32.3 C
Phnom Penh

អតិថិជន​រងគ្រោះ​ថា​ក្រុមហ៊ុន​ឧកញ៉ា ឡេង ណាវ៉ាត្រា រំលោភ​កិច្ចសន្យា​អស់​រយៈពេល​៣​ឆ្នាំ​ដោយ​មិន​សង់​ផ្ទះ​តាម​កិច្ចព្រមព្រៀង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតិថិជន​រងគ្រោះ​ពី​ការ​ទិញ​លំនៅឋាន​ក្នុង​បុរី​អ្នកឧកញ៉ា ឡេង ណាវ៉ា លាតត្រដាង​ថា ក្រុមហ៊ុន​អចលនទ្រព្យ​បុរី​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បាន​រំលោភ​កិច្ចសន្យា​ទិញ​លក់​ផ្ទះ​ជាមួយ​ខ្លួន​ជាង ៣​ឆ្នាំ​មក​ហើយ ព្រោះ​ក្រុមហ៊ុន​នៅ​មិន​ទាន់​បាន​សាងសង់​ផ្ទះ​តាម​កិច្ចសន្យា​ឱ្យ​ខ្លួន​ដូច​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​នៅឡើយ។

ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ Kreas In ដែល​មាន​ឈ្មោះ​ពិត​ថា ជុំ សូគ្រឹះ បាន​បង្ហាញ​កិច្ចសន្យា​ទិញ​ផ្ទះ​ពី​បុរី ចាស្មីន វីឡា របស់​ក្រុមហ៊ុន​ហ្កាឡាក់ស៊ី ឡេង ណាវ៉ាត្រា គ្រុប ជា​សាធារណៈ​កាលពី​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ​ថា ខ្លួន​បាន​ទិញ​ផ្ទះ​នៅ​បុរី ឡេង ណាវ៉ាត្រា នៅ​ផ្លូវជាតិ​លេខ​៣ ដោយ​ផ្ដិត​មេដៃ​លើ​កិច្ចសន្យា​ដែល​ក្រុមហ៊ុន​អះអាង​ថា នឹង​ធ្វើ​ផ្ទះ​ដែល​ខ្លួន​បាន​ទិញ​ឱ្យ​រួចរាល់​ក្នុង​រយៈពេល ៣​ឆ្នាំ ប៉ុន្តែ​មក​ដល់​ពេលនេះ បុរី​មួយ​នេះ​នៅ​មិន​បាន​បំពេញ​តួនាទី​របស់​ខ្លួន​តាម​កិច្ចព្រមព្រៀង​ទេ ហើយ​សូម្បី​ស្រមោល​ផ្ទះ​ក៏​មិន​ដែល​ឃើញ​ដែរ។

អតិថិជន​ដដែល​បញ្ជាក់​ថា ខ្លួន​បាន​សួរ​ទៅ​កាន់​បុគ្គលិក​របស់​ក្រុមហ៊ុន​ដែរ ប៉ុន្តែ​ភាគី​ក្រុមហ៊ុន​បាន​លើក​យក​កិច្ចសន្យា​មក​អះអាង​ថា ខាង​ក្រុមហ៊ុន​នឹង​សង​លុយ​ឱ្យ​ខ្លួន​វិញ​នៅ​ពេល​ដែល​ក្រុមហ៊ុន​សង់​ផ្ទះ​រួចរាល់​ក្នុង ១​ខែ ១០០​ដុល្លារ​អាមេរិក ឬ ៤០​ម៉ឺន​រៀល ចំពោះ​ការ​យឺតយ៉ាវ​កន្លង​មក ប៉ុន្តែ​ផ្ទុយទៅវិញ គម្រោង​ដែល​ក្រុមហ៊ុន​ត្រូវ​សាងសង់​លើ​ទីតាំង​ដែល​បាន​កំណត់​ក្នុង​កិច្ចសន្យា ក្រុមហ៊ុន​បាន​លុប​ចោល​វិញ​អស់​ហើយ ហើយ​ក្រុមហ៊ុន​តម្រូវ​ឱ្យ​អតិថិជន​ទាំងអស់​ប្តូរ​ទៅ​ទីតាំង​ថ្មី​តាម​ការ​កំណត់​របស់​ខ្លួន​វិញ ដោយ​មិន​អនុញ្ញាត​ឱ្យ​អតិថិជន​ជ្រើសរើស​ទេ ក្រោម​ហេតុផល​ថា ក្រុមហ៊ុន​មិន​មាន​ផ្ទះ​គ្រប់គ្រាន់​តាម​ចំនួន​អតិថិជន​នៅ​ពេលនេះ។

