អ្នកស្រី ជា សិរី កូនស្រី​របស់​លោក ជា ចាន់តូ អគ្គទេសាភិបាល​នៃ​ធនាគារ​ជាតិ​កម្ពុជា ត្រូវ​បាន​តែងតាំង​ជា​អគ្គទេសាភិបាល​នៃ​ធនាគារ​ជាតិ​កម្ពុជា​ជំនួស​ឪពុក។

នយោបាយ

អ្នកស្រី ជា សិរី ត្រូវ​បាន​តែងតាំង​តួនាទី​ជំនួស​ឪពុក​ជា​អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា

By ឌឹ ខេមបូឌា ដេលី

August 01, 2023

កូនស្រី​បង្កើត​អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​លោក ជា ចាន់តូ គឺ​អ្នកស្រី ជា សិរី ត្រូវ​បាន​តែងតាំង​ឱ្យ​ឡើង​កាន់​តំណែង​ជា​អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​ជំនួស​ឪពុក ខណៈ​កូនៗ​មន្ត្រី​រដ្ឋាភិបាល​គ្រាក់ៗ​ផ្សេង​ទៀត​ក៏​ចូល​ទៅ​កាន់​តំណែង​ជំនួស​ឪពុក​ដែរ បន្ទាប់ពី​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​ប្រកាស​ឱ្យ​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ជំនួស​លោក ហ៊ុន សែន ដែល​ជា​ឪពុក ដើម្បី​ត្រៀម​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​សម្រាប់​អាណត្តិ​ទី​៧ នេះ។

ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​តែងតាំង​អ្នកស្រី ជា សិរី ជា​អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​ជំនួស​លោក ជា ចាន់តូ កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២៣ តាម​ការ​ស្នើសុំ​របស់​លោក ហ៊ុន សែន ខណៈ​លោក សាយ សំអាត កូនប្រុស​លោក សាយ ឈុំ និង​លោក យឹម លាត កូនប្រុស​លោក យឹម ឆៃលី ក៏​បាន​ត្រូវ​តែងតាំង​ជា​អគ្គទេសាភិបាល​រង​នៃ​ធនាគារ​ជាតិ​កម្ពុជា​ផង​ដែរ។

ការ​ប្រកាស​តែងតាំង​កូន​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន បាន​ប្រកាស​លាលែង​តំណែង​ជា​នាយករដ្ឋមន្ត្រី និង​ប្រកាស​តែងតាំង​លោក ហ៊ុន ម៉ាណែត ដែល​ជា​កូនប្រុស​របស់​គាត់​ឱ្យ​ឡើង​កាន់​តំណែង​ជំនួស​ខ្លួន ដើម្បី​ដឹកនាំ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣១ កក្កដា នេះ​ថា ការ​ជំនួស​តំណែង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ពី​ឪពុក​ទៅ​កូន មិនមែន​ជា​រឿង​ចម្លែក​ទេ​សម្រាប់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ​បើ​មិន​ចង់​ឱ្យ​មាន​ការ​រៀបចំ​ប្រព័ន្ធ​បែប​នេះ មាន​តែ​បក្ស​ប្រឆាំង​ខិតខំ​កៀងគរ​រក​សំឡេង​គាំទ្រ​ពី​ពលរដ្ឋ ដើម្បី​ឱ្យ​ខ្លួន​ឈ្នះ​ឆ្នោត​ដឹកនាំ​រដ្ឋាភិបាល ឬ​មាន​សំឡេង​ក្នុង​រដ្ឋសភា​ដើម្បី​ធ្វើការ​កែប្រែ​ប៉ុណ្ណោះ។

លោក សេក សុជាតិ លើកឡើង​ថា តំណែង​តួនាទី​ដែល​ផ្តល់​ទៅ​ឱ្យ​អ្នក​ដែល​មាន​ចំណេះដឹង​ជ្រៅជ្រះ និង​មាន​បទពិសោធន៍ ព្រមទាំង​ធ្លាប់​ទទួល​បាន​ការ​បណ្តុះបណ្តាល​ខ្ពស់ គឺជា​រឿង​ល្អ ប៉ុន្តែ​អ្វីៗ​ក៏​ត្រូវតែ​ធ្វើឡើង​ឱ្យ​ស្រប​ទៅ​នឹង​ខ្លឹមសារ​ពិត និង​វត្ថុបំណង​ដែល​ប្រទេស​កម្ពុជា​ត្រូវ​បាន​កំណត់​ឱ្យ​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដែរ ដែល​មិនមែន​គ្រាន់តែ​មាន​រូបភាព​ជា​ប្រជាធិបតេយ្យ​នោះ​ទេ គឺជា​ប្រជាធិបតេយ្យ​ដែល​ធានា​នូវ​ប្រយោជន៍​សម្រាប់​ពលរដ្ឋ និង​ប្រទេស​ជាតិ​ទាំងមូល។

ទាក់ទិន​នឹង​បញ្ហា​នេះ បើ​ទោះបីជា​សមាសភាព​រដ្ឋាភិបាល​ថ្មី​ដែល​នឹង​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត មិនទាន់​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ក៏ដោយ ក៏​មាន​ការ​ទម្លាយ​ពី​រចនាសម្ព័ន្ធ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​រៀបចំ​ទុក​សម្រាប់​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត កាលពី​ថ្ងៃទី​១៩ ខែ​កក្កដា ឆ្នាំ​២០២៣ កន្លងទៅ​ដែរ ក្នុង​នោះ​លោក ហ៊ុន ម៉ាណែត នឹង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ជំនួស​លោក ហ៊ុន សែន លោក ស សុខា នឹង​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ជំនួស​លោក ស ខេង ខណៈ​លោក ទៀ សីហា ក៏​នឹង​កាន់​តំណែង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ជំនួស​លោក ទៀ បាញ់ ផង​ដែរ។

ជុំវិញ​ការ​ប្រកាស​ផ្ទេរ​អំណាច​ពី​ឪពុក​ទៅ​កូន​សម្រាប់​ដឹកនាំ​ប្រទេស​កម្ពុជា​នេះ សមាគម​អ្នក​សារព័ត៌មាន​កម្ពុជា ខេមបូចា បាន​លាតត្រដាង​ក្នុង​របាយការណ៍​ស៊ើប​អង្កេត​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា ពួកគេ​បាន​រក​ឃើញ​សែស្រឡាយ​បក្ខពួក​របស់​លោក ហ៊ុន សែន ជាច្រើន​នាក់​តាមរយៈ​បញ្ជី​ឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​រហូត​ដល់​ទៅ​ជិត ១​ភាគ​៤ ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​សម្រាប់​ការ​បោះឆ្នោត​អាណត្តិ​ទី​៧ នេះ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា កម្ពុជា​នៅ​ពេលនេះ​ប្រៀប​ដូចជា​ក្រុមហ៊ុន​ឯកជន​មួយ​របស់​គ្រួសារ​អ្នក​មាន​អំណាច​អ៊ីចឹង​ដែរ ព្រោះ​ពួកគេ​បាន​ដោះដូរ និង​តែងតាំង​កូនៗ​របស់​ពួកគេ​ឱ្យ​ជំនួស​តំណែង​របស់​ខ្លួន​តាម​អំពើ​ចិត្ត ខណៈ​ពលរដ្ឋ​ម្ចាស់​ប្រទេស​ត្រូវ​រស់នៅ​ក្រោម​ការ​គាបសង្កត់ និង​រង​នូវ​ការ​ភ័យខ្លាច និង​អត់ឃ្លាន​គ្រប់​ពេលវេលា៕