26 C
Phnom Penh

បុរស​ខ្លាំង​ដាក់​សាច់ញាតិ​ជិត ១/៤ នៃ​បេក្ខជន​តំណាងរាស្ត្រ​ឱ្យ​ឈរឈ្មោះ​នៅ​ឆ្នាំ​២០២៣

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​ក្រាញ​អំណាច​លោក ហ៊ុន សែន កំពុង​រៀប​ផែនការ​ដាក់​សែស្រឡាយ​បក្ខពួក និង​គ្រួសារ​របស់​គាត់​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ឱ្យ​ពួកគេ​ជួយ​គាំទ្រ​ដល់​រដ្ឋាភិបាល​ថ្មី​តាមរយៈ​ការ​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ នេះ ដែល​គ្រោង​នឹង​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត។

សាច់ញាតិ​ត្រកូល​ហ៊ុន​ជាច្រើន​នាក់ ត្រូវ​បាន​សមាគម​អ្នក​សារព័ត៌មាន​កម្ពុជា ខេមបូចា បាន​លាតត្រដាង​ក្នុង​របាយការណ៍​ស៊ើបអង្កេត​របស់​ខ្លួន​កាលពី​ថ្ងៃ​អង្គារ ទី​១៨ កក្កដា ថា ពួកគេ​បាន​រក​ឃើញ​សែស្រឡាយ​បក្ខពួក​របស់​លោក ហ៊ុន សែន ជាច្រើន​នាក់​តាមរយៈ​បញ្ជី​ឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​រហូត​ដល់​ទៅ​ជិត ១​ភាគ​៤ ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​សម្រាប់​ការ​បោះឆ្នោត​អាណត្តិ​ទី​៧ នេះ។

របាយការណ៍​ដដែល​នេះ​បង្ហាញ​ថា តាមរយៈ​បញ្ជី​ឈ្មោះ​ផ្លូវការ​នៃ​បេក្ខជន​តំណាងរាស្ត្រ​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ នេះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​រៀបចំ​សាច់ញាតិ​របស់​ខ្លួន​ឱ្យ​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​យ៉ាង​ប្រទាក់ក្រឡា​គ្នា​ចាក់ស្រេះ​តែម្តង ក្នុង​នោះ៖

  • លោក ហ៊ុន សែន ឈរឈ្មោះ​ជា​បេក្ខជន​ពេញ​សិទ្ធិ​លេខ​រៀង​ទី​១ ប្រចាំ​មណ្ឌល​ខេត្ត​កណ្តាល
  • លោក ហ៊ុន ម៉ាណែត ឈរឈ្មោះ​ជា​បេក្ខជន​ពេញ​សិទ្ធិ​លេខ​រៀង​ទី​១ នៅ​មណ្ឌល​ភ្នំពេញ
  • លោក ហ៊ុន ម៉ានី ជា​បេក្ខជន​ពេញ​សិទ្ធិ​លេខ​រៀង​ទី​២ នៅ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ
  • និង​លោក នឹម ច័ន្ទតារា ប្អូនថ្លៃ​របស់​លោក ហ៊ុន សែន ក៏​ឈរឈ្មោះ​ជា​បេក្ខជន​ពេញ​សិទ្ធិ​លេខ​រៀង​ទី​៤ នៅ​មណ្ឌល​ខេត្ត​កំពត ផង​ដែរ។

ចំណែក​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ឈរ​លេខ​រៀង​ទី​១ ហើយ​កូនប្រុស​របស់​គាត់ គឺ​លោក ទៀ សីហា ឈរ​លេខ​រៀង​ទី​៣ ជា​បេក្ខជន​តំណាងរាស្ត្រ​ពេញ​សិទ្ធិ​នៅ​ខេត្ត​សៀមរាប ដូច​គ្នា។

ដោយឡែក​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ក៏​បាន​ឈរឈ្មោះ​ជា​បេក្ខជន​ពេញ​សិទ្ធិ​លេខ​រៀង​ទី​១ មណ្ឌល​ខេត្ត​បាត់ដំបង និង​លោក ស សុខា កូនប្រុស​របស់​គាត់​ឈរឈ្មោះ​ជា​បេក្ខជន​ពេញ​សិទ្ធិ​លេខ​រៀង​ទី​២ នៅ​មណ្ឌល​ខេត្ត​ព្រៃវែង ផង​ដែរ។

ជាង​នេះ​ទៀត ឪពុក​ក្មេក​របស់​លោក ហ៊ុន ម៉ានី គឺ​លោក យឹម ឆៃលី ឈរឈ្មោះ​ជា​បេក្ខជន​ពេញ​សិទ្ធិ​លេខ​រៀង​ទី​១ នៅ​មណ្ឌល​ខេត្ត​កំពង់ចាម ហើយ​កូនប្រុស​របស់​គាត់ គឺ​លោក យឹម លាត ក៏​បាន​ឈរឈ្មោះ​ជា​បេក្ខជន​ពេញ​សិទ្ធិ​លេខ​រៀង​ទី​៤ នៅ​មណ្ឌល​ខេត្ត​កំពង់ធំ ថែម​ទៀត។

