សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃព្រះរការ និង​ព្រៃឡង់ ចូល​ទៅ​ក្នុង​ក្រុមហ៊ុន​សុវណ្ណ នា​ពេល​កន្លងទៅ។ (រូបថត​ពី​របាយការណ៍​អង្គការ Global Initiative)

ព័ត៌មានជាតិ

អង្គការ​អន្តរជាតិ​រក​ឃើញ​ថា​គ្រួសារ​និង​សាច់ញាតិ​លោក ហ៊ុន សែន នៅ​ពី​ក្រោយ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​កម្ពុជា

By ឌឹ ខេមបូឌា ដេលី

September 28, 2022

អង្គការ​ឃ្លាំមើល​បរិស្ថាន និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ព្រមាន​ថា កត្តា​ចម្បង​ដែល​ធ្វើ​ឲ្យ​មាន​វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា គឺ​ដោយសារ​គ្រួសារ​លោក ហ៊ុន សែន ជា​អ្នក​កាង​ពីក្រោយ។

ក្នុង​របាយការណ៍​ស្រាវជ្រាវ​ដែល​មាន​កម្រាស់ ៥៣​ទំព័រ​របស់​អង្គការ​គំនិត​ផ្ដួចផ្ដើម​សាកល​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន គ្លូបល អ៊ីននីហ្សីអេធីវ (Global Initiative Against Transnational Organized Crime) ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២២ ខែ​កញ្ញា បាន​រៀបរាប់​អំពី​មែកធាង​នៃ​ការ​កាប់​ឈើ​ដោយ​ខុស​ច្បាប់​នៅ​កម្ពុជា។

របាយការណ៍​ស្រាវជ្រាវ​របស់​អង្គការ​គំនិត​ផ្ដួចផ្ដើម ក៏​បាន​រំលេច​អំពី​ដំណើរការ​នៃ​គ្រួសារ​លោក ហ៊ុន សែន ក្នុង​ការ​គ្រប់គ្រង​លើ​ក្រុម​ឧកញ៉ា​ដែល​ជា​ឈ្មួញ​រកស៊ី​ព្រៃឈើ ក្នុង​នោះ​អ្នកស្រី ប៊ុន រ៉ានី ភរិយា​របស់​លោក ហ៊ុន សែន ធ្លាប់​ជំរុញ​ឲ្យ​បើក​ការ​ស៊ើបអង្កេត​លើ​ឧកញ៉ា លីម ប៊ុណ្ណា ហៅ​ខ្នា ដើម្បី​សម្រួល​ផ្លូវ​រកស៊ី​ឈើ​របស់​ឧកញ៉ា សឹង សំអុល ប៉ុន្តែ​ឧកញ៉ា លីម ប៊ុណ្ណា ហៅ​ខ្នា ជា​មនុស្ស​របស់​លោក ហ៊ុន ម៉ាណែត ដែល​ជា​កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន។

ជាក់ស្ដែង កាលពី​ឆ្នាំ​២០១៦ លោក ហ៊ុន សែន ធ្លាប់​បាន​បញ្ជា​ឲ្យ​ចាប់​ខ្លួន​ឧកញ៉ា លីម ប៊ុណ្ណា ក្រោយពី​មាន​ការ​ស៊ើបអង្កេត​មួយ​ដោយ​រក​ឃើញ​ថា ឧកញ៉ា លីម ប៊ុណ្ណា និង​ឧកញ៉ា​មួយ​រូប​ទៀត​បាន​រកស៊ី​ឈើ​ដោយ​ខុស​ច្បាប់​ទៅ​កាន់​ប្រទេស​វៀតណាម ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២២ នេះ ឧកញ៉ា លីម ប៊ុណ្ណា មិន​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ឡើយ ទោះបី​មាន​ដីកា​ពី​តុលាការ​ខេត្ត​មណ្ឌលគិរី យ៉ាងណាក៏ដោយ។ ក្រៅពី​មិន​មាន​ការ​ចាប់​ខ្លួន​ហើយ​នោះ នៅ​ថ្ងៃទី​១៨ ខែ​សីហា ឧកញ៉ា លីម ប៊ុណ្ណា ដែល​ល្បី​ឈ្មោះ​ខាង​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា​រូប​នេះ ក៏​ត្រូវ​បាន​តែងតាំង​ជា​ជំនួយការ​ផ្ទាល់​របស់​លោក ហ៊ុន សែន ថែម​ទៀត​ផង។

ចំណែក​ក្មួយប្រុស​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ វិញ ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​មុខរបរ​រកស៊ី​ជាមួយ​ឧកញ៉ា ទ្រី ភាព តាមរយៈ​ក្រុមហ៊ុន អឹម.ឌី.អេស និង​ក្រុមហ៊ុន ហេងហ៊ី អ៊ីនវេសមិន ខូ.អិល.ធី.ឌី (Heng He Investment Co.ltd) ក្នុង​ការ​នាំ​ឈើហុប​ខុស​ច្បាប់​ទៅកាន់​ប្រទេស​ថៃ។

ក្រៅពី​រកស៊ី​ជាមួយ​ឧកញ៉ា ទ្រី ភាព ហើយ លោក ហ៊ុន តូ ក៏​រកស៊ី​ជាមួយ​ឧកញ៉ា គិត ម៉េង ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ យីជា (Yee Jia Tourism Development Company) ដែល​មាន​ថៅកែ​ជនជាតិ​ចិន ឈ្មោះ ហ្វូ សៀន តាំង (Fu Xian Tang) ទទួល​បាន​សិទ្ធិ​វិនិយោគ​ផ្ដាច់មុខ​ក្នុង​ការ​អភិវឌ្ឍ​តំបន់​ឆ្នេរ​រាម​ក្នុង​ខេត្ត​ព្រះសីហនុ ហើយ​បាន​ដណ្ដើម​យក​ដី​របស់​ពលរដ្ឋ និង​កាប់​ឈើ​ខុស​ច្បាប់​ដែរ។

មួយ​វិញ​ទៀត ក្នុង​នោះ រយៈពេល ៤​ខែ គឺ​ចាប់ពី​ខែ​ឧសភា ដល់​ខែ​សីហា ឆ្នាំ​២០២១ របាយការណ៍​នេះ​ក៏​បាន​បង្ហាញ​ពី​ការ​ស្រាវជ្រាវ​បន្ថែម​ជុំវិញ​បទល្មើស​ព្រៃឈើ និង​ការ​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​ដោយ​ផ្ទាល់​ពី​តំបន់​អភិរក្ស​សត្វព្រៃ​ភ្នំ​សំកុស និង​តំបន់​អភិរក្ស​សត្វព្រៃ​ស្នួល ខណៈ​ចំណុច​បញ្ចប់​នៃ​ផ្លូវ​ដឹកជញ្ជូន​ឈើ​ពី​តំបន់​អភិរក្ស​សត្វព្រៃ​ភ្នំ​ព្រេច តំបន់​អភិរក្ស​សត្វព្រៃ​ភ្នំ​ណាំលៀ និង​តំបន់​អភិរក្ស​សត្វព្រៃ​កែវសីម៉ា។

របាយការណ៍​ស្រាវជ្រាវ​ដដែល​ក៏​បាន​បង្ហាញ​ពី​ការ​សិក្សា​លម្អិត​ពីរ​ផ្សេង​គ្នា​ទៀត​ដែរ ខណៈ​ករណី​សិក្សា​ទី​១ បាន​បង្ហាញ​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ។

អង្គារ Global Initiative Against Transnational Organized Crime ក៏​បាន​បង្ហាញ​អំពី​ការ​បង្កើត​បណ្ដាញ​រកស៊ី​ឈើ​ខុស​ច្បាប់​យ៉ាង​ធំ​នៅ​កម្ពុជា​ជាមួយ​មន្ត្រី​ខិលខូច ដោយ​ក្នុង​នោះ ឧកញ៉ា ទ្រី ភាព ថែម​ទាំង​បាន​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ​ដើម្បី​ការពារ​ការ​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​ទៅ​ប្រទេស​វៀតណាម​ថែម​ទៀត​ផង។

ខណៈ​ការ​បង្កើត​រចនាសម្ព័ន្ធ​ថ្មី​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​កងកម្លាំង​ប្រដាប់​អាវុធ​ដោយ​ការ​ផ្ដល់​តួនាទី​ឲ្យ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា ធ្វើជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នោះ ធ្វើឡើង​ដើម្បី​តែ​ប្រមូល​ពន្ធ​ក្រៅ​ផ្លូវការ​ឲ្យ​បាន​កាន់តែ​ច្រើន​តែប៉ុណ្ណោះ។

ការ​បង់​ពន្ធ​ក្រៅ​ផ្លូវការ​នេះ ធ្វើឡើង​តាមរយៈ​កងកម្លាំង​ខេមរភូមិន្ទ កងរាជអាវុធហត្ថ និង​អាជ្ញាធរ​ដែនដី​ដែល​ជា​ខែល​ការពារ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​រក្សា​អាជីវកម្ម និង​សុវត្ថិភាព​ឈ្មួញ​រកស៊ី​ឈើ​ខុស​ច្បាប់ ហើយ​កាត់បន្ថយ​ជម្លោះ​ហិង្សា​វាង​អ្នកជំនួញ​ឈើ​ខុស​ច្បាប់​ផង​ដែរ។

របាយការណ៍​សិក្សា​ស្រាវជ្រាវ​ផ្នែក​ទី​១ ក៏​បាន​បង្ហាញ​ថា មន្ត្រី​ធំៗ​មួយ​ចំនួន​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​មួយ​ក៏​ជា​ខែល​មួយ​សម្រាប់​ជួយ​ការពារ និង​ចូលរួម​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ដែរ ក្នុង​នោះ​រួម​មាន លោក ស្វាយ សំអ៊ាង ដែល​ជា​អតីត​អភិបាល​ខេត្ត​មណ្ឌលគិរី លោក អេង ហ៊ី អ្នក​នាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អ៊ុន ចាន់ដា អភិបាល​ខេត្ត​កំពង់ចាម ព្រមទាំង​អភិបាល​ខេត្ត​ប៉ៃលិន អ្នកស្រី បាន ស្រីមុំ និង​អភិបាល​ខេត្ត​កំពត លោក ម៉ៅ ធនិន ដែល​ជា​ក្មួយប្រសា​របស់​លោក ហ៊ុន សែន ជាដើម។

ចំណែក​ករណី​សិក្សា​ស្រាវជ្រាវ​ទី​២ វិញ ក៏​បាន​បង្ហាញ​ពី​អំពើពុករលួយ​ជា​ប្រព័ន្ធ​ក្នុង​ការ​បង់ប្រាក់​ដើម្បី​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​ចេញពី​ខេត្ត​មណ្ឌលគិរី និង​ខេត្ត​ក្រចេះ ទៅ​ប្រទេស​វៀតណាម។ ករណី​សិក្សា​នេះ​បង្ហាញ​ថា ដើម្បី​នាំ​ឈើ​ខុស​ច្បាប់​ចេញពី​ខេត្ត​ទាំង​ពីរ​នេះ ឈ្មួញ​ត្រូវ​បង់​លុយ​នៅ​កន្លែង​ត្រួតពិនិត្យ​ជាង ២០​កន្លែង​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​ក្រុម​កម្លាំង​ប្រដាប់​អាវុធ។

បើ​តាម​របាយការណ៍​ស្រាវជ្រាវ មែកធាង​អំពើ​ខុស​ច្បាប់​នៃ​រចនាសម្ព័ន្ធ​កាប់​ឈើ​ខុស​ច្បាប់​នៅ​កម្ពុជា (Branches Of Illegality Cambodia’s illegal logging structures) នេះ គឺជា​លទ្ធផល​ស្រាវជ្រាវ​ទី​២ ហើយ​របស់​អង្គការ​គំនិត​ផ្ដួចផ្ដើម​សាកល​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន គ្លូបល អ៊ីននីហ្សីអេធីវ (Global Initiative Against Transnational Organized Crime) ដោយ​របាយការណ៍​ស្រាវជ្រាវ​ទី​១ ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ឆ្នាំ​២០២១ ក្រោម​ប្រធានបទ ឧក្រិដ្ឋកម្ម​ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជា។