អតិថិជន​រងគ្រោះ​ពី​ការ​ទិញ​លំនៅឋាន​ក្នុង​បុរី​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រូប​នេះ​សួរ​ថា តើ​រូបគេ​គួរ​បន្ត​ទុកចិត្ត​ក្រុមហ៊ុន​ទៀត​ដែរ​ឬ​ទេ នៅ​ពេល​ដែល​ខ្លួន​ទាមទារ​សំណង​មក​វិញ ភាគី​ក្រុមហ៊ុន​អះអាង​ថា គេ​នឹង​សង​លុយ​ដើម​ត្រឡប់​ទៅវិញ​តែ ៥០% ប៉ុណ្ណោះ ស្រប​ពេល​ដែល​លោក​ជា​អតិថិជន​ត្រូវ​បាន​ក្រុមហ៊ុន​តម្រូវ​ឱ្យ​បង់​លុយ​តាម​ពេលវេលា​ជាក់លាក់ រួម​នឹង​ទាំង​ការ​បង់​លុយ​រំលស់​ប្រចាំ​ខែ​មិន​ដែល​យឺតយ៉ាវ​ម្តង​ណា​ផង​នោះ។

ប្រភព​ដដែល​បញ្ជាក់​ថា ក្នុង​នាម​ខ្លួន​ជា​អតិថិជន​ដែល​ទិញ​ផ្ទះ​ពី​បុរី ចាស្មីន (Jasmin) នេះ មិន​មែន​ក្នុង​បំណង​ដើម្បី​តែ​ចង់​បាន​លុយ​សំណង​យឺតយ៉ាវ​របស់​ក្រុមហ៊ុន ១០០​ដុល្លារ​នោះ​ទេ គឺ​ចង់​បាន​ផ្ទះ​ទៅ​តាម​កិច្ចសន្យា​ប៉ុណ្ណោះ ដូច្នេះ​ម្ចាស់​ក្រុមហ៊ុន​គួរតែ​បកស្រាយ​ពី​ទង្វើ​រំលោភ​កិច្ចសន្យា​របស់​ខ្លួន​ឱ្យ​អតិថិជន​រងគ្រោះ​ដទៃ​ទៀត​បាន​ដឹង​ផង។

ក្រុមហ៊ុន​អចលនទ្រព្យ​លក់​ដី​លក់​ផ្ទះល្វែង​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា ក្នុង​រយៈពេល ១​ឆ្នាំ​ចុងក្រោយ​នេះ បាន​ផ្ទុះ​ការ​តវ៉ា​ពី​អតិថិជន​ជា​បន្តបន្ទាប់ ក្រោយ​ក្រុមហ៊ុន​រំលោភ​កិច្ចសន្យា​យក​លុយ​ពី​អតិថិជន តែ​មិន​ព្រម​សង់​ផ្ទះ​ឱ្យ​ពួកគេ​នោះ។

អតិថិជន​រងគ្រោះ​ពី​ការ​ទិញ​លំនៅឋាន​ក្នុង​បុរី​ឧកញ៉ា ឡេង ណាវ៉ាត្រា ឈ្មោះ ជុំ សូគ្រឹះ បាន​ចុះ​កិច្ចសន្យា​ផ្ដិត​មេដៃ​ទិញ​ផ្ទះ​ពី​ក្រុមហ៊ុន ហ្កាឡាក់ស៊ី ឡេង ណាវ៉ាត្រា គ្រុប ក្នុង​គម្រោង​បុរី ចាស្មីន កាលពី​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០២០ ដែល​ត្រូវ​បង់​រំលស់​ប្រចាំ​ខែ​ក្នុង​ទំហំ​ទឹកប្រាក់ ២២០​ដុល្លារ ឬ ៨៨​ម៉ឺន​រៀល​ក្នុង ១​ខែ​ជា​រៀងរាល់​ដើម​ខែ។

ក្នុង​លិខិត​បង់​រំលស់​ប្រាក់ បញ្ជាក់​ថា ការ​បង់​រំលស់​នេះ ត្រូវ​គិត​ការប្រាក់ ១% ខណៈ​អតិថិជន​រូប​នេះ​បាន​បង់​លុយ​ទៅ​ឱ្យ​ក្រុមហ៊ុន​ប្រចាំ​ខែ​បាន​ចំនួន ៤០​ខែ​ហើយ ឬ ៣​ឆ្នាំ​កន្លះ ដែល​គិត​ជា​ប្រាក់​សរុប​មាន​ចំនួន​ជិត ១​ម៉ឺន​ដុល្លារ​អាមេរិក (៨៨០០​ដុល្លារ) គិត​ត្រឹម​ថ្ងៃទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ ប៉ុន្តែ​លិខិត​ដដែល​នេះ​បញ្ជាក់​បន្ថែម​ថា អតិថិជន​រូប​នេះ​ត្រូវ​បង់​ប្រាក់​ចំនួន ២៣២​ខែ ឬ ២៧​ឆ្នាំ​កន្លះ (២៧​ឆ្នាំ ៥​ខែ) ដែល​គិត​ជា​ទឹកប្រាក់​សរុប​មាន​ចំនួន​ដល់​ទៅ​ជាង ៥​ម៉ឺន​ដុល្លារ​អាមេរិក (៥១០៤០​ដុល្លារ) ឯណោះ​សម្រាប់​ផ្ទះ​ដែល​គេ​បាន​ទិញ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ អតិថិជន​រងគ្រោះ​ពី​ការ​ទិញ​លំនៅឋាន​ក្នុង​បុរី​ឧកញ៉ា ឡេង ណាវ៉ាត្រា មួយ​រូប​ផ្សេង​ទៀត​ឈ្មោះ សេង លីហួរ ក៏​បាន​ទម្លាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​ដែរ​ថា រូបគេ​បាន​ទិញ​ផ្ទះ​ពី​បុរី ឡេង ណាវ៉ាត្រា នៅ​ផ្លូវជាតិ​លេខ​6A ដោយ​ចុះ​កិច្ចសន្យា​រយៈពេល ២៤​ខែ ក្រុមហ៊ុន​នឹង​សង់​ផ្ទះ​ឱ្យ​រួចរាល់ ប៉ុន្តែ​មក​ដល់​ពេលនេះ ក្រុមហ៊ុន​មិន​ទាន់​បាន​សង់​ផ្ទះ​ឱ្យ​ខ្លួន​នៅឡើយ​ទេ គិត​ចាប់តាំងពី​ថ្ងៃទី​១២ ខែ​តុលា ឆ្នាំ​២០២១ មក។