រីឯ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​កម្ពុជា​វិញ ឈរឈ្មោះ​ជា​បេក្ខជន​ពេញ​សិទ្ធិ​លេខ​រៀង​ទី​១ ប្រចាំ​មណ្ឌល​ខេត្ត​ត្បូងឃ្មុំ ចំណែក​កូនប្រសា​របស់​គាត់ គឺ​លោក វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា ក៏​បាន​ឈរឈ្មោះ​ជា​បេក្ខជន​ពេញ​សិទ្ធិ​លេខ​រៀង​ទី​៣ ប្រចាំ​មណ្ឌល​ខេត្ត​ត្បូងឃ្មុំ ដូច​គ្នា​ដែរ។

ក្រៅពី​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ខាងលើ មន្ត្រី​ដទៃ​ទៀត​ក៏​ត្រូវ​បាន​រៀបចំ​ឱ្យ​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ជា​លក្ខណៈ​គ្រួសារ​និយម​ដូច​គ្នា​ដែរ ដូចជា៖

  • លោក ប្រាក់ សុខុន និង​ភរិយា​របស់​គាត់ គឺ​អ្នកស្រី ខេង សំវ៉ាដា។
  • លោក តឹករ៉េត សំរេច រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ប្អូនស្រី​របស់​លោក គឺ​អ្នកស្រី តឹករ៉េត កំរង។
  • លោក ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ប្អូនថ្លៃ​របស់​លោក គឺ​លោក សាយ សំអាល់។
  • លោក ឆាយ ថន និង​កូនប្រុស​របស់​គាត់ គឺ​លោក ឆាយ ឫទ្ធីសែន។
  • លោក អ៊ុក រ៉ាប៊ុន និង​កូនប្រុស​របស់​គាត់ គឺ​លោក អ៊ុក ពញ្ញា។
  • លោក ជា សុផារ៉ា និង​កូនប្រសា​របស់​គាត់ គឺ​លោក អ៊ាង សុផល្លែត ជាដើម

ពួកគេ​ម្នាក់ៗ​កំពុង​ត្រៀម​ខ្លួន​ចូល​ទៅ​ក្នុង​រដ្ឋាភិបាល​ថ្មី​ដែល​គ្រោង​នឹង​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ក្រោយ​ការ​បោះឆ្នោត​នៅ​ចុង​ខែ​កក្កដា នេះ។

ទាក់ទិន​នឹង​ការ​ត្រៀម​ខ្លួន​ជួយ​ជ្រោមជ្រែង​អំណាច​ត្រកូល​ហ៊ុន​នេះ ក៏​មាន​ការ​ទម្លាយ​ពី​រចនាសម្ព័ន្ធ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​រៀបចំ​ទុក​សម្រាប់​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ផង​ដែរ ក្នុង​នោះ​លោក ហ៊ុន ម៉ាណែត កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ដែល​មាន​ឧបនាយករដ្ឋមន្ត្រី​ចំនួន ១០​រូប ដូចជា​លោក នេត សាវឿន លោក សាយ សំអាល់ និង​លោក ស សុខា ជាដើម។

ចំណែក​ទេសរដ្ឋមន្ត្រី​មាន​ចំនួន ១១​រូប ដូចជា​លោក គន់ គីម លោក ហូរ សិទ្ធី និង​លោក សក់ សេដ្ឋា ផង​ដែរ។ លើស​ពី​នេះ រដ្ឋមន្ត្រី​តាម​ក្រសួង​ស្ថាប័ន​នីមួយៗ​ក៏​ត្រូវ​ពួកគេ​ត្រៀម​ទុក​រួចរាល់​ដែរ ដូចជា​លោក ស សុខា នឹង​ត្រូវ​ជំនួស​លោក ស ខេង ឡើង​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ រីឯ​លោក ទៀ សីហា ក៏​នឹង​ត្រូវ​ជំនួស​លោក ទៀ បាញ់ កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ដូច​គ្នា​ដែរ។

ក្រៅពី​នេះ លោក សាយ សំអាល់ នឹង​ត្រូវ​ជំនួស​លោក ជា សុផារ៉ា កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខណៈ​លោក ហេង សួរ ក៏​នឹង​ត្រូវ​ជំនួស​លោក អ៊ិត សំហេង ឡើង​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។

មាត្រា​១ នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា ប្រទេស​កម្ពុជា​ជា​រាជាណាចក្រ​ដែល​ប្រតិបត្តិ​តាម​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ប៉ុន្តែ​កម្ពុជា​ដែល​ក្រោម​ការ​ត្រួតត្រា​អស់​រយៈពេល​ជាង ៤០​ឆ្នាំ​របស់​ក្រុម​លោក ហ៊ុន សែន ត្រូវ​គេ​មើល​ឃើញ​ថា ដែនដី​សុវណ្ណ​ភូមិ​មួយ​នេះ​កំពុង​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់គ្រង​តាម​បែប​គ្រួសារ​និយម​យ៉ាង​ណែន​នៅ​ក្នុង​ដៃ​ដូច​ប្រទេស​កុម្មុយនីស្ត​ផ្ដាច់ការ​កូរ៉េខាងជើង​ទៅ​ហើយ​សព្វថ្ងៃ​នេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស