អ្នកឃ្លាំមើលសង្គម លើកឡើងថា ជំនួបរវាងរដ្ឋបាលស្រុកមុខកំពូល ជាមួយឧកញ៉ា ឡេង ណាវ៉ាត្រា និងអតិថិជនរងគ្រោះនៅថ្ងៃពុធសប្តាហ៍នេះ (ថ្ងៃទី១០ មករា) ទំនងជាធ្វើឡើងក្នុងបំណងស្វែងរកការសម្រុះសម្រួលរវាងឧកញ៉ារូបនេះ និងអតិថិជនរងគ្រោះទាំងនោះ ប៉ុន្តែទំនងជាមិនអាចជោគជ័យទេ ពីព្រោះក្រុមហ៊ុនលក់អចលនទ្រព្យបុរី ឡេង ណាវ៉ាត្រា កំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដែលអាចគ្មានលុយសងអតិថិជនរងគ្រោះទាំងនោះទេ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវលោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៨ ខែមករា នេះថា ការចេញលិខិតឱ្យម្ចាស់បុរី និងអតិថិជនជួបគ្នាដោយផ្ទាល់ដើម្បីដោះស្រាយ គឺជាវិធីល្អមួយ បើទោះបីជាដំណើរការនេះហាក់មិនមានពន្លឺក្នុងការរកដំណោះស្រាយក៏ដោយ ក៏អាចធ្វើឱ្យអតិថិជនរងគ្រោះបានដឹងច្បាស់ពីការបកស្រាយរបស់ភាគីម្ចាស់បុរីដោយផ្ទាល់នៅចំពោះមុខរបស់ពួកគេដែរ ក្នុងនោះ អាជ្ញាធរគួរជំរុញឱ្យមានការចុះកិច្ចសន្យាជាលាយលក្ខណ៍អក្សរពីឧកញ៉ា ឡេង ណាវ៉ាត្រា ចំពោះអតិថិជនរងគ្រោះទាំងនោះ។
លោកអះអាងថា ឧកញ៉ា ឡេង ណាវ៉ាត្រា អាចស្វែងរកការការបណ្ដាក់ទុនបន្ថែមពីដៃគូវិនិយោគរបស់ខ្លួន ដើម្បីប្រមូលថវិកាយកមកដោះស្រាយជូនអតិថិជនរងគ្រោះដែលក្រុមហ៊ុនបុរីរបស់គាត់ខកខានសាងសង់ផ្ទះជូនអតិថិជនតាមកិច្ចសន្យាកន្លងមក ព្រោះថា ពេលនេះអតិថិជនទាំងនោះស្ទើរតែលែងត្រូវការការសន្យាណាមួយពីក្រុមហ៊ុនទៅហើយ ព្រោះថាពួកគេនៅមានទំនុកចិត្តលើកិច្ចសន្យារបស់ក្រុមហ៊ុនតែបន្តិចបន្តួចប៉ុណ្ណោះនៅពេលនេះ។
លោក សេក សុជាតិ ព្រមានថា ដើម្បីធានានិរន្តរភាពមុខជំនួញ និងកេរ្តិ៍ឈ្មោះក្នុងវិស័យអាជីវកម្មតទៅថ្ងៃមុខ ឧកញ៉ា ឡេង ណាវ៉ាត្រា គ្មានជម្រើសណាល្អក្រៅតែពីចេញមុខដោះស្រាយបញ្ហាជូនអតិថិជនដែលមិនទាន់ទទួលបានផ្ទះតាមកិច្ចព្រមព្រៀងពីក្រុមហ៊ុនកន្លងមកនោះទេ។ ផ្ទុយទៅវិញ បើគាត់នៅតែបណ្តែតបណ្តោយឱ្យបញ្ហានេះចេះតែអូសបន្លាយដោយគ្មានដំណោះស្រាយ នោះមានន័យថា គាត់កំពុងតែបញ្ចប់មុខជំនួញរបស់គាត់ដោយខ្លួនឯងប៉ុណ្ណោះ។
កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលស្រុកមុខកំពូល ខេត្តកណ្តាល បានចេញលិខិតមួយទៅកាន់ឧកញ៉ា ឡេង ណាវ៉ាត្រា ក្នុងបំណងឱ្យម្ចាស់បុរីរូបនេះចូលខ្លួនដោះស្រាយបញ្ហាជាមួយអតិថិជនដែលបានទិញផ្ទះពីក្រុមហ៊ុនរបស់គាត់ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ដែលនឹងធ្វើឡើងនៅក្នុងអគាររដ្ឋបាលស្រុកតែម្តង។
លិខិតដដែលបញ្ជាក់ថា អតិថិជនរងគ្រោះពីបុរីឧកញ៉ា ឡេង ណាវ៉ាត្រា ជាច្រើន បានដាក់លិខិតស្នើសុំឱ្យរដ្ឋបាលស្រុកជួយអន្តរាគមន៍លើបញ្ហានេះ បន្ទាប់ពីអតិថិជនទាំងនោះបានទិញផ្ទះពីក្រុមហ៊ុន ហ្កាឡាក់ស៊ី ឡេង ណាវ៉ាត្រា គ្រុប ក្នុងគម្រោងផ្លូវជាតិ 6A ដែលមានទីតាំងស្ថិតនៅឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្តាល មិនទទួលបានផ្ទះតាមកិច្ចព្រមព្រៀងពីក្រុមហ៊ុនរហូតមក។
ក្នុងរយៈពេលចុងក្រោយនេះ អតិថិជនដែលបានទិញផ្ទះពីក្រុមហ៊ុនរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា បាននាំគ្នាចេញមុខតវ៉ាទាមទារឱ្យឧកញ៉ារូបនេះសាងសង់ផ្ទះឱ្យពួកគេដូចដែលមានចែងក្នុងកិច្ចព្រមព្រៀងទិញលក់ផ្ទះ ដែលពួកគេបានផ្ដិតស្នាមមេដៃធ្វើជាភស្តុតាងជាមួយក្រុមហ៊ុនកន្លងមក ក្នុងនោះ អតិថិជនខ្លះបានទិញផ្ទះពីបុរីឧកញ៉ា ឡេង ណាវ៉ាត្រា តាំងពីឆ្នាំ២០២០ មក ប៉ុន្តែរហូតដល់ពេលនេះ ពួកគេមិនទាន់ឃើញផ្ទះដែលពួកគេបានទិញនោះសាងសង់ចេញជារូបរាងនៅឡើយទេ ខណៈពេលវេលាបានហួសកាលកំណត់ដែលបានចែងក្នុងកិច្ចសន្យាដល់ទៅរាប់ខែទៅហើយនោះ។
ជាក់ស្តែង អតិថិជនរងគ្រោះម្នាក់ក្នុងចំណោមអតិថិជនរងគ្រោះជាច្រើនទៀតដែលមានឈ្មោះថា ជុំ សូគ្រឹះ បានទម្លាយថា រូបគេបានចុះកិច្ចសន្យាផ្ដិតមេដៃទិញផ្ទះពីក្រុមហ៊ុន ហ្កាឡាក់ស៊ី ឡេង ណាវ៉ាត្រា ក្នុងគម្រោងបុរី ចាស្មីន កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ដែលត្រូវបង់រំលស់ប្រចាំខែក្នុងទំហំទឹកប្រាក់ ២២០ដុល្លារ ឬ ៨៨ម៉ឺនរៀលក្នុង ១ខែជារៀងរាល់ដើមខែ ប៉ុន្តែរហូតដល់ពេលនេះ ផ្ទះដែលគេបានទិញមិនទាន់ឃើញស្រមោលនៅឡើយទេ៕