អង្គការ​គំនិត​ផ្ដួចផ្ដើម​សាកល​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន គ្លូបល អ៊ីននីហ្សីអេធីវ (Global Initiative Against Transnational Organized Crime) បញ្ជាក់​ថា កត្តា​ចម្បង​ទាំងអស់​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​មាន​វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា​នៅតែ​បន្ត​កើតមាន ខណៈ​សាច់ញាតិ និង​គ្រួសារ​លោក ហ៊ុន សែន ជាប់​ពាក់ព័ន្ធ ឬ​ក៏​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​បទល្មើស​ព្រៃឈើ​នៅ​កម្ពុជា។

កាលពី​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០២២ អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​ចេញ​របាយការណ៍​មួយ​ដោយ​បង្ហាញ​ថា ព្រៃឈើ​ចំនួន​ជាង ៦​ពាន់​ហិកតារ (៦២៧១​ហិកតារ) ស្ថិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ចំនួន​ពីរ​ត្រូវ​បាន​កាប់​បំផ្លាញ ក្នុង​នោះ​មាន​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ និង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ ដោយ​ការ​កាប់​ឈើ​ខុស​ច្បាប់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​កំពុង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ និង​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច។

របាយការណ៍​បញ្ជាក់​បន្ថែម​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ព្រៃឈើ​ក្នុង​ដែន​ជម្រក​ទាំង​ពីរ​នេះ​ត្រូវ​បាន​កាប់​បំផ្លាញ ដោយ​ការ​ទទួល​សំណូក និង​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ជា​ប្រព័ន្ធ​របស់​អាជ្ញាធរ ខណៈ​សកម្មភាព​ចុះ​ទៅ​ស៊ើបអង្កេត​ខ្លះ​របស់​មន្ត្រី​ក្រសួង​បរិស្ថាន ធ្វើឡើង​ដើម្បី​ទទួល​លុយ​ក្រោម​តុ​ពី​ជនល្មើស​តែប៉ុណ្ណោះ។

សារព័ត៌មាន ឌឹ ខេមបូឌា ដេលី មិន​អាច​ទាក់ទង​លោក នេត្រ ភក្ត្រា ជា​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន លោក អេង ហ៊ី អ្នក​នាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អ៊ុន ចាន់ដា អភិបាល​ខេត្ត​កំពង់ចាម អភិបាល​ខេត្ត​ប៉ៃលិន អ្នកស្រី បាន ស្រីមុំ និង​អតីត​អភិបាល​ខេត្ត​ពោធិ៍សាត់ បច្ចុប្បន្ន​ជា​អភិបាល​ខេត្ត​កំពត លោក ម៉ៅ ធនិន ដែល​ជា​ក្មួយប្រសា​របស់​លោក ហ៊ុន សែន ដើម្បី​ធ្វើការ​អត្ថាធិប្បាយ​បាន​ទេ​រហូត​ដល់​ម៉ោង​ចេញ​ផ្សាយ​នេះ។

ច្បាប់​ស្ដីពី​ព្រៃឈើ​ឆ្នាំ​២០០២ មាត្រា​១០០ ចែង​ថា សកម្មភាព​ទាំងឡាយ​ណា​ដែល​ធ្វើឡើង​ដោយ​មន្ត្រី​អាជ្ញាធរ​ដែនដី មន្ត្រី​នគរបាល មន្ត្រី​នៃ​កងយោធពល​ខេមរភូមិន្ទ ឬ​មន្ត្រី​អាជ្ញាធរ​ផ្សេង​ទៀត ដើម្បី​ធ្វើ​អន្តរាគមន៍​ផ្តល់​ការ​អនុញ្ញាត​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ជូន​ដល់​អាជីវកម្ម​ព្រៃឈើ និង​ធ្វើ​សកម្មភាព​គ្រប់​យ៉ាង​ផ្ទុយ​នឹង​បទប្បញ្ញត្តិ​នៃ​ច្បាប់​នេះ ត្រូវ​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​ពី​មួយ​ឆ្នាំ​ទៅ​ប្រាំ​ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន​ពី ១០​លាន​រៀល​ទៅ ១០០​លាន​រៀល៕