29.6 C
Phnom Penh

សកម្មជន​ថា​ការ​តែងតាំង​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃឈើ​ជា​ជំនួយការ​នាយករដ្ឋមន្ត្រី​ជះ​ឥទ្ធិពល​អាក្រក់​ដក់​សង្គម​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​បរិស្ថាន​អះអាង​ថា ការ​តែងតាំង​លោក លីម ប៊ុណ្ណា ហៅ​ខ្នា ដែល​ជា​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា ដែល​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ធ្លាប់​បញ្ជា​ឱ្យ​សមត្ថកិច្ច​ស៊ើបអង្កេត និង​អនុវត្ត​ច្បាប់​នោះ បាន​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សង្គម​ជាតិ។

កាលពី​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០២២ គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន បាន​សម្រេច​តែងតាំង​លោក លីម ប៊ុណ្ណា ហៅ​ខ្នា ជា​ជំនួយការ​លោក ហ៊ុន សែន ក្នុង​ឋានៈ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។

សកម្មជន​ការពារ​បរិស្ថាន លោក ហេង ស្រស់ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣០ សីហា នេះ​ថា ឧកញ៉ា លីម ប៊ុណ្ណា ជា​ឧក្រិដ្ឋជន​ម្នាក់​ដែល​រកស៊ី​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជា​តាំងពី​យូរ​ណាស់​មក​ហើយ។ មួយ​វិញ​ទៀត ឧកញ៉ា លីម ប៊ុណ្ណា ក៏​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ ហើយ​តុលាការ​ខេត្ត​មណ្ឌលគិរី ក៏​បាន​ចេញ​ដីកា​ចាប់​ខ្លួន​ឧកញ៉ា​ថែម​ទៀត។

លោក​សោកស្ដាយ​ណាស់​ដែល​រដ្ឋាភិបាល​មិន​បាន​អនុវត្ត​ច្បាប់ បែរ​ជា​តែងតាំង​ឧកញ៉ា​ដែល​បាន​កាប់​បំផ្លាញ​ព្រៃឈើ និង​រកស៊ី​ដឹក​ឈើ​ខុស​ច្បាប់​ទៅ​លក់​នៅ​វៀតណាម​ទៅវិញ។ លោក​បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត​នៅ​ពេល​ឃើញ​ឧក្រិដ្ឋជន​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាតិ​ត្រូវ​បាន​តែងតាំង និង​លើក​តម្កើង ហើយ​អ្នក​ដែល​ការពារ និង​ចូលរួម​ទប់ស្កាត់​ព្រៃឈើ បែរ​ជា​ត្រូវ​បាន​រដ្ឋាភិបាល​ចោទប្រកាន់​ថា​ជា​ជនល្មើស​ទៅវិញ។

លោក ហេង ស្រស់ ចាត់ទុក​ការ​តែងតាំង និង​លើក​តម្កើង​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃឈើ​ជា​ជន​ស្អាតស្អំ​មក​ដាក់​ជិត​ខ្លួន​បែប​នេះ មិន​ខុស​អ្វី​យក​ចោរ​មក​នៅ​ក្បែរ​ខ្លួន​នោះ​ឡើយ។ លោក​ចោទ​ជា​សំណួរ​ថា ហេតុ​អ្វី​បាន​ជា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន យក​ឧក្រិដ្ឋជន​ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​ធនធាន​ជាតិ​ធ្វើជា​ជំនួយការ​ទៅវិញ?

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា លោក​ចាត់ទុក​ការ​ចោទប្រកាន់​នេះ​ថា​ជា​ការ​លើកឡើង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់។ លោក​ថា ការ​តែងតាំង គឺ​ត្រូវ​បាន​ធ្វើឡើង​ដោយសារ​តែ​ពួកគេ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ ខណៈ​លោក ហ៊ុន សែន មិន​មែន​ចេះ​តែ​តែងតាំង​នោះ​ទេ។

កាលពី​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០១៦ កន្លងទៅ លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​លោក​អភិបាល​ខេត្ត​ត្បូងឃ្មុំ និង​អាជ្ញាធរ​ពាក់ព័ន្ធ ចាត់​វិធានការ​ឧកញ៉ា លីម ប៊ុណ្ណា ហៅ​ខ្នា ដែល​លោក​ហៅ​ថា​ជា​មេ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​ទៅ​លក់​នៅ​ប្រទេស​វៀតណាម។

ការ​ចេញ​បញ្ជា​ឲ្យ​ចាត់​វិធានការ​ក្រោយពី​សមត្ថកិច្ច​បាន​ស៊ើបអង្កេត​ដោយ​រក​ឃើញ​ថា ឧកញ៉ា លីម ប៊ុណ្ណា និង​ឧកញ៉ា​មួយ​រូប​ទៀត គឺជា​គោលដៅ​ចម្បង​នៃ​ការ​បង្ក្រាប​ពេល​នោះ។

ឧកញ៉ា លីម ប៊ុណ្ណា ហៅ​ខ្នា គឺជា​ឈ្មួញ​ដ៏​ល្បីល្បាញ​នៅ​ក្នុង​ខេត្ត​កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ជុំវិញ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រកព្រំដែន​មួយ​ចំនួន​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។ ជាង​នេះ​ទៅ​ទៀត នៅ​ពេល​ទទួល​បាន​អាជ្ញាប័ណ្ណ​ក្នុង​ការ​សម្អាត​ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ នៅ​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង គឺ​ឧកញ៉ា លីម ប៊ុណ្ណា ហៅ​ខ្នា បាន​កាប់​ឈើ​ប្រណីត​ក្នុង​ព្រៃ​សហគមន៍​ក្រៅ​បរិវេណ​បាត​អាង ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​ស្រេច​តែ​ទំនើងចិត្ត​ដែល​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​នោះ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស