្ឋ​ដើមកំណើត​ខ្មែរ ២៩​នាក់ មិនទាន់​រៀបចំ​ឲ្យ​មាន​តំណាង​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​នៅឡើយ​ទេ។

តំបន់​៩ ក្រុង Wellington, Christchurch, Palmerston ភាគ​ខាងជើង​ប្រទេស​នូវែលហ្សេឡង់ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ឧត្តមសេនីយ៍ វង្ស ប៊ុនឥន្រ្ទាវុធ អគ្គនាយក​រតនាគារ​ជាតិ ដោយ​មាន​ឈ្មោះ ជឺ ឃន ជា​ជំនួយការ​បច្ចេកទេស​ខាង​បច្ចេកវិទ្យា។

ភាគ​បន្ត​អំពី​អូស្ត្រាលី និង​នូវែលហ្សេឡង់ នឹង​ជម្រាប​ជូន​បន្ថែម​នៅ​សប្តាហ៍​ក្រោយ៕

Exit mobile version