ប្រភព​ដដែល​បញ្ជាក់​ថា គម្រោង​ដែល​ត្រូវ​សាងសង់​លើ​ទីតាំង​ក្នុង​កិច្ចសន្យា ក្រុមហ៊ុន​មិន​បាន​ចាក់​ដី​ដើម្បី​សាងសង់​ទេ ខណៈ​ទីតាំង​គម្រោង​នោះ​ស្ថិត​នៅ​លើ​ដី​លិច​ទឹក​ដូច​ដើម​នៅឡើយ ប៉ុន្តែ​ក្រុមហ៊ុន​បាន​តម្រូវ​ឱ្យ​អតិថិជន​ប្តូរ​ទីតាំង​របស់​ខ្លួន​ទៅ​តាម​ការ​ណែនាំ​របស់​ក្រុមហ៊ុន ឬ​ដាក់​លក់​គម្រោង​របស់​ខ្លួន​វិញ​តែម្តង ប៉ុន្តែ​អតិថិជន​រូប​នេះ​បញ្ជាក់​ថា តើ​ឱ្យ​រូបគេ​លក់​វិញ​ដោយ​របៀប​ណា បើ​ទីតាំង​គម្រោង​នេះ​នៅ​លិច​ទឹក​នៅឡើយ​នោះ ខណៈ​រូបគេ​ក៏​បាន​បង់​លុយ​ផ្តាច់​ទៅ​ឱ្យ​ក្រុមហ៊ុន​ចំនួន​ជិត ២​ម៉ឺន​ដុល្លារ​អាមេរិក​ទៅ​ហើយ​នោះ (១៧៨០០​ដុល្លារ)។

ក្នុង​រយៈពេល ១​ឆ្នាំ​ចុងក្រោយ​នេះ ឧកញ៉ា ឡេង ភត្ត្រា ហៅ ឡេង ណាវ៉ាត្រា ត្រូវ​អតិថិជន​ទម្លាយ​ពី​ការ​រំលោភ​កិច្ចសន្យា​ទិញ​លក់​ដី និង​ផ្ទះល្វែង​ជា​បន្តបន្ទាប់ ប៉ុន្តែ​ឧកញ៉ា​រូប​នេះ​មិន​បាន​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​ចប់​ចុង​ចប់​ដើម​ទេ ដោយ​គ្រាន់តែ​ប្រើ​វិធីសាស្ត្រ​ដោះ​ទាល់​មួយ​គ្រាៗ​ប៉ុណ្ណោះ ខណៈ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក៏​មិន​បាន​ចាត់​វិធានការ​ច្បាប់​ដោះស្រាយ​លើ​ករណី​រំលោភ​សេចក្តី​ទុកចិត្ត​នេះ​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា លោក ឡេង ណាវ៉ាត្រា គ្រាន់តែ​ជា​ឧបករណ៍​របស់​គ្រួសារ​ហ៊ុន ដែល​ផ្តល់​ងារ​ជា​ឧកញ៉ា​ឱ្យ ហើយ​ឈរឈ្មោះ​ឲ្យ​ក្រុម​គ្រួសារ​ហ៊ុន​ក្នុង​ជំនួញ​រកស៊ី​សាងសង់​ផ្ទះ​លក់ ដើម្បី​បិទ​បាំង​រូបភាព​លាង​លុយ​កខ្វក់​តែប៉ុណ្ណោះ។

លោក គឹម សុខ អះអាង​ថា គ្មាន​អ្នក​ណា​អាច​ដើរ​វាស់​យក​ដី​បាន​ច្រើន​កន្លែង ហើយ​មួយ​កន្លែងៗ​មាន​ទំហំ​រាប់​រយ​ហិកតារ​តាម​ទំនើង​ចិត្ត​នោះ​ទេ ប្រសិនបើ​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​មិន​វាស់​ឲ្យ ដើម្បី​យក​ទៅ​បង្កើត​រូបភាព​ជំនួញ​សាងសង់​ផ្ទះ​ល្វែង​លក់​បិទ​បាំង​ការ​លាង​លុយ​កខ្វក់​របស់​ពួកគេ​